យល់ដឹង៖ រឿងដ៏សែនចំឡែកមួយដែលបានកើតឡើងនៅប្រទេសអ៊ីតាលី នៃការបាត់ខ្លួនរបស់រថភ្លើងមួយដ៏អាថ៌កំបាំងអស់រយៈពេល៤២ឆ្នាំនឹងគ្មានដំណឹងសោះ តែសុខៗក៏បានលេចចេញមកវិញ នៃពេលក្បួនរថភ្លើងមួយខ្សែដឹកអ្នកដំណើរ បានបើកទៅចូលរូងភ្នំមួយកន្លែង ស្ថិតនៅឆ្នាំ១៩៤៩ ប៉ុន្តែនៅសុខៗក៏ស្រាប់តែលេចចេញមកវិញដូចសភាពដើមគ្រប់យ៉ាងទាំងស្រុងនៅឆ្នាំ១៩៩១។ប៉ុន្តែអ្វីដែលចម្លែកខ្លាំងនោះ គឺអ្នកដំណើរចំនួន១២០នាក់ អ្នកបុគ្គលិករថយន្តភ្លើងចំនួន៣នាក់ទៀត នៅមានអាយុនិងរូបរាងដូចកាលពីពេលបាត់ខ្លួនចូលទៅកាន់ផ្លូវឆ្លងកាត់រូងភ្នំនោះដដែល គ្មាននរណាម្នាក់កើនអាយុ និងប្ដូរមុខមាត់ទៅជាចាស់ឡើយ រូបរាងនៅដូចមុនដដែល ហើយពួកគនៅជឿថារាល់ថ្ងៃនេះនៅតែជាឆ្នាំ១៩៤៩ដដែល ។

រដ្ឋាភិបាលអ៊ីតាលីបានលាក់រឿងនេះយ៉ាងសម្ងាត់បំផុត និងមិនព្រមនិយាយប្រាប់ពីក្បួនរថភ្លើងមួយខ្សែលេខF626នេះឡើយ និងថែមមិនព្រមនិយាយប្រាប់ទៀតថា តើយកក្បួនរថភ្លើងមួយខ្សែរនេះទៅទុកនៅទីណាទៀតផង មិនត្រឹមតែប៉ុណ្ណោះក្រុមមន្រ្តីរបស់រដ្ឋាភិបាលនៅបានតាមសង្កេតមើលក្រុមអ្នកដំណើរទាំងអស់នោះទៀតផង លើកលែងតែ២នាក់ដែលជាជនបរទេសដែលត្រូវបានរត់គេចខ្លួនពីការសាកសួរព័ត៌មាន។ចំណែកបុគ្គលិករថភ្លើង៣នាក់ទៀតនោះ រដ្ឋាភិបាលបានរក្សាទុកនៅកន្លែងយ៉ាងសម្ងាត់មួយដែលមិនបង្ហើបប្រាប់សាធារណៈជនឲ្យបានដឹងឡើយ។

ព័ត៌មាននៃការបាត់ខ្លួនរបស់ក្បួនរថភ្លើងលេខF626 ដែលបានបាត់ខ្លួនយ៉ាងអាថ៌កំបាំងរយះពេល៤២ឆ្នាំ និងត្រូវបានលេចចេញមកវិញនោះ ទោះជាខាងរដ្ឋាភិបាលខំបិទបាំងយ៉ាងណាក៏ដោយ តែដោយសារតែព័ត៌មានអ៊ីតាលីស្ទើតែគ្រប់ច្បាប់នៅតែតាមដានរឿងនេះជាប់ជានិច្ច។សាកស្សីដែលបានដឹងរឿងពីកន្លែងកើតហេតុបានបង្ហើបប្រាប់ឲ្យដឹងថា តាំងពីពេលចាប់ផ្ដើមចេញដំណើរ ក្បួនរថភ្លើងមួយខ្សែរនេះមានទាំងអស់១៣ទូ បានបាត់សូន្យឈឹងទៅក្នុងផ្លូវរថភ្លើងទៅក្នុងរោងភ្នំយ៉ាងអាថ៌កំបាំង មិនព្រមលេចចេញនូវផ្លូវរោងភ្នំម្ខាងទៀតឡើយ ក្រុមមន្ត្រីក៏បានធ្វើការបិទផ្លូវរោងភ្នំនោះ ដើម្បីធ្វើការរុករកដែលមានទាំងប៉ូលិស និងអ្នកវិទ្យាសាស្រ្តផងដែរ ដោយបាននាំគ្នារុករកគ្រប់ទិសទីតែមិនឃើញមានតម្រុយឬស្លាកស្នាមអ្វីបន្តិចសោះឡើយ ថាតើហេតុអ្វីបានជាវាទៅជាបាត់បង់បែបនេះ។ ផ្លូវរថភ្លើងត្រូវបានរើចេញ ហើយយកមកដាក់ជាថ្មីនៅពេលដែលគេបាននាំគ្នារុករកហើយតែមិនឃើញ ធ្វើឲ្យមនុស្សជាច្រើនយល់ថា មនុស្សពិភពផ្កាយចុះមកចាប់យកក្បួនរថភ្លើងមួយខ្សែនេះយកទៅជាក់ជាមិនខាន ។

យោងទៅតាមរបាយការណ៍សារព័ត៌មាន ផ្លូវរថភ្លើងកាត់រូងភ្នំនោះត្រូវបានបើកឲ្យដំណើរការវិញនៅឆ្នាំ១៩៥០ តាំងតែពីពេលនោះមក ទោះបីជាមានក្បួនរថភ្លើងឆ្លងកាត់ទៅមករាប់ពាន់ខ្សែក៏ដោយ ក៏គ្មានឧបសគ្គហេតុចំឡែកណាមួយត្រូវបានកើតឡើងទៀតឡើយ។ តែទោះជាយ៉ាងណាក៏ដោយ ពេញមួយរយះពេលច្រើនឆ្នាំមកនេះ ក៏នៅតែមានអ្នកព្យាយាមតាមរកក្បួនរថភ្លើងលេខF626នេះដែរ តែជួបតែភាពទទេស្អាតដដែល ហើយក៏មានអ្នកខ្លះសរុបថាក្បួនរថភ្លើងមួយខ្សែនេះត្រូវបានរុំព័ទ្ធទៅដោយពេលវេលា ហើយធ្វើដំណើរឆ្ពោះទៅអនាគតដ៏សែនឆ្ងាយមួយ។នៅពេលរដ្ឋាភិបាលបិទព័ត៌មាន សារព័ត៌មាននៅក្នុងប្រទេសអ៊ីតាលីក៏ព្យាយាមក្នុងការបើកកកាយឡើង។ នៅទីបំផុតសារព័ត៌មាន(Room Daily)ដែលលក់ដាច់ច្រើនជាងបំផុតនោះ ក៏បានទៅរុករកខ្សែអាត់សម្លេងរបស់ម៉ារីតូ ហ្រេនស៊ីនី ( Mario Francesini) ដែលជាជាងម៉ាស៊ីននៅលើរថភ្លើងមួយខ្សែរនោះមកផ្សព្វផ្សាយដែលមានរឿងរ៉ាវដូចតទៅ៖

ខណៈពេលដែលក្បួនរថភ្លើងបើកចូលទៅក្នុងរូងភ្នំនោះ មិនយូរប៉ុន្មានក៏មានផ្សែងអពពណ៌សយ៉ាងក្រាស់ក្រែលអណ្ដែតមក ពេលនោះខ្ញុំមានអារម្មណ៍ថាខួរក្បាលវិលវល់យ៉ាងខ្លាំង បន្ទាប់ពីនោះមកស្មារតីលែងដឹងខ្លួនតែម្ដង ពេលដឹងខ្លួនឡើងវិញនៅពេលដែលក្បួនរថភ្លើងបានចេញផុតពីរូងភ្នំនោះបាត់ទៅហើយ យើងគិតថាពេលវេលាប្រហែលជាឆ្ងាយពីគ្នាមិនដល់មួយនាទីផង តែមានឯណានៅពេលដែលក្បួនរថភ្លើងរបស់យើងត្រឡប់មកស្ថានីយ៍វិញ ទើបបានដឹងថាវាឆ្ងាយពីគ្នារហូតទៅដល់៤២ឆ្នាំឯណោះ នេះជាអ្វីដែលខ្ញុំដឹង។អ្នកដំណើរឯទៀតៗក៏រាយការណ៍ស្រដែងៗគ្នានេះដែរ ថាមានផ្សែងអពធ្លាក់ចុះមកយ៉ាងក្រាស់ក្រែល ពេលចូលទៅដល់ក្នុងរូងភ្នំនោះ រួចហើយក៏លែងដឹងខ្លួនតែម្ដង។អ្នកដំណើរនៅក្នុងរថភ្លើងF626 ដែលជាជនជាតិ២នាក់ មួយជាជនជាតិអាឡឺម៉ង និងមួយទៀតជាជនជាតិអាហ្រ្វិកខាងត្បូង ត្រូវបានអ្នកសារព័ត៌មានជានជាតិអ៊ីតាលីទូរស័ព្ទទៅបន្លំសាកសួរដោយអះអាងថា ខ្លួនជាអ្នកដំណើរនៅក្នុងរថភ្លើងនេះដែរ។ រឿងរ៉ាវបែបនេះក៏ធ្លាប់បានកើតឡើងនៅលើទឹកដីសហរដ្ឋអាមេរិកដែរ នាវាអ៊ីនសារ៉ា(Insara) ដែលជានាវាការពារកាប៉ាល់ប្រយុទ្ធរបស់សហរដ្ឋអាមេរិក នៅសុខៗក៏បានបាត់ខ្លួនយ៉ាងអាថ៌កំបាំងចេញពីកំពង់ផែនៅឯហ្វីឡាប៊ែលហ្វែល(Philadelphia)ក្នុងកំឡុងពេលសង្រ្គាមលោកលើកទី២ តែរួចហើយនៅសុខៗក៏ស្រាប់តែបង្ហាញខ្លួននៅឯកំពង់ផែកង់ទ័ពជើងទឹកណហ្វដ (Nofford)ដែលមកដល់សព្វថ្ងៃនេះក៏នៅតែរកចម្លើយមិនទាន់ឃើញដដែរ។ រឿងទាំងអស់នេះគឺជាភាពអាថ៌កំបាំងរបស់ពិភពលោក ដែលពិបាកនឹងអធិប្បាយណាស់ ស្មុគស្មាញនិងគួរឲ្យអស្ចារ្យនៅក្នុងចិត្តសម្រាប់អ្នកដែលបានដឹងរឿងទាំងអស់នេះ ។