ស្រាវជ្រាវដោយ ឈឹម សេរីភួន៖ នៅក្នុងរបាយការណ៍របស់សមត្ថកិច្ចប៉ូលិសខេត្តកំពត ក្នុងខែមិថុនា ឆ្នាំ១៩៥២ បានឲ្យដឹងថា៖ ពួកខ្មែរឥស្សរៈ និងពួកវៀតមិញបានធ្វើសកម្មភាពស្ទើរគ្រប់ទិសទីក្នុងខេត្តកំពត ហើយ នង សួន ត្រូវបានសឺង ង៉ុកមិញ ចាត់តាំងឲ្យធ្វើជាប្រធានរណៈសិរ្សឯកភាពឥស្សរៈ(UIF) ប្រចាំភូមិភាគនិរតី ។ ក្នុងខែកញ្ញា នៅក្នុងជំរំប្រមូលផ្ដុំធំមួយ នៅក្នុងខេត្តកំពត មានកងទ័ពឥស្សរៈប្រមាណ៨០០នាក់ ដឹកនាំដោយ ញ៉ែម ស៊ុន ហើយក្នុងចំណោមកងទ័ពទាំងនោះ ក៏មាន ប៉ែន សុវណ្ណម្នាក់ដែរ ។ ក្នុងការវាយប្រយុទ្ធជាមួយកងទ័ពរាជការខ្មែរបារាំង នារដូវប្រាំង ឆ្នាំ១៩៥២ នោះដែរ ប៉ែន សុវណ្ណ ត្រូវរបួសជើងឆ្វេងយ៉ាងធ្ងន់ធ្ងរ និងសន្លប់បាត់ស្មារតី។ ពេលដឹងខ្លួនឡើង គាត់ស្ថិតនៅក្នុងមន្ទីរពេទ្យក្នុងព្រៃមួយ ។ ក្រោយពីទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់ពីសំណាក់គ្រូពេទ្យនៅទីនោះ បានប្រហែលជាងកន្លះខែ ទើបគាត់ចាប់ផ្ដើមធូរស្រាលបន្តិចម្ដងៗ និងលែងព្រួយបារម្ភខ្លាចគ្រូពេទ្យកាត់ជើងឆ្វេងនោះចោល ។ ក្រោយពីចាកចេញពីមន្ទីរពេទ្យ គាត់បានទៅរស់នៅក្នុងអង្គភាពដូចមុនវិញ ពេលនោះមានមេឥស្សរៈម្នាក់ ដែលប៉ែន សុវណ្ណ មិនទាន់ស្គាល់ច្បាស់នៅឡើយ ដោយគ្រាន់តែដឹងថា មេឥស្សរៈម្នាក់នោះ មានតួនាទីជាប្រធាននយោបាយអង្គភាពមួយរបស់ឥស្សរៈ បានជួបសំណះសំណាល និងសួរសុខទុក្ខប៉ែន សុវណ្ណ ក្នុងភាពស្និទ្ធស្នាលបំផុត ។

បន្ទាប់មកប្រធាននយោបាយអង្គភាពនោះ បាននិយាយថា៖ “ខ្ញុំសូមប្រគល់រូបថតមួយនេះឲ្យមិត្ត ទុកជាអនុស្សាវរីយ៍” ។ និយាយបណ្ដើរ គាត់លូកដៃយករូបថតដែលរុំដោយក្រណាត់ពណ៌ក្រហមចេញពីក្នុងបាឡូគាត់ ។ ដំបូង ប៉ែន សុវណ្ណ នឹកស្មានថា រូបថតនោះគឺជារូបរបស់មេឥស្សរៈម្នាក់នោះផ្ទាល់ ។ ប៉ុន្តែ ពេលយកមកមើល បែរជាមិនមានរូបថតគាត់ឡើយ គឺជារូបជនជាតិបរទេសដែលមានពុកមាត់ស្រមូមចំនួន៤នាក់ទៅវិញ។ ដោយមិនចាំបាច់ឲ្យប៉ែន សុវណ្ណ មានចម្ងល់និងសួរវែងឆ្ងាយ គាត់ក៏ប្រាប់ឈ្មោះជនបរទេសទាំង៤នាក់នោះឲ្យប៉ែន សុវណ្ណ បានស្គាល់ថា នេះគឺជារូបកាល់ម៉ាក្ស , អង់ហ្គែល , លេនីន និងស្ដាលីន ។ ប៉ែន សុវណ្ណ ក៏មិនដឹងថា ជនបរទេសទាំង៤នាក់ក្នុងរូបថតនោះ មានជាប់ទាក់ទងអ្វីជាមួយចលនាតស៊ូខ្មែរឥស្សរៈនោះដែរ គាត់គ្រាន់តែដឹងថា ប្រជាជនទាំង៣ប្រទេស គឺវៀតណាម កម្ពុជា និងលាវ កំពុងរួបរួមគ្នាតស៊ូប្រឆាំងនឹងពួកអាណានិគមនិយមបារាំង តែប៉ុណ្ណោះ ហើយមេដឹកនាំតស៊ូនៅប្រទេសកម្ពុជា គាត់ដឹងថា ឈ្មោះសឺង ង៉ុកមិញ ហៅអាចារ្យមៀន ជាលេខាបក្ស និងជាប្រធានរណសិរ្សខ្មែរឥស្សរៈ, ទូ សាមុត ជាអនុលេខាបក្ស, ស៊ីវ ហេង ជាប្រធានយោធា និងចាន់ សម័យ ជាសមាជិកអចិន្រ្តៃយ៍គណៈកម្មការមជ្ឈិមបក្ស ហើយស្គាល់ច្បាស់ជាងគេ គឺ ញ៉ែម ស៊ុន ជាមេបញ្ជាការធំរបស់គាត់ ។ ចំណែកនៅវៀតណាមប៉ែន សុវណ្ណ ដឹងថា មានដឹកនាំឈ្មោះ ហូ ជីមិញ និងនៅលាវមានមេដឹកនាំឈ្មោះ សុផាន់វង្ស តែប៉ុណ្ណោះ៕ (វាយអត្ថបទដោយ៖ កញ្ញា កៅ សុផានីត)