ចាប់ពីឆ្នាំ២០២១តទៅ អេស៊ីលីដាម៉ូបាលនឹងផ្ដល់ការប្រើប្រាស់ដោយឥតគិតថ្លៃសម្រាប់អតិថិជន ក្រោមរូបរាងថ្មីដែលត្រូវបានអភិវឌ្ឍឡើងយ៉ាងល្អ ប្រកបដោយភាពច្នៃប្រឌិត ងាយស្រួលក្នុងការប្រើប្រាស់ និងមានសុវត្ថិភាពខ្ពស់ដើម្បីចូលរួមគាំទ្ររាល់ដំណើរការអាជីវកម្មរបស់អតិថិជនឲ្យកាន់តែរីកចម្រើនទ្វេដង នេះបើតាមការអះអាងពីសំណាក់ ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ធនាគារ អេស៊ីលីដា ដែលជាធនាគារពាណិជ្ជធំជាងគេមួយនៅកម្ពុជា។

លោក ស្រី សុខ សោភា នាយិកាប្រតិបត្តិទីផ្សាររបស់ធនាគារ អេស៊ីលីដា បានមានប្រសាសន៍យ៉ាងដូច្នេះថា App អេស៊ីលីដាទាន់ចិត្ត បានបង្កើតឡើង៤ឆ្នាំមកហើយ ហើយវាក៏ជា App Digital ដែលបានបង្កើតឡើងដំបូងគេបំផុតរបស់ធនាគារ អេស៊ីលីដា បម្រើជូនអតិថិជនក្នុងវិស័យហិរញ្ញវត្ថុ។ ការអភិវឌ្ឍអេស៊ីលីដាទាន់ចិត្ត ទៅជា អេស៊ីលីដាម៉ូបាល មានរូបរាងថ្មី នៅឆ្នាំក្រោយនេះ គឺជាការឆ្លើយតបទៅនឹងភាពរីកចម្រើននៃបច្ចេកវិទ្យារបស់ពិភពលោក និងវឌ្ឍនភាពរបស់ធនាគារ ក្នុងវិស័យឌីជីថល ក៏ដូចជាតម្រូវការរបស់អ្នកប្រើប្រាស់ ។

លោកស្រីបានឲ្យដឹងទៀតថា ធនាគារ អេស៊ីលីដា បានរៀបចំហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា ជាមួយជម្រើសយ៉ាងសម្បូរបែបសម្រាប់បម្រើប្រតិបតិ្តការធនាគារ តាមរយៈម៉ាស៊ីនដក-ដាក់ប្រាក់ជាង ៧០០គ្រឿង នៅតាមបណ្តាទីតាំង ៣៤០ ដោយស្វ័យប្រតិបតិ្តការ ២៤ម៉ោងក្នុងមួយថ្ងៃ ៧ថ្ងៃក្នុងមួយសប្តាហ៍ (យើងខ្ញុំស្តាប់អតិថិជន ដឹងពីអ្វីដែលលោកត្រូវការ ហើយយើងខ្ញុំបំពេញតម្រូវការជូនលោក) ដូច្នេះហើយបានជាធនាគារ អេស៊ីលីដា ខិតខំអភិវឌ្ឍផលិតផលរបស់ខ្លួនជាប្រចាំ ឲ្យសាកសមនឹងអតិថិជនដ៏ឆ្លាតវៃ ដែលអាចចាត់ចែងពេលវេលាដោយខ្លួនឯងមិនចាំបាច់មកធនាគារ ដោយផ្ទាល់ ។

បច្ចុប្បន្នធនាគារ អេស៊ីលីដា កំពុងធ្វើឲ្យកាន់តែទាន់សម័យនូវមុខងារបន្ថែមទៀតដើម្បីបំពេញតម្រូវការអតិថិជនឲ្យកាន់តែសម្បូរបែបក្នុងការប្រើប្រាស់សេវាកម្មជាច្រើន ដែលមាននៅក្នុងអេស៊ីលីទាន់ចិត្ត ដូចជា ស្កែនទូទាត់តាមឃ្យូអរកូដ ផ្ទេប្រាក់មិនអស់កម្រៃសេវា បញ្ចូលទឹកប្រាក់ទូរស័ព្ទ បង់ថ្លៃវិក្កយបត្រអគ្គិសនី និងវិក្កយបត្រផ្សេងៗ ពិនិត្យមើលសមតុល្យគណនី និងរបាយការណ៍គណនីសង្ខេប ដាក់-ដកប្រាក់ បង់ប្រាក់ សំណើសុំឥណទាន និងការបើកគណនីមានកាលកំណត់ ជាដើម។

សូមបញ្ជាក់ថា គិតមកទល់ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ធនាគារអេស៊ីលីដា មានអតិថិជនប្រមាណជាង ១លាន ៧សែននាក់កំពុងប្រើប្រាស់អេស៊ីលីដាទាន់ចិត្ត មានម៉ាស៊ីនអេធីអឹមសម្រាប់ដកប្រាក់-ដាក់ប្រាក់ នៅទូទាំងប្រទេសសរុប ៧២២គ្រឿង មានម៉ាស៊ីនឆូតកាតជិត៤៣០០គ្រឿង និងប័ណ្ណដកប្រាក់អេស៊ីលីដាមានដល់ទៅជាង១លានប័ណ្ណ ។ តើនឹងមានអ្វីដែលអស្ចារ្ស ប្លែកពីអេស៊ីលីដាម៉ូបាល សូមអតិថិជនចាំមើលនៅដើមឆ្នាំ ២០២១ និងសូមអញ្ជើញចូលរួមគាំទ្រប្រើប្រាស់សេវាធនាគារខ្មែរយើងទាំងអស់គ្នា។