រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ នេះ សមត្ថកិច្ចបានរកឃើញឡាន Lexus RX300 ពណ៌ខ្មៅ ពាក់ផ្លាកលេខ សៀមរាប 2A-4546 តែត្រូវបានដកផ្លាកលេខចេញ នៅចំណុចសង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដែល​គេ​អះ​អាង​ថា ជារថយន្ត​​របស់​​ខ្មាន់កាំភ្លើង ​បាញ់សម្លាប់លោកនាយ​រង​ការិ​យា​ល័យ​កំរិត​ស្រាល​នៃ​ស្នងការ​រាជធានី​ភ្នំពេញ​ និងជាថៅ​កែ​ហាង​លក់បាយ ចំនួន៩គ្រាប់​​ បណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាមយ៉ាងរន្ធត់ ផ្តើមពីរទំនាស់គ្រោះថ្នាក់ចរាចរណ៍​ កាលពី​រំលង​អធ្រាត្រចូលថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ២០២០នេះ ​។

ក្រោយការរកឃើញនេះ សមត្ថកិច្ចក៏បានហៅម្ចាស់ផ្ទះសួរនាំ ដើម្បីរកតម្រុយឃាតក ដែលបានបាញ់សម្លាប់លោក រ៉េត ស៊ីណែត នាយរងព្រហ្មទណ្ឌកម្រិតស្រាល ។
លោកឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ ថ្លែងប្រាប់សារព័ត៌មានថា ម្ចាស់ផ្ទះនេះមិនពាក់ព័ន្ធទេ គឺ សមត្ថកិច្ចអនុញ្ញាតអោយត្រឡប់ទៅវិញហើយ ៕