ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរឆ្នាំឆ្លូវខាងមុខនេះ ហើយក៏ដូចជាជួយលើកស្ទួយកម្ពស់នូវវប្បធម៌ អរិយធម៌ និងទំនៀមទម្លាប់ឲ្យកូនខ្មែរជំនាន់ក្រោយបានយល់ដឹងកាន់តែទូលំទូលាយថែមទៀតនោះ ក្រុមហ៊ុន Fun Entertainment បានរៀបចំនូវព្រឹតិ្តការណ៍ដ៏ធំមួយក្នុងប្រទេសកម្ពុជាគឺ “ការប្រកួតជ្រើសរើសធីតាឯកសង្រ្កាន្ត” រដូវកាលទី២ ដែលមានការគាំទ្រ និងចូលរួមសហការណ៍ពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងព័ត៌មាន និងទូរទស្សន៍ជាតិកម្ពុជា។

សម្រាប់លក្ខខណ្ឌនៃការចូលរួមប្រកួតគឺ បេក្ខនារីត្រូវមានសញ្ជាតិខ្មែរ (និយាយភាសាខ្មែរបានល្អ) នៅលីវ មានអាយុចាប់ពី ១៨ ឆ្នាំដល់ ២៥ឆ្នាំ កម្ពស់ចាប់ពី១,៦៣ ម៉ែត្រឡើងទៅ កម្រិតវប្បធម៌ចាប់ពីមធ្យមសិក្សាបឋមភូមិឡើងទៅ មានកាយសម្បទាល្អ សីលធម៌ល្អ រួសរាយរាក់ទាក់ និងមានទំនុកចិត្តលើខ្លួនឯង។

រាល់ការដាក់ពាក្យចូលរួម បេក្ខនារីទាំងអស់អាចបំពេញពាក្យសុំចូលរួម ដោយធ្វើការចុះឈ្មោះOnline តាមរយៈផេកហ្វ៊េកប៊ុកផ្លូវការរបស់ FUN Entertainment ដោយភ្ជាប់មកជាមួយនូវ រូបថត ៤x៦ ចំនួន ១សន្លឹក, និងរូបថតមួយជំហរខ្លួនក្នុងឈុតសំលៀកបំពាក់ប្រពៃណីជាតិខ្មែរ ១សន្លឹក, ឯកសារចម្លងច្បាប់ដើម សញ្ញាបត្រមធ្យមសិក្សាបឋមភូមិឬទុតិយភូមិ និង ឯកសារចម្លងច្បាប់ដើមអត្តសញ្ញាប័ណ្ណ ឬសំបុត្រកំណើត ហើយចុងក្រោយគឺ ធ្វើការណែនាំខ្លួនដោយថតជាវីដេអូខ្លីរយៈពេល ៣០វិនាទី ដោយពុំមានការតុបតែងមុខ។

ប្រញាប់ឡើង !! សម្រាប់ម្ចាស់ជ័យលាភីលេខ១ នឹងទទួលបានរង្វាន់ជាសាច់ប្រាក់រហូតដល់ ១២,០០០,០០០ រៀល ជ័យលាភីលេខ២ ទទួលបានសាច់ប្រាក់ចំនួន ៨,០០០,០០០ រៀល និងជ័យលាភីលេខ៣ ទទួលបានសាច់ប្រាក់ចំនួន ៦,០០០,០០០ រៀល ហើយសម្រាប់បេក្ខនារីដែលទទួលបានចំណាត់ថ្នាក់ពីលេខ៤ ដល់លេខ៧ ក៏នឹងទទួលបានប្រាក់រង្វាន់លើកទឹកចិត្តចំនួន ២,៤០០,០០០ រៀល អមជាមួយនឹងវិញ្ញាបនបត្រដូចគ្នា។

មិនត្រឹមតែប៉ុណ្ណោះ ម្ចាស់ជ័យលាភីទាំង ៧នាក់ ក៏នឹងទទួលបានឱកាសជ្រើសរើសក្នុងការថតសម្តែងជាតួអង្គទេពធីតាទាំង ៧អង្គ របស់កបិលមហាព្រហ្ម សម្រាប់ចាក់ផ្សាយក្នុងទូរទស្សន៍ជាតិកម្ពុជា ក្នុងថ្ងៃបុណ្យចូលឆ្នាំខ្មែរដែលនឹងចូលមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ។
សម្រាប់ព័ត៌មានបន្ថែមក្នុងការដាក់ពាក់ស្នើរសុំប្រកួត សូមធ្វើការទំនាក់ទំនងលេខទូរស័ព្ទ៖ ០៩៩ ៥៥៩ ០៩៩/ ០៨៧ ៥៥៩ ០៩៩
FUN Entertainment – Ville De Phnom Penh, Phnum Penh, Cambodia | Facebook