ស្រាវជ្រាវដោយ ឈឹម សេរីភួន៖ នៅភូមិភាគបូព៌ា ទូ សាមុត ហៅអាចារ្យសុខ និងកែវ មុនី ហៅអាចារ្យម៉ូ បានបំផុសចលនាតស៊ូនៅក្នុងជួរព្រះសង្ឃ យ៉ាងសកម្មបំផុត។ នៅក្នុងខែកុម្ភៈ ឆ្នាំ១៩៥២ ព្រះសង្ឃចំនួន៤០អង្គ មកពីវត្តជាច្រើននៅក្នុងភូមិភាគបូព៌ា បាននិមន្តចូលមកប្រជុំជាមួយ ទូ សាមុត (អាចារ្យសុខ) និងកែវ មុនី(អាចារ្យម៉ូ) ហើយព្រះសង្ឃទាំង៤០អង្គនោះ បានប្រកាសគាំទ្ររណសិរ្សឯកភាពឥស្សរៈ (UIF) ទាំងស្រុង ។ បន្ទាប់មកទៀត នៅក្នុងខែតុលា ព្រះសង្ឃមកពីវត្តចំនួន៣ នៅក្នុងស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម ក៏បានចូលមកប្រជុំតាមការនិមន្តរបស់ ទូ សាមុត (អាចារ្យសុខ) និងកែវ មុនី (អាចារ្យម៉ូ) ហើយបានប្រកាសគាំទ្ររណឯកភាពឥស្សរៈ (UIF) នោះ ដូចកាលពីប្រជុំព្រះសង្ឃចំនួន៤០អង្គ លើកទី១នោះដែរ ។
ក្រោយមកទៀត មានរបាយការណ៍មួយបានឲ្យដឹងថា មានព្រះសង្ឃចំនួន៧០០អង្គ មកពីវត្តចំនួន២៤ ក្នុងខេត្តព្រៃវែង ត្រូវបានចុះឈ្មោះជាសមាជិករណសិរ្សឯកភាពជាឥស្សរៈ (UIF) ហើយក្នុងនោះ ក៏មានព្រះសង្ឃមួយចំនួនតូច ក៏បានបញ្ចូលជាបក្ខជនត្រៀមរបស់បក្សប្រជាជនបដិវត្តន៍ខ្មែរ ផងដែរ តែមុននឹងក្លាយទៅជាបក្ខជនពេញសិទ្ធិ ត្រូវនៅជាបក្ខជនត្រៀម រយៈពេល៩ខែសិន ទើបបំពេញឱ្យទៅជាបក្ខជនពេញសិទ្ធិ ព្រោះព្រះសង្ឃត្រូវបានបក្សចាត់ទុកជាវណ្ណៈជិះជាន់ពលកម្មគេ (ដេកចាំតែស៊ីស្រាប់) ខណៈដែលអ្នកតស៊ូចេញមកពីវណ្ណៈកសិករ-កម្មករ ជាអ្នកបញ្ចេញពលកម្មយ៉ាងធ្ងន់ធ្ងរ ត្រូវនៅជាបក្ខជនត្រៀម ក្នុងរយៈតែ៣ខែ ទៅ៦ខែប៉ុណ្ណោះ នឹងបានបំពេញទៅជាបេក្ខជនពេញសិទ្ធិ ។
នៅក្នុងខែមេសា ឆ្នាំ១៩៥២ វិទ្យុផ្សាយសំឡេងរបស់វៀតមិញ ឈ្មោះសំឡេង ណាំបូ បានដកស្រង់ដីការបស់ព្រះសង្ឃខ្មែរមួយអង្គ ដែលនិមន្តទៅប្រទេសវៀតណាម នោះថា ព្រះអង្គសូមបដិសេធចំពោះការឃោសនារបស់បារាំង ដែលថា ពួកវៀតមិញ ជាអ្នកបង្កើតចលនាតស៊ូខ្មែរឥស្សរៈ និងជាអ្នកចូលមកឈ្លានពាននៅក្នុងទឹកដីខ្មែរ ។ មិនតែប៉ុណ្ណោះព្រះសង្ឃអង្គនោះបានទាំងប្រកាសថា ពួកបារាំងបានសម្លាប់ព្រះសង្ឃខ្មែរជាច្រើនអង្គទៀតផង ។ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ១៩៥២ វិទ្យុវៀតមិញដដែលនោះ ក៏បានផ្សាយព័ត៌មានស្ដីពីការប្រារព្ធខួបលើកទី២ នៃការប្រកាសប្រទេសកម្ពុជា ទទួលបានឯករាជ្យកាលពីឆ្នាំ១៩៥០ របស់ សឺង ង៉ុកមិញ ហើយបានធ្វើអត្ថាធិប្បាយបន្ថែមថា បុព្វហេតុតស៊ូប្រយុទ្ធរបស់ប្រជាជនខ្មែរ ជារឿងត្រឹមត្រូវ និងស្របតាមទ្រឹស្ដីរបស់ព្រះពុទ្ធសាសនាទៀតផង ។ (វាយអត្ថបទដោយ៖ កញ្ញា កៅ សុផានីត)