រាជធានីភ្នំពេញ៖ ដើម្បីថែរក្សានិងកិច្ចការពារ នូវប្រភេទកេសកូល របស់កម្ពុជា ឱ្យបានគង់វង្សពិសេស ថែរក្សាបាននូវរុក្ខជាតិប្រភេទនេះ ជារបស់អត្តសញ្ញាណជាតិផងនោះ ក្រសួងបរិស្ថាន ប្រកាសពីការ ចាត់វិធានការផ្លូវច្បាប់ ចំពោះជនទាំងឡាយណា ដែលនៅបន្តសកម្មភាពប្រមូលទិញ លក់ និងដឹកជញ្ជូនកេសរកូលព្រៃ ឬផ្កាអ័រគីដេព្រៃគ្រប់ប្រភេទ ក្នុងទំហំធំពីតំបន់ការពារធម្មជាតិ នៅកម្ពុជា ដែលអាចធ្វើឱ្យគំរាមកំហែង ដល់ប្រភេទពូជកេសរកូលព្រៃ។នេះបើយោងតាមក្រសួងបរិស្ថាន។

ការប្រកាសពីការចាត់វិធានការផ្លូវច្បាប់ បែបនេះធ្វើឡើងដោយលោក នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យ ក្រសួងបរិស្ថាន ក្នុងខណៈដែលលោក បានដឹកនាំក្រុមអ្នកសារព័ត៌មាន ក្នុងដំណើរទស្សនកិច្ច ទៅកាន់មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន កាលពីថ្ងៃទី១៩ ធ្នូឆ្នាំ២០២០។

លោក នេត្រ ភក្រ្តា បានបញ្ជាក់ប្រាប់បណ្តាញសារព័ត៌មាន ថាកេសរកូលព្រៃ គឺជាធនធានធម្មជាតិដ៏កម្រ និងជាកម្មសិទ្ធិរបស់កម្ពុជា ដែលចាំបាច់ត្រូវថែរក្សា និងអភិរក្ស។ ការហាមឃាត់ ឬការទប់ស្កាត់ការធ្វើអាជីវកម្មកេសរកូលនេះ ក៏ធ្វើឡើងស្របពេលដែលអ្នកជំនាញ បាននិងកំពុងធ្វើការសិក្សារកចំនួនប្រភេទកេសរកូលព្រៃ ដែលមានវត្តមាននៅកម្ពុជាឱ្យបានច្បាស់លាស់។
ជាមួយគ្នានេះលោកបានថ្លែងថា៖«ក្រសួងបរិស្ថានសូមប្រកាសពីវិធានការផ្លូវច្បាប់ ទៅលើអ្នកធ្វើអាជីវកម្មធំ អ្នកដែលបំផ្លិចបំផ្លាញនៅកេសរកូលព្រៃ។ យើងនឹងអនុវត្តទៅហ្នឹងវិធានការច្បាប់ ព្រោះក្រសួងបរិស្ថាន បានព្រមានរួចហើយចំពោះអ្នក ដែលធ្វើអាជីវកម្មកេសរកូលព្រៃ ដែលហួសប្រមាណ ដែលឈានទៅដល់កម្រឹតបំផ្លិចបំផ្លាញនេះ យើងមិនយោគយល់ចំពោះពួកគាត់ទេ»។

ទាក់ទិនទៅនឹងកេសរកូល នៅកម្ពុជានេះ ដែរអ្នកនាំពាក្យរូបនេះ បានមានប្រសាសន៍ថា ប្រភេទកេសរកូល ប្រមាណ ៤០ ភាគរយត្រូវបានគេរកឃើញ នៅតាមតំបន់ជួរភ្នំក្រវាញនិងរួមទាំងតំបន់ភ្នំបូកគោ។ចំណែក ៣៥ ភាគរយត្រូវបានគេរកឃើញនៅតំបន់ឆ្នេរនិង ១៣ ភាគរយព្រៃរបោះស្ងួតហើយ១០ភាគរយទៀតត្រូវបានគេរកឃើញនៅតាមតំបន់ប្រសព្វគ្នានៃទន្លេមេគង្គ។ ក្រៅពីនេះ កេសរកូលព្រៃកម្ពុជា អាចមាននៅតំបន់ជួរភ្នំដងរែក និងតំបន់ខាងកើតបឹងទន្លេសាប។

ទោះបីយ៉ាងណា លោក នេត្រ ភក្ត្រា បានមានប្រសាសន៍ដែរថា នៅពេលនេះមន្ត្រីជំនាញ យើងកំពុងសិក្សាអំពីកេសរកូល នៅកម្ពុជា ប៉ុន្តែចំនួនពិតប្រាកដ យើងមិនទាន់មានចំនួនប្រភេទ កេសរកូល ឱ្យច្បាស់លាស់នៅឡើយ ដូច្នេះបើមានការប្រមូល ឬធ្វើអាជីវកម្មកេសរកូលព្រៃ វាអាចធ្វើឲ្យបាត់បង់នូវប្រភេទ កេសរកូលរបស់យើង ដែលគេប្រទេសផ្សេងអាចយកទៅធ្វើជាអាជីវកម្ម ឬធ្វើជាកម្មសិទ្ធិរបស់គេ ដូច្នេះបានជាយើងចាំបាច់ត្រូវការពារ អភិរក្ស និងទប់ស្កាត់ការជួញដូរដោយខុសច្បាប់»។

លោកបានថ្លែងឱ្យដឹងបន្ថែមថា”តាមរយៈមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន ក្រសួងបរិស្ថាន បាននិងកំពុងធ្វើការសិក្សាស្រាវជ្រាវ និងចងក្រងទិន្នន័យ ដោយរួមបញ្ចូលទាំងការកំណត់អត្តសញ្ញាណ ប្រភេទកេសរកូលព្រៃ។ បច្ចុប្បន្ន មជ្ឈមណ្ឌលបានអភិរក្ស និងរក្សាពូជកេសរកូលព្រៃចំនួនប្រមាណ១៥០ប្រភេទ ក្នុងនោះក៏មានបណ្ណង្គជាតិ(fern) ចំនួន១៥ ប្រភេទ និងHoya ៤ប្រភេទផងដែរ”៕