ធ្វើស្រែខុសមួយឆ្នាំត្រូវមួយឆ្នាំ តែបើទុកដាក់កូនចៅឲ្យមានប្ដី មានប្រពន្ធខុសមួយឆ្នាំ គឺ ខុសមួយជីវិត នេះគឺជាពាក្យចាស់បុរាណដែលតែងតែនិយាយតៗគ្នាមកសម្រាប់ក្រើនរំលឹក ដល់កូនចៅមុននឹងសម្រេចចិត្តថា នឹងទទួលយកបុរសនារីណាជាប្ដីប្រពន្ធ ។ ចុះក្នុងនាមជាបុរសតើត្រូវជ្រើសរើសនារីដែលមានលក្ខណៈសម្បត្តិបែបណាដើម្បីយកមកធ្វើជាគូអនាគតរបស់ខ្លួន ?

ដើម្បីជៀសវាងការទទួលរងនូវសេចក្ដីឈឺចាប់ និងស្ដាយក្រោយបុរសគ្រប់រូបគួរ ណាស់សង្កេតមើលលក្ខណៈរបស់នារីដូចខាងក្រោមដើម្បីឲ្យខ្លួនទទួលបាននារីដែលល្អ និងនាំមកនូវសុខសុភមង្គលឲ្យខ្លួននៅពេលក្លាយជាមិត្តមួយរយឆ្នាំ ។ នារីនោះគួរមានលក្ខណៈ ដូចខាងក្រោម ៖

១. ជានារីដែលមាន ប្រាជ្ញាស្មារតី សតិអារម្មណ៍ស្វាហាប់ រហ័សរហួន ឆាប់ដឹង យល់ហេតុការណ៍ មិនចាំបាច់ណែនាំច្រើន ។
២- ជានារីដែលមានគំនិតឆ្លាតវាងវៃ ចេះច្នៃប្រឌិត ជាមនុស្សចេះអភិវឌ្ឍខ្លួន មិនធ្វើខុសដដែលៗ ។
៣- ជានារីមិនខ្ជិលច្រអូស មិនទំរន់ មិនចេះពន្យាពេលក្នុងការធ្វើកិច្ចការ ។
៤-ជានារីចេះជួយរក ចេះសន្សំសំចៃ និងទុកដាក់ទ្រព្យរបស់ ។
៥-ជានារីមានកាអៀនខ្មាស និងមានចរិតថ្លៃថ្នូរ ។
៦-ជានារីមានសន្ដានចិត្តល្អ មិនចិត្តស្រាលឆាប់ឆេវឆាវ និងខឹងច្រឡោតតោតតូង ។
៧-ជានារីចេះរៀបចំខ្លួនបានល្អ មានក្លិនខ្លួនក្រអូបសក់គ្មានចៃ ឬអង្គែ សម្លៀកបំពាក់ភ្លឺស្អាតជាទីពេញចិត្តនៃស្វាមី ។
៨-ជានារីមានចិត្តជាកណ្ដាលមិនលម្អៀងខាងសាច់ញាតិខាងណាមួយឡើយ ។
៩-ជានារីមានការងារធ្វើ ឬជំនាញច្បាស់លាស់ ត្រូវមានការងារធ្វើច្បាស់លាស់មិនមែនមនុស្ស តែលតោល ។
១០-ជានារីមានចំណេះដឹងស្មើ ឬទាបជាងខ្លួន ។
១១-ជានារីមានឥរិយាបថ អត្តចរិត អាកប្បកិរិយា មារយាទល្អត្រឹមត្រូវថ្លៃថ្នូរ ៕