រាជធានីភ្នំពេញ៖ ក្រោយពីបែកធ្លាយរូបភាពបុរសម្នាក់ ដែលបណ្តាញសារព័ត៌មានបានចុះផ្សាយថាជាឃាតករបាញ់សម្លាប់​នាយរងការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ក្នុងហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នៅ​មុខ​ ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​  បុរសជាម្ចាស់រូបភាពបានបញ្ជាក់ប្រាប់ សារព័ត៌មានក្នុងស្រុក តាមទូរសព្ទ័នាព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ នេះថា រូបលោកមិនមែនជាឃាតុករដែលសមត្ថកិច្ចកំពុងតែតាមប្រម៉ាញ់នោះទេ ពោលគឺគាត់សព្វថ្ងៃគាត់កំពុងប្រកបការងារធ្វើស្រែចំការនៅ ស្រុកត្រពាំងប្រាសាទជាធម្មតា។

លោកថា រូបភាពដែលបណ្តាញសង្គមហ្វេសប៊ុគ និងសារព័ត៌មានភាគច្រើនបានផ្សព្វផ្សាយ គឺជារូបភាពតាំងពី៧ឆ្នាំមុនមកម្លេះ ។

រូបលោកមានឈ្មោះ លីម ឈាង សព្វថ្ងៃជាកសិកធ្វើស្រែចំការ រស់នៅភូមិទួលតាសេក ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ។

ជាមួយគ្នានេះដែរលោកក៏បានស្នើរសុំអោយបណ្តាញសង្គមហ្វេសប៊ុក និងសារព័ត៌មានដែលបានយករូបថតរបស់លោកហើយសរសេរថា ជាជនសង្ស័យឃាតករបាញ់សម្លាប់មន្ត្រីនគរបាល មេត្តាជួយកែតម្រូវ ព្រោះវាប៉ះពាល់ដល់កត្តិយសគាត់ជាខ្លាំង ៕