ស្រាវជ្រាវដោយ ឈឹម សេរីភួន៖ ក្នុងឆ្នាំ១៩៥២ តាមបញ្ជារបស់មន្រ្តីជាន់ខ្ពស់របស់គណបក្សប្រជាធិបតេយ្យ មួយចំនួនជាសមាជិករដ្ឋសភា សុន វ៉ឹនសៃ ក្នុងនាមជារដ្ឋមន្រ្តីក្រសួងការពារជាតិ បានលួចបញ្ជូនអាវុធគ្រាប់រំសេវ និងថ្នាំពេទ្យមួយចំនួន ដែលជាអំណោយរបស់ប្រទេសបារាំង ចំពោះព្រះមហាក្សត្រសីហនុ ទៅជួយផ្គត់ផ្គងដល់ចលនាតស៊ូក្នុងព្រៃរបស់សឺង ង៉ុកថាញ់ ទៅវិញ។

ព្រះមហាក្សត្រសីហនុ ក៏ដឹងរឿងអាថ៌កំបាំងនេះច្បាស់ដែរ តែព្រះអង្គកំពុងស្ថិតនៅក្នុងស្ថានភាពមួយដែលគ្មានលទ្ធភាព គ្មានអំណាចអ្វីដាក់ទោសចំពោះ សុន វ៉ឹនសៃ ដែលក្បត់នឹងមុខងារជារដ្ឋមន្រ្តីក្រសួងការពារជាតិ និងនាយទាហានមួយចំនួននៅអគ្គសេនាធិការដ្ឋានបានដែរ ព្រោះសមាជិករដ្ឋសភាមកពីគណបក្សប្រជាធិបតេយ្យ ស្ទើរតែទាំងមូលបានគប់គិតគ្នាធ្វើរឿងនេះ ។ ដូច្នេះ បើព្រះអង្គហ៊ានធ្វើអ្វីមួយចំពោះរដ្ឋមន្រ្តីការពារជាតិម្នាក់នេះ សភាប្រាកដជាប្រឆាំងជំទាស់នឹងព្រះអង្គមិនខាន ពិសេសពួកគេប្រាកដជាបដិសេធ មិនព្រមអនុម័តផ្ដល់សច្ចាប័ណ្ណលើខ្លឹមសារអត្ថបទនៃសន្ធិសញ្ញាបារាំង-ខ្មែរ ដែលព្រះអង្គបានខិតខំប្រឹងប្រែងបង្កើតឡើងនោះ ជាមិនខាន។

ជាមួយគ្នានោះ ព្រះអង្គបានសួរទៅរាជរដ្ឋាភិបាលរបស់ពួកអ្នកប្រជាធិបតេយ្យ ថា៖ ប្រសិនបើអស់លោកមិនយល់ស្របតាមខ្ញុំ ក្នុងការទាមទារឯករាជ្យនេះទេ សូមឲ្យអស់លោកចាប់ផ្ដើមចចារជាមួយរដ្ឋាភិបាលបារាំង ដោយកុំបង្អែរបង្អង់យូរ ដើម្បីប្រទសជាតិយើង ទទួលបានឯករាជ្យពេញលេញមួយ។ អស់លោកអាចធ្វើការងារនេះបាន ព្រោះសភាក៏ជារបស់អស់លោកនោះ នឹងគាំទ្រអស់លោកជាមិនខាន ។ តែពួកអ្នកប្រជាធិបតេយ្យ បានឆ្លើយតបមកព្រះអង្គវិញថា៖ មិនទាន់ដល់ពេលវេលា ដែលពួកគេត្រូវធ្វើបែបនេះទេ។

ព្រះអង្គបានជំទាស់នឹងគំនិតដែលមិនសមហេតុផលនេះ ហើយព្រះអង្គក៏សួរទៅពួកគេវិញទៀតថា តាមពិត! តើអស់លោកចង់បានអ្វីទៅវិញ?… អស់លោកបានបដិសេធមិនព្រមផ្ដល់សច្ចាប័ណ្ណសន្ធិសញ្ញាឆ្នាំ១៩៤៩ ដែលជាដំណាក់កាលចុងក្រោយ មុននឹងទទួលឯករាជ្យពេញលេញ ទន្ទឹមនឹងនេះ អស់លោកក៏មិនព្រមធ្វើការចចារជាមួយប្រទេសបារាំង ដែរ ឬមួយអស់លោកសង្ឃឹមជឿជាក់លើចលនាតស៊ូរបស់ សឺង ង៉ុកថាញ់ ឬក៏សង្ឃឹមលើពួកយៀកមិញ និងខ្មែរឥស្សរៈជាសម្ព័ន្ធមិត្តរបស់ពួកគេ ដើម្បីឲ្យបារាំងព្រមប្រគល់ឯករាជ្យពេញលេញ ដោយអស់លោកមិនចាំបាច់ធ្វើអ្វីទាំងអស់? ។

ពួកអ្នកប្រជាធិបតេយ្យមិនឆ្លើយតបនឹងព្រះអង្គវិញទេ តែពួកគេនៅតែបន្តធ្វើនយោបាយបង្កអសន្តិសុខ និងអំពើក្បត់លួចយកអាវុធ គ្រាប់រំសេវ និងថ្នាំពេទ្យទៅឲ្យចលនាតស៊ូ សឺង ង៉ុកថាញ់ ដែលនៅភូមិភាគខាងលិចប្រទេស យ៉ាងងងើលដដែល៕(វាយអត្ថបទដោយ៖ កញ្ញា កៅ សុផានីត)