ស្រាវជ្រាវដោយ ឈឹម សេរីភួន៖ បើតាមប្រភពស៊ើបអង្កេតការណ៍សម្ងាត់របស់បារាំង បានឲ្យដឹងថា ក្រោយពី សឺង ង៉ុកថាញ់ ទៅចូលរួមជាមួយ កៅ តក់មក ពួកគាត់មានកងទ័ពប្រមាណ៥០០នាក់ និងអាវុធ៣០០ដើម ហើយសឺង ង៉ុកថាញ់ ក៏បានសរសេរលិខិតមួយផ្ញើទៅ សាវ៉ាង វង្ស និងព្រះអង្គម្ចាស់នរោត្តម ចន្ទរង្សី ដែលជាមេឥស្សរៈមិនមែនកុម្មុយនិស្ត សុំឲ្យមេខ្មែរឥស្សរៈទាំង២នាក់នេះ សហការជាមួយពួកវៀតមិញ ដើម្បីវាយបារាំងដណ្ដើមឯករាជ្យឱ្យប្រទេសវិញ។ ពេលនោះដែរ ពុត ឆាយ ដែលបាត់មុខមួយរយៈកន្លងមក ក៏បានប្រកាសគាំទ្រសឺង ង៉ុកថាញ់ ដែលជាមេដឹកនាំប្រឆាំងនឹងពួកអាណានិគមបារាំង តាំងពីដើមទសវត្សរ៍ឆ្នាំ១៩៤០ មកនោះដែរ។ ប៉ុន្តែក្រោយពីវិទ្យុផ្សាយសំឡេងរបស់សឺង ង៉ុកថាញ់ បានផ្សព្វផ្សាយដំណឹងថា ពួកវៀតមិញ សន្យានឹងផ្ដល់ជំនួយយោធាដល់ខ្លួន (សឺង ង៉ុកថាញ់) និងពីទំនាក់ទំនងរវាង សឺង ង៉ុកថាញ់ ជាមួយហូជីមិញ មក នៅដើមខែឧសភា ឆ្នាំ១៩៥២ អតីតសិស្សវិទ្យាល័យមួយចំនួន ដែលទើបនឹងរត់ចេញពីក្រុងភ្នំពេញ មកតាមគាត់នៅភ្នំដងរែក បានជាងមួយខែ បែរជាប្ដូរចិត្តរត់ចេញពីជំរំតស៊ូរបស់គាត់ ត្រឡប់ទៅផ្ទះពួកគេវិញ។ ចំណែកស្រ្តីឈ្មោះលាត មួន ហៅម៉ែមួន និងស៊ីវ ហេង ដែលជាមេដឹកនាំស្និទ្ធនឹងពួកវៀតមិញ បានទៅធ្វើទស្សនកិច្ចនៅក្នុងជំរំតស៊ូរបស់សឹង ង៉ុកថាញ់ ក្នុងបំណងចង់រួមសហការគ្នាឲ្យកាន់តែជិតស្និទ្ធថែមទៀត។ ប៉ុន្តែចំពោះ លាង កែវមុនី និងមេទ័ពខ្មែរឥស្សរៈ២នាក់ទៀតគឺ ទុម សុខ និង អ៊ូជ និលពេជ្រ បដិសេធ មិនធ្វើទំនាក់ទំនងជាមួយ សឺង ង៉ុកថាញ់ទេ ។

ទទួលបានព័ត៌មានថ្មីៗទាន់ហេតុការណ៍រាល់ថ្ងៃ សូមចូលទៅកាន់ Channel Telegram KBN News

នៅក្នុងខែឧសភានោះដែរ ប្រភពស៊ើបការណ៍សម្ងាត់របស់បារាំង បានរាយការណ៍ថា នៅប៉ែកបូព៌ាប្រទសវិញ កងទ័ពរបស់រណសិរ្សឯកភាពឥស្សរៈ (UIF) ដែលនៅរាយប៉ាយក្នុងខេត្តព្រៃវែង រួមមានកងទ័ពរបស់កែវ មុនី, កងទ័ពវៀតមិញ និងកងទ័ពរបស់សោ ភឹម ដែលឲ្យឈ្មោះថា កងទ័ពអាចារ្យហែម ចៀវ នោះ បានច្របាច់បញ្ចូលគ្នា បង្កើតជាកងទ័ពចល័តចំនួន៤អង្គភាពធំៗ ដើម្បីបើកការវាយប្រហារទៅលើបុស្តិ៍ការពារសាលាស្រុកនានា នៅក្នុងខេត្តព្រៃវែង និងស្វាយរៀង។ រហូតដល់ចុងខែកញ្ញា ឆ្នាំ១៩៥២ ណី សាវ៉ាន់ ហៅយ៉ា ជាអ្នកដឹកនាំលំដាប់ទី៣ របស់គណៈកម្មាធិការរំដោះប្រជាជនភូមិភាគបូព៌ា បន្ទាប់ពីទូ សាមុត និងកែវ មុនី បានបញ្ជូនកងទ័ពគាត់ពីវាលត្រែងលិចទឹក ក្នុងទឹកដីកម្ពុជាក្រោម ចូលមកភាគខាងត្បូងនៃខេត្តព្រៃវែង ។ នៅថ្ងៃទី៧ មិថុនា ឆ្នាំ១៩៥២ នៅក្នុងសន្តិបាតមួយរបស់គណបក្សប្រជាជនបដិវត្តន៍ខ្មែរ នៅខេត្តហាទៀង គណៈកម្មាធិការមជ្ឈិមបក្ស ដែលមានសឺង ង៉ុកមិញ ជាលេខា បានសម្រេចបង្កើតសាលាហ្វឹកហ្វឺនយោធានៅគ្រប់ភូមិភាគរបស់ខ្លួននៅក្នុងប្រទេស ដើម្បីអប់រំបំពាក់បំប៉នគោលជំហរបដិវត្តន៍ និងយុទ្ធសាស្រ្តធ្វើសង្រ្គាមដល់កងទ័ពរបស់ខ្លួន ដោយមានពួកជំនាញការវៀតមិញ ចេះភាសាខ្មែរជួយបង្ហាត់បង្រៀន ខណៈសឺង ង៉ុកមិញ និងទូ សាមុត ត្រូវបានគេដឹងថា ពួកគាត់ទាំង២នាក់ចេះនិយាយភាសាវៀតណាម យ៉ាងស្ទាត់ផងដែរ។
ក្នុងខែកក្កដា ឆ្នាំ១៩៥២ អាជ្ញាធរខេត្តកំពត បានរាយការណ៍ថា នៅក្នុងខេត្តរបស់ខ្លួន មានសាលាហ្វឹកហ្វឺនយោធារបស់ពួកវៀតមិញ ចំនួន២កន្លែង ហើយមានយុវជនជាកូនចៅកសិករចំនួន៨០នាក់ ចូលហ្វឹកហ្វឺនយុទ្ធសាស្រ្តធ្វើសង្រ្គាមនៅក្នុងសាលានោះ។

នៅក្នុងឆ្នាំ១៩៥២នេះដែរ លក្ខន្តិកៈរបស់បក្សប្រជាជនបដិវត្តន៍ខ្មែរ ត្រូវបានអនុម័ត ដោយខ្លឹមសារនៃលក្ខន្តិកៈនោះគឺដូចគ្នានឹងលក្ខន្តិកៈរបស់បក្សពលករវៀតណាម ស្ទើរតែទាំងស្រុង គ្រាន់តែនៅក្នុងលក្ខន្តិកៈបក្សប្រជាជនបដិវត្តន៍ខ្មែរ មិនមានសរសេរពីលទ្ធិកុម្មុយនិស្ត និងអ្នកបង្កើតលទ្ធិកុម្មុយនិស្តនោះទេ គឺគ្រាន់តែសរសេរពីប្រជាធិបតេយ្យរបស់ប្រជាជនតែប៉ុណ្ណោះ ហើយថាបក្សគ្រាន់តែជាអ្នកបង្រួបបង្រួមប្រជាជនទាំងមូល នៅក្នុងរណសិរ្សឯកភាពឥស្សរៈ(UIF) សហការគ្នាជិតស្និទ្ធជាមួយប្រជាជនវៀតណាម និងលាវ ដើម្បីតស៊ូប្រឆាំងនឹងពួកអាណានិគមនិយមបារាំង និងអន្តរាគមន៍របស់អាមេរិក ព្រមទាំងពួកអាយ៉ងរបស់វាតែប៉ុណ្ណោះ។ នៅក្នុងឯកសារនយោបាយមួយ ដែលធ្វើឡើងនៅក្នុងខែមិថុនា ឆ្នាំ១៩៥២ ហើយត្រូវបានកងទ័ពរាជការខ្មែរ-បារាំង រឹបអូសនោះ បានសរសេរថា បក្សប្រជាជនបក្សបដិវត្ត៍ខ្មែរ ពុំមែនជាបក្សឈានមុខរបស់វណ្ណៈកម្មករទេ តែជាបក្សឈានមុខរបស់ប្រជាជាតិមួយដែលប្រមូលផ្ដុំពីគ្រប់សមាសភាពអ្នកស្នេហាជាតិ និងសមាសភាពចម្រើនរបស់ប្រជាជនកម្ពុជា ។នេះអាចបញ្ជាក់បានថា មុននឹងជួយតាក់តែងគោលនយោបាយខាងលើនេះ មេដឹកនាំវៀតមិញ ប្រាកដជាដឹងច្បាស់ថា កម្ពុជាមិនអាចធ្វើបដិវត្តន៍ទៅរករបបកុម្មុយនិស្ត បានភ្លាមៗទេ គឺត្រូវធ្វើបដិវត្តប្រជាជាតិប្រជាធិបតេយ្យ ដោយសន្សឹមៗសិន ព្រោះនៅកម្ពុជា វណ្ណៈកម្មករដែលជាកងឈានមុខរបស់បក្សកុម្មុយនិស្តនោះ មានចំនួនតិចតួចនៅឡើយ ហើយចលនារបស់វណ្ណៈអាធន ក៏មិនទាន់មានការរីកចម្រើនដែរ៕
(វាយអត្ថបទដោយ៖ កញ្ញា កៅ សុផានីត)