ស្រាវជ្រាវដោយ ឈឹម សេរីភួន៖ ក្រោយរំលាយរដ្ឋាភិបាលរបស់គណបក្សប្រជាធិបតេយ្យ ដែលឈ្នះឆ្នោតមក ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ១៩៥២ ព្រះមហាក្សត្រនរោត្តម សីហនុ បានរៀបចំរាជរដ្ឋាភិបាលថ្មីមួយ ដោយព្រះអង្គសម្រេចព្រះទ័យ ធ្វើជានាយរដ្ឋមន្ត្រីផ្ទាល់តែម្ដង ហើយព្រះអងង្គបានប្រកាសសន្យាថា នឹងទាមទារឯករាជ្យពីប្រទេសបារាំង ឱ្យបានមកវិញក្នុងរយៈពេលយ៉ាងយូរ៣ឆ្នាំ។ ការរំលាយរដ្ឋាភិបាលរបស់គណបក្សប្រជាធិបតេយ្យដែលឈ្នះឆ្នោតនេះ គឺប្រៀបដូចជាការធ្វើរដ្ឋប្រហារមួយដែរ ហើយនេះមិនមែនគ្រាន់តែជាការខឹងសម្បាររបស់ព្រះមហាក្សត្រនរោត្តម សីហនុ ជាមួយមេដឹកនាំគណបក្សប្រជាធិបតេយ្យនោះទេ តែក៏ជាការបំបាក់របស់ពួកបារាំង មកលើអ្នកប្រជាធិបតេយ្យ ដែលប្រឆាំងនឹងបារាំងនោះផងដែរ ព្រោះនៅពេលរំលាយរាជរដ្ឋាភិបាលរបស់គណបក្សប្រជាធិបតេយ្យ និងបង្កើតរាជរដ្ឋាភិបាលថ្មីនោះ បារាំងបានបញ្ចេញរថក្រោះ និងរថពាសដែកជាច្រើន ឲ្យបើកល្បាតចុះឡើងតាមមហាវិថីនានា ពេញទីក្រុងភ្នំពេញ ហើយលោកហ្សង់ ឡឺ ទួណូ(Jean Le Tourneau)ជារដ្ឋមន្ត្រីទទួលបន្ទុករដ្ឋជាសមាជិកសហភាពបារាំង បានប្រកាសយ៉ាងច្បាស់ថា៖ បារាំង នឹងមិនធ្វើសម្បទានអ្វីចំពោះគណបក្សប្រជាធិបតេយ្យ ជាដាច់ខាត។ ពិសេសក្រោយព្រះមហាក្សត្រនរោត្តម សីហនុ រំលាយរាជរដ្ឋាភិបាល និងសភាមក មន្ត្រីគណបក្សប្រជាធិបតេយ្យមានការព្រួយបារម្ភពីសុវត្ថិភាពរបស់ខ្លួនគ្រប់ៗគ្នា ព្រោះត្រូវរងការចោទប្រកាន់ថា អ្នកបង្កចលាចលដល់សង្គមជាតិ។ ងូ សុចាយ , ញឹក សួង , កញ្ញាវណ្ណ ស៊ី និងមន្រ្តីគណបក្សមួយចំនួនទៀត ត្រូវប៉ូលិសចាប់ដាក់ពន្ធនាគារ(គុកធំ) នៅខាងក្រោយវត្តឧណ្ណាលោម។
ងួន ឆាយគ្រី ជាមន្រ្តីរបស់គណបក្សប្រជាធិបតេយ្យ ក៏បានប្រាប់សឺន សាន ជាមិត្តភក្ដិថា ក្នុងពេលឆាប់ៗនេះនឹងដល់វេនត្រូវចាប់ខ្លួនលោក (សឺន សាន) ហើយ។ សឺន សានក៏បានប្រាប់ទៅងួន ឆាយគ្រី វិញថា សូមផ្ដាំទៅអ្នកដែលមករកចាប់ខ្ញុំផងថា៖ បើចង់មកចាប់ខ្ញុំនៅពេលថ្ងៃ សូមមកចាប់នៅផ្ទះរបស់ខ្ញុំផ្ទាល់ ឬនៅហាងអូប៉ឺទីបារាំង ព្រោះខ្ញុំមានការិយាល័យមួយនៅហាងនោះដែរ។ តែបើចង់មករកចាប់ខ្ញុំនៅពេលល្ងាច បើមិនឃើញខ្ញុំសម្រាកនៅផ្ទះទេ សូមទៅរកខ្ញុំនៅរោងកុន នឹងបានឃើញហើយ។ ប៉ុន្តែដំណឹងនៃការតាមរកចាប់សឺន សាននោះ គ្រាន់តែជាពាក្យចរចាមអារ៉ាមប៉ុណ្ណោះ ។ ផ្ទុយទៅវិញ មានមនុស្សជិតស្និទ្ធនឹងព្រះមហាក្សត្រម្នាក់ បានព្យាយាមមកទាក់ទងសឺន សាន នៅហាងអូប៉ឺទី បារីសនោះ ចំនួន៣លើក ដើម្បីឲ្យគាត់យល់ព្រមទៅចូលរួមជាមួយព្រះមហាក្សត្រនរោត្តម សីហនុ ដើម្បីទាមទារឯករាជ្យពីបារាំង ទៅវិញ ។ដំបូង សឺន សាន គិតថាលែងចង់ប្រឡូកនឹងឆាកនយោបាយទៀតហើយ ប៉ុន្តែក្រោយមក គាត់ក៏យល់ព្រមព្រោះគិតឃើញថា ព្រះមហាក្សត្រប្រហែលជាមានព្រះតំរិះ ចង់ធ្វើការសម្របសម្រួលជាមួយអ្នកប្រជាធិបតេយ្យហើយ មើលទៅ ។ ក្រោយពីព្រះមហាក្សត្រនរោត្តម សីហនុ ប្រកាសសន្យាទាមទារឯករាជ្យពីប្រទេសបារាំង ឱ្យបានក្នុងរយៈពេលយ៉ាងយូរ៣ឆ្នាំនោះមក មេឥស្សរៈឈ្មោះ ចាន់ តារា បានបើកអង្គប្រជុំប្រជាជន និងកងទ័ពឥស្សរៈ ដែលនៅក្រោមបញ្ជាគាត់ទាំងអស់ ឲ្យបានដឹងពីការប្រកាសទាមទារឯករាជ្យរបស់ព្រះមហាក្សត្រនេះដែរ ហើយគាត់បានធ្វើការស្ទាបស្ទង់មតិ ឃើញថា ប្រជាជន និងកងទ័ពឥស្សរៈទាំងអស់នោះ ពួកគេបានឯកភាពគ្នា គាំទ្រព្រះមហាក្សត្រ ១០០ភាគរយ ព្រោះបំណងដ៏ធំបំផុតនៃការតស៊ូរបស់ពួកគេ គឺឯករាជ្យនេះឯង ។ ប៉ុន្តែក្នុងចំណោមខ្មែរឥស្សរៈដែលមកពីទឹកដីកម្ពុជាក្រោម មានពាក់កណ្ដាលគាំទ្រការប្រកាសទាមទារឯករាជ្យរបស់ព្រះមហាក្សត្រ និងពាក់កណ្ដាលទៀត មិនទាន់ហ៊ានសម្រេចចិត្តយ៉ាងណានៅឡើយទេ។
ក្រោយពីប្រជុំស្ទាបស្ទង់មតិរួចហើយ ចាន់ តារា បានស្នើសុំឲ្យប្រជាជនមានការស្ងប់ស្ងៀមសិន និងឲ្យត្រៀមខ្លួនបន្តការតស៊ូបន្តទៀត ហើយគាត់បានលើកហេតុផលថា សម្ដេចសីហនុ ដែលបានឡើងសោយរាជ្យសម្បត្តិពីឆ្នាំ១៩៤១មកនោះ ក៏ដោយសារតែពួកបារាំង ជាអ្នកលើកបន្តុបដែរ ដូច្នេះតើឲ្យព្រះអង្គទាមទារឯករាជ្យពីបារាំង យ៉ាងដូចម្ដេចទៅ? ។ ចាន់ តារា បានពន្យល់ប្រាប់ប្រជាជនទៀតថា សម្ដេចសីហនុ ត្រូវរ៉ូវគ្នាជាមួយបារាំង ហើយបារាំងប្រាកដជាមិនព្រមប្រគល់ឯករាជ្យឲ្យព្រះអង្គដោយងាយៗ តាមការទាមទារនោះទេ ដូច្នេះយើងត្រូវតែរួបរួមគ្នាប្រយុទ្ធប្រឆាំងជាមួយបារាំង បន្តទៀត ហើយកុំជឿតាមការសន្យារបស់សម្ដេចសីហនុ ឲ្យសោះ ព្រោះនេះគ្រាន់តែជាល្បិចបោកបញ្ឆោតរបស់ព្រះអង្គ និងបារាំង តែប៉ុណ្ណោះ ។ ចាន់ តារា បានសន្យានៅក្នុងអង្គប្រជុំថា គាត់នឹងដឹកនាំតស៊ូដណ្ដើមឯករាជ្យពីបារាំង មកជូនមាតុភូមិប្រទេសវិញ ក្នុងរយៈពេល៣ឆ្នាំ ដូចការសន្យារបស់សម្ដេចសីហនុដែរ ។ ប៉ុន្តែក្រោយពីការប្រកាសដូច្នេះ មិនបានប៉ុន្មានសប្ដាហ៍ផង នៅក្នុងខែវិច្ឆិកា ចាន់ តារា បាននាំសហការីជំនិតចំនួន៧នាក់ទៀត ទៅចុះចូលជាមួយព្រះមហាក្សត្រនរោត្តម សីហនុ និងពួកបារាំង ទៅវិញ ហើយពួកឥស្សរៈជាក្រុមតូចៗផ្សេងៗទៀត ក៏បាននាំគ្នាពិចារណាក្នុងការទំលាក់អាវុធចុះចូលព្រះមហាក្សត្រនរោត្តម សីហនុ និងពួកបារាំង ដូច ចាន់ តារា ដែរ។ទោះបីជាយ៉ាងនេះក៏ដោយ ក៏ពួកខ្មែរឥស្សរៈផ្សេងៗទៀត ពិសេសកងទ័ពឥស្សរៈ ដែលនៅក្រោមការដឹកនាំរបស់សឺង ង៉ុកមិញ និងទូ សាមុត នៅតែបន្តសហការយ៉ាងជិតស្និទ្ធជាមួយកងទ័ពវៀតមិញ ដើម្បីប្រឆាំងនឹងបារាំងដដែល។ ចំណែកពួកមេដឹកនាំវៀតមិញ ចាត់ទុកថា ការសន្យាទាមទារឯករាជ្យពីប្រទេសបារាំង របស់ព្រះមហាក្សត្រនរោត្តម សីហនុនេះ គឺជាការបោកប្រាស់ទាំងស្រុង ហើយការប្រកាសទាមទារនេះ នឹងធ្វើឲ្យចលនាទាមទារខ្មែរឥស្សរៈត្រូវខាតបង់ផងដែរ ។ (វាយអត្ថបទដោយ៖ កញ្ញា កៅ សុផានីត)