ខេត្តមណ្ឌលគិរី៖ ​​ដំរីព្រៃ​ចំនួន​២​ហ្វូង កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ បានចូលមកអុកឡុក និង​​បំផ្លាញ​ផលដំណាំ ​បង្ក​ឲ្យ​​ប្រជាពលរដ្ឋ រស់នៅក្នុង​ឃុំ​​​ប៉ក់​ញ៉ៃ និង​ឃុំ​យ៉ា​ទុង ស្ថិតក្នុងស្រុក​អូរ​យ៉ា​ដាវ​ ខេត្តរតនគិរី មានការភ័យខ្លាច​។​

លោក ស៊ឹម លីន អភិបាលរងស្រុកអូរយ៉ាដាវ បាន​ឲ្យ​ដឹងថា ហ្វូង​សត្វ​ដំរីព្រៃទាំង​នេះ មាន​ប្រមាណ​ជាង១៥​ក្បាល ដើរ​ចល័ត ​នៅក្នុង​ឃុំ​ប៉ក់​ញ៉ៃ និង​ឃុំ​យ៉ា​ទុង នា​ពេលយប់។ រីឯចរិតរបស់ពួកវាមាន​ភាព​​កាច​សាហាវ ហើយពួកវាបាន​ដើរបំផ្លាញផល​ដំណាំ​បំ​, ​​ស៊ី​ស្រូវ​ និង​បំផ្លាញសម្ភារ​របស់អ្នកភូមិផងដែរ។​

លោក​អភិបាលរងស្រុក បាន​បន្ដថា ក្រោយពេលមានសេចក្ដីរាយការណ៍បែបនេះ លោក​បាន​ដឹកនាំ​កម្លាំងប្រដាប់អាវុធ រួមមាន​ កម្លាំង​សឹក​រង​ស្រុក​​ កម្លាំង​នគរ​បាល​​ស្រុក និង​កម្លាំង​បរិស្ថាន​ឧទ្យាន​ជាតិ​អូ​រយ៉ា​ដាវ ចុះទៅ​ធ្វើអន្តរាគមន៍​ នៅ​ក្នុងឃុំ​យ៉ា​ទុង ​​ស្រុក​អូ​រយ៉ា​ដាវ ​។​

លោក​អភិបាលរងស្រុក បានបញ្ជាក់ថា ហ្វូង​ដំរីព្រៃ នៅ​ក្នុង​ឧទ្យាន​ជាតិ​ស្រុក​អូ​រយ៉ា​ដាវ នេះមាន​ប្រហែល​៤០​ទៅ​៥០​ក្បាល ហើយ​​​ដំរីព្រៃ​ទាំងនេះ​បាន​ដើរ​ដាច់​ហ្វូង​ពីគ្នា​។​ ប៉ុន្ដែដោយសារ​​សំណូមពរ ពី​ប្រជាពលរដ្ឋ​ឲ្យ​ដាក់​កងកម្លាំងប្រដាប់អាវុធ​ប្រចាំការផងនោះ ទើប​​គណៈ​បញ្ជាការ​ឯកភាពរ​ដ្ឋ​បាល​ស្រុក បានសម្រេច​ដាក់​កម្លាំង​ចំនួន​២​គោលដៅ គឺ​នៅភូមិ​ដ​​តូច​ ចំនួន​៤​នាក់ និង​ភូមិ​ខ្វែង​ ចំនួន​៤​នាក់ (​ឃុំ​យ៉ា​ទុង​) ដោយសហការ​ជាមួយ​កម្លាំង​ប្រជាពលរដ្ឋ នៅក្នុងភូមិ តាម​យាម​ឃ្លាំមើល​ហ្វូង​​​ដំរីព្រៃទាំង​នេះ​។​

តំណាង​ប្រជាពលរដ្ឋ រស់នៅ​​​ឃុំ​យ៉ា​ទុង បាន​ឲ្យ​ដឹង​​ថា ក្នុងរយៈពេល​៥​ទៅ​៦​ថ្ងៃនេះ ហ្វូង​​​ដំរីព្រៃ តែងតែចូល​មកក្នុងភូមិ​របស់ពួកគាត់ ហើយពួកវាបាន​បំផ្លាញ​ខ្ទម​ចាំចម្ការ ​អស់​ចំនួន​១០​ខ្នង​, ស្រូវ​ចំនួន​៥៩​បាវ​, ដើម​ចន្ទី​ចំនួន​១០​ដើម​, ម៉ាស៊ីន​កាត់​ស្មៅ​៣​គ្រឿង​, ម៉ាស៊ីន​បាញ់​ស្មៅ​៤​គ្រឿង និង​សម្ភារ​ចានឆ្នាំង​មួយចំនួន​ទៀត​​​។

អ្នកភូមិដដែល បានបញ្ជាក់ថា ដោយសារតែសកម្មភាពរបស់​ហ្វូង​​​ដំរីព្រៃ​ខាងលើនេះ ទើបពួកគាត់​សំណូមពរ​ឲ្យ​សមត្ថកិច្ច​ជំនាញ និង​ស្ថាប័ន​ពាក់ព័ន្ធ​កៀង​​​ដំរី​ទាំងនោះ​ ឲ្យចូលទៅក្នុង​ព្រៃធំ​វិញ ដើម្បី​បង្ការ​ហានិភ័យ​ដល់​កូនចៅ​របស់ពួកគាត់ ខណៈកំពុងធ្វើដំណើរ​ នៅពេល​យប់ ​ដូចជា​ឈឺ​ស្កាត់​ និងដឹកបញ្ជូនស្ត្រី​ឈឺពោះ​ ទៅកាន់​មណ្ឌល​សុខភាព។បើតាមអ្នកជំនាញបរទេស បានឲ្យដឹងថា​ បណ្ដាប្រទេសមួយចំនួន នៅតំបន់អាហ្វ្រិក ក៏មានករណីដំរីព្រៃចូលមកអុកឡុក និងបំផ្លាញផលដំណាំរបស់អ្នកស្រុកអ៊ីចឹងដែរ។ ប៉ុន្ដែក្រោយមក ពួកគាត់បានចិញ្ចឹមឃ្មុំ ធ្វើជារបង នៅតាមចម្ការទាំងនោះ ទើបដំរីលែងចូលមកឆាឆៅ ឬបំផ្លាញដំណាំទាំងនោះ។ ការចិញ្ចឹមឃ្មុំបែបនេះ គឺកសិករបានទាំងទឹកឃ្មុំលក់បានលុយផង និងរារាំងដល់សត្វដំរីផង ព្រោះដំរី ថ្វីត្បិតតែវាមានមាឌធំជាងគេនៅលើផែនដីនេះមែនតែវាក្លាយសត្វល្អិតទាំងនោះ៕