នៅក្នុងសកម្មភាពប្រចាំរបស់មនុស្ស មានរឿងមួយចំនួនដែលពួកគេអាចដោះស្រាយបានដើម្បីធ្វើឲ្យនាឡិកាជីវិតរបស់គេបន្ថយល្បឿន និងរស់នៅឲ្យបានយូរមិនថាអ្នកមានអាយុ២០ឆ្នាំ ឬ៣០ឆ្នាំនោះទេ បើទោះបីជាអ្នកមានអាយុ៦០ ឬ៧០ ឬក៏លើសពីនេះក៏មិនទាន់ហួសពេលដែរ។ គេនិយាយថា គ្មានពាក្យថាយឺតពេលនោះទេក្នុងចាប់ផ្តើមបង្កើតនូវទម្លាប់ល្អឡើង។

ខាងក្រោមនេះ នឹងបង្ហាញពីទម្លាប់ប្រចាំថ្ងៃមិនល្អមួយចំនួន ហើយប្រសិនបើអ្នកមិនប្រញ៉ាប់បញ្ឈប់ធ្វើរឿងទាំងនោះទេ អ្នកនឹងមានហានិភ័យមិនខានឡើយ៖
១. គួរតែបញ្ឈប់ការបរិភោគអាហារកែច្នៃ
ជាការពិតណាស់ ការផ្លាស់ប្ដូររបបអាហារគឺជារឿងដ៏សំខាន់មួយដែលបានកើតឡើងនៅក្នុងប្រទេសជាច្រើននៅក្នុងពិភពលោកក្នុងរយៈពេលជាង៣០ឆ្នាំចុងក្រោយមកនេះ ដែលវាគឺជាការផ្លាស់ទៅទទួលទានអាហារដែលមានការកែច្នៃបន្ថែម។ រួមជាមួយគ្នានេះដែរ នៅក្នុងអាហារកែច្នៃទាំងនោះក៏មានបន្ថែមនូវសូដ្យូម ជាតិខ្លាញ់ឆ្អែត ជាតិស្ករច្រើន ហើយជាតិសរសៃតិច ដែលនេះហើយគឺជាកត្តាដែលធ្វើឲ្យកើតមានឡើង នៅជំងឺសរសៃឈាមបេះដូង លើសឈាម ជំងឺមហារីក និងជំងឺទឹកនោមផ្អែមជាដើម។

ឧទាហរណ៍វិទ្យាស្ថានជាតិសុខភាព (NIH) ណែនាំឱ្យទទួលទានជាតិសូដ្យូមមិនលើសពី ២.៣០០ មីលីក្រាម (តិចជាង ២,៤ ក្រាម) ក្នុងមួយថ្ងៃ – តិចសម្រាប់មនុស្សវ័យចំណាស់និងមនុស្សដទៃទៀតដែលមានបញ្ហាសុខភាពដូចជាជំងឺលើសឈាម។ ទោះជាយ៉ាងនេះក្តីនៅក្នុងការស្ទង់មតិលើជនជាតិអាមេរិកាំងជាង ៧.០០០ នាក់មជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺ (CDC) បានរកឃើញថាមនុស្សទទួលទានជាតិសូដ្យូមជាមធ្យម ៣.៣០០ មីលីក្រាមក្នុងមួយថ្ងៃ។ ហេតុនេះសួរថា បើមនុស្សនៅតែបន្តទទួលទានអាហារកែច្នៃរបៀបនេះតទៅទៀត តើទៅថ្ងៃមុខពួកគេនឹងមានអាយុវែងបានដែរឬទេ?

២. បញ្ឈប់ការជក់បារី
ពិតណាស់ ប្រសិនបើអ្នកជាជក់បារី អ្នកប្រាកដជាដឹងច្បាស់ថាការដែលឈប់ជក់បារីវាគឺជារឿងដ៏លំបាកមួយ។ ក៏ប៉ុន្តែលោកអ្នកដឹងទេថា បើលោកអ្នកនៅតែបន្តការជក់បារី នោះលោកអ្នកក៏កំពុងតែឱបក្រសោប ឬទាញយកសេចក្ដីស្លាប់ឲ្យមកនៅក្បែរៗខ្លួនរបស់អ្នក។ យ៉ាងណាមិញ តាមការសិក្សាមួយបានបង្ហាញថាអ្នកដែលជក់បារីអាចធ្វើឲ្យខ្លួនឯងខាតបង់អាយុដល់ទៅ១០ឆ្នាំ។ ប៉ុន្តែពេលនេះ ខ្ញុំសូមលើកទឹកចិត្តដល់អ្នកដែលជក់បារីទាំងអស់គ្នា ឲ្យបញ្ឈប់ជាបន្ទាន់ជាមួយនឹងការជក់បារី ហើយបើអ្នកអាចធ្វើបានមានន័យថាអ្នកកំពុងតែអភ័យទោសដល់ខ្លួនឯង ស្រឡាញ់ខ្លួនឯង ក៏ដូចជាកំពុងព្យាយាមទាញសុខភាពល្អមកដាក់ខ្លួនវិញយ៉ាងដូច្នោះដែរ។

៣. ឈប់អង្គុយតែមួយកន្លែង ដោយមិនធ្វើលំហាត់ប្រាណទៀតទៅ
នៅទីនេះចង់មានន័យថា ប្រសិនបើអ្នកមិនព្រមព្យាយាមហាត់ប្រាណនោះទេ លោកអ្នកនឹងជួបផលវិបាកទៅថ្ងៃមុខមិនខាន។ ការហាត់ប្រាណគឺជាវិធីដ៏ល្អមួយសម្រាប់ជួយឲ្យរាងកាយមានសុខភាពល្អ ចុះបើអ្នកខ្ជិល មិនព្រមហាត់ប្រាណតើអ្នកនឹងរំពឹងថាបានសុខភាពល្អ មកពីណា?

៤. ឈប់រក្សាការចងគំនុំគំគួនតទៅទៀត
កំហឹងអាចជាអារម្មណ៍ដែលពិបាកពណ៌នាមួយ ជាពិសេសនៅពេលដែលខ្លួនឯងមានអារម្មណ៍ថាមានអំពើអយុត្តិធម៌ណាមួយកើតមានលើខ្លួនព្រោះថា កម្រិតនៃអរម៉ូនស្ត្រេសនេះនឹងកើនឡើងនៅពេលដែលអ្នកស្ត្រេសឬ ខឹងជាមួយនឹងផលប៉ះពាល់អវិជ្ជមានទៅលើបេះដូងការរំលាយអាហារនិងប្រព័ន្ធភាពស៊ាំរបស់អ្នក។ អរម៉ូន cortisol ខ្ពស់ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការស្លាប់កាន់តែច្រើននេះបើតាមការសិក្សាមួយចំនួនបានលើកឡើង។