រាជធានីភ្នំពេញ៖ នាថ្ងៃព្រហស្បតិ៍ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ធនាគារ អេស៊ីលីដា ភីអិលស៊ី “ប្រជាធនាគារដែលលោកអ្នកជឿទុកចិត្ត” បានប្រារព្ធពិធីដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៃនិមិត្តសញ្ញាថ្មីរបស់ធនាគារ អេស៊ីលីដា  ភីអិលស៊ី។

នៅក្នុងពិធីនោះដែរ លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​មាន​ប្រសាសន៍ថា ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​ផ្លាស់ប្តូរ​រូបរាង​ស្លាកសញ្ញា​ថ្មី ដោយ​រក្សា​នូវ​និមិត្តរូប អត្តសញ្ញាណ និង​អត្ថន័យ​ដែល​ធនាគារ​បាន​កសាង​ជាង​២៩ឆ្នាំកន្លង​មក។ ស្លាកសញ្ញាថ្មី ធនាគារ អេស៊ីលីដា ភីអិលស៊ី ជា “និមិត្តរូបបក្សីសួគ៌” ឈរ​នៅ​ចំ​កណ្តាល​រង្វង់មូល​ពណ៌ខៀវទឹកប៊ិក ដែល​បង្ហាញ​ពី​ភាពរឹងមាំ និង​វឌ្ឍនភាព​ប្រកប​ដោយ​ចីរភាព។

រូបរាងស្លាកសញ្ញាថ្មី​ របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី មានដូចខាងក្រោម៖

គោលបំណង នៃ​ការផ្លាស់ប្តូរ​ស្លាកសញ្ញា​ថ្មី របស់​ធនាគារ​ស្រប​តាម ទស្សនៈ បេសកកម្ម យុទ្ធសាស្រ្ត និង​ការអភិវឌ្ឍបច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ទាន់សម័យ​ជា​សកល។ ចំណែក​ពណ៌​នៃ​ស្លាកសញ្ញា​ថ្មី គឺ​មាន​បីពណ៌ គឺពណ៌ស ពណ៌មាស និងពណ៌ខៀវទឹកប៊ិក។

  • អត្ថន័យ នៃពណ៌​ស្លាកសញ្ញាថ្មីរបស់ ធនាគារ អេស៊ីលីដា ភីអិលស៊ី
  • ពណ៌ ស៖ អភិសមាចារ (តម្លាភាព​ ភាពស្មោះត្រង់ និងសុចរិតភាព)
  • ពណ៌ មាស៖ គុណតម្លៃ និងគុណភាព
  • ពណ៌ ​ខៀវទឹកប៊ិក៖ សាមគ្គីភាព ស្ថិរភាព និងសុវត្ថិភាព

រីឯពណ៌ទាំងបីបញ្ចូលគ្នាប្រៀបទៅនឹងគ្រាប់ពូជ​​​ និងធនធានដែលបានរីកដុះដាល និងអភិវឌ្ឍក្នុងវិស័យហិរញ្ញវត្ថុ​ ប្រកបដោយចីរភាព។ ស្លាកសញ្ញា​ថ្មីនេះ ​នឹង​រៀបចំ​ដាក់​ឲ្យ​ប្រើប្រាស់ ជាផ្លូវការ​ចាប់​ពី​ខែមករា ឆ្នាំ២០២១​ ខាងមុខនេះ។

បណ្ឌិត អ៊ិន ចាន់នី បានមានប្រសាសន៍បន្ថែមទៀតថា យើងមានសេចក្តីរីករាយ ដែលបានរួមចំណែកកសាងនូវប្រយោជន៍សម្រាប់ជាតិប្រកប ដោយកតញ្ញូ និងកតវេទី។ នេះជាស្នាដៃបានកើតឡើងពីធនធានមនុស្សដែលជាកម្មករនិយោជិតជនជាតិខ្មែរ និងមានការគាំទ្រយ៉ាងពេញទំហឹងពីរាជរដ្ឋាភិបាលជាពិសេស ធនាគារជាតិនៃ​កម្ពុជា អតិថិជន និងសាធារណជន ដែលបានកសាងសមិទ្ធផលជាប្រយោជន៍យ៉ាងច្រើនជាបន្តបន្ទាប់។

អំពីធនាគារ អេស៊ីលីដា ភីអិលស៊ី

ធនាគារ អេស៊ីលីដា ភីអិលស៊ី មានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន ០៤ (បួន) គឺអេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា ធនាគារ អេស៊ីលីដា ឡាវ លីមីធីត និងស្ថាប័ន មីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា និងព្រមទាំងមានការិយាល័យតំណាងនៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។ គិតត្រឹមដំណាច់ខែកញ្ញា ឆ្នាំ២០២០ នេះ ធនាគារ អេស៊ីលីដា ភីអិលស៊ី មានទ្រព្យសកម្មសរុបចំនួន ២៦,១០ ទ្រីលានរៀល (ឬ ៦,៣៧ ប៊ីលានដុល្លារអាមេរិក) សមតុល្យ ឥណទានសរុបចំនួន ១៦,៩៩ ទ្រីលានរៀល (ឬ ៤,១៤ ប៊ីលានដុល្លារអាមេរិក) និងប្រាក់បញ្ញើសន្សំសរុបចំនួន ១៨,៥៦ ទ្រីលានរៀល (ឬ ៤,៥៣ ប៊ីលានដុល្លារអាមេរិក) និងចំនួនអ្នកចុះឈ្មោះប្រើប្រាស់សេវាធនាគារ ឌីជីថល អេស៊ីលីដា ទាន់ចិត្ត ច្រើនជា ១,៦២លាននាក់ គិតត្រឹមដំណាច់ខែកញ្ញា ឆ្នាំ២០២០ ៕

ព័ត៌មានលំអិតយ៉ាងណាសូមប្រិយមិត្តអញ្ជើញចុចលើលីងដើម្បីជ្រាបព័ត៌មានឲ្យកាន់តែច្បាស់ www.acledabank.com.kh/kh/khm/ps_ebacledamobile