ស្រាវជ្រាវដោយ ឈឹម សេរីភួន៖ ក្រោយពីសិស្សនៅតាមវិទ្យាល័យនានា បាននាំគ្នាមកធ្វើបាតុកម្មនៅមុខអគាររដ្ឋសភា ទាមទារឯករាជ្យពេញលេញពីបារាំង បានមួយថ្ងៃ ក៏មានមេប៉ូលិសជាន់ខ្ពស់ម្នាក់ ឈ្មោះប្រាក់ ប្រព្រឿង បានរាយការណ៍ទូលទៅព្រះមហាក្សត្រនរោត្តម សីហនុ ថា សឺន សាន ប្រធានរដ្ឋសភា គឺជាអ្នករៀបចំឲ្យមានបាតុកម្មនោះ ព្រោះពេលគាត់អំពាវនាវថា សូមអស់លោកមេត្តាស្ដាប់ខ្ញុំ ហើយនាំគ្នាត្រឡប់ទៅវិញដោយរបៀបរៀបរយ និងស្ងៀមស្ងាត់ ដើម្បីទុកឱកាសឲ្យពួកយើងខ្ញុំដោះស្រាយបញ្ហានេះ ។ ស្រាប់តែក្រុមបាតុករនាំគ្នាត្រឡប់ទៅវិញដោយស្ងៀមស្ងាត់ និងយ៉ាងងាយបំផុត ។ មិនត្រឹមតែប៉ុណ្ណោះ មេប៉ូលីសជាន់ខ្ពស់ឈ្មោះ ប្រាក់ ប្រព្រឿង នេះ បានទៅចាប់យុវសិស្សម្នាក់ឈ្មោះសៅ ង៉ុយ ដែលស្នាក់នៅមជ្ឈមណ្ឌលអន្តេវាសិក យកទៅធ្វើទារុណកម្ម ដើម្បីឲ្យឆ្លើយថា សឺន សាន ជាអ្នករៀបចំឱ្យមានបាតុកម្មនោះទៀតផង។
នៅក្នុងឆ្នាំ១៩៥៥ មេប៉ូលិសឈ្មោះប្រាក់ ប្រព្រឿង ត្រូវបានព្រះមហាក្សត្រនរោត្តម សីហនុ តែងតាំងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងការពារលើផ្ទៃប្រទេស ។ ចំណែកយុវជនឈ្មោះ សៅ ង៉ុយ វិញ នៅដើមទសវត្សរ៍១៩៦០ក៏បានទៅចូលរួមក្នុងចលនាតស៊ូខ្មែរសេរីរបស់ សឺង ង៉ុកថាញ់ ហើយត្រូវរាជរដ្ឋាភិបាលសម្ដេចនរោត្តម សីហនុ ចាប់យកទៅប្រហារជីវិតនៅភ្នំត្រពាំងក្រឡឹង ខេត្តកំពង់ស្ពឺ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ១៩៦៧ ។ ដើម្បីបង្ហាញការពិត សឺន សាន ក៏បានសុំចូលគាល់ព្រះមហាក្សត្រនរោត្តម សីហនុ ដោយបានប្រកែកដាច់អហង្ការថា គាត់មិនបានរៀបចំឲ្យពួកយុវសិស្សនៅតាមវិទ្យាល័យនានា ធ្វើបាតុកម្មនៅមុខរដ្ឋសភាដូចការចោទប្រកាន់នោះទេ ហើយប្រសិនបើករណីខាងលើនេះជាការពិតនោះ គាត់នឹងសុំលាចេញពីតំណែងប្រធានរដ្ឋសភា។

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៥២ ព្រះមហាក្សត្រនរោត្តម សីហនុ បានសម្រេចព្រះទ័យរំលាយរាជរដ្ឋាភិបាល របស់គណបក្សប្រជាធិបតេយ្យ ដែលមានលោក ហ៊ុយ កន្ធុល ជានាយករដ្ឋមន្ត្រីនោះចោល ហើយព្រះអង្គសន្យាទាមទារឯករាជ្យពេញលេញពីប្រទេសបារាំង មកវិញ មិនឲ្យហួសពីឆ្នាំ១៩៥៥ ហើយព្រះអង្គបានសន្យាទៀតថា បើដល់ឆ្នាំ១៩៥៥នោះ ព្រះអង្គមិនអាចទាមទារឯករាជ្យពេញលេញពីប្រទេសបារាំង មកវិញ តាមការសន្យានេះទេ ព្រះអង្គនឹងដាក់ព្រះកាយឲ្យប្រជារាស្រ្តខ្មែរ ជាអ្នកវិនិច្ឆ័យតាមរយៈធ្វើប្រជាមតិ ដោយបោះឆ្នោតជាសកល និងដោយសម្ងាត់ ។ ពេលនោះដែរ ព្រះអង្គបានសួរទៅពួកតំណាងរាស្រ្ត មកពីគណប្រជាធិបតេយ្យថា៖ តើពួកអស់លោកចង់បានអ្វីឲ្យពិតប្រាកដ? បើកាលពីឆ្នាំ១៩៤៩ ពួកអស់លោកបដិសេធមិនព្រមផ្ដល់សច្ចាប័នលើសន្ធិសញ្ញាជាមួយបារាំង ហើយទន្ទឹមគ្នានេះដែរ ពួកអស់លោកមិនព្រមធ្វើការចចារជាមួយបារាំងទៀត តើអស់លោកសង្ឃឹមលើ សឺង ង៉ុកថាញ់ ឫសង្ឃឹមលើពួកវៀតមិញ ជាអ្នកដណ្ដើមឯករាជ្យនោះ? ពេលនោះ តំណាងរាស្រ្តភាគច្រើនមកពីគណបក្សប្រជាធិបតេយ្យ នាំគ្នាឈ្ងោកមុខដើរចេញពីរដ្ឋសភាទាំងទឹកមុខស្រងូតស្រងាត់ពិតមែន តែពួកគេនៅតែប្រឆាំងនឹងការទាមទារឯករាជ្យរបស់ព្រះអង្គដដែល ។ នៅទីបំផុត ព្រះអង្គបានប្រែក្លាយសភានោះ ឲ្យទៅជាសភាពិគ្រោះវិញ ហើយ សឺន សាន ក៏បានសុំលាឈប់ពីតំណែងប្រធានរដ្ឋសភានោះដែរ។

ព្រះមហាក្សត្រនរោត្តម សីហនុ បានជ្រាបថា កាលពីឆ្នាំ១៩៥១ ពេលគណបក្សប្រជាធិបតេយ្យ ដឹកនាំរាជរដ្ឋាភិបាលនោះ ដោយមានការបញ្ជារបស់មន្រ្តីរបស់ពួកគេជាតំណាងរាស្រ្តនៅក្នុងរដ្ឋសភា សុន វ៉ឺនសៃ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងការពារជាតិ ក៏បានលួចដឹកជញ្ជូនថ្នាំពេទ្យ អាវុធ និងគ្រាប់រំសេវមួយចំនួនដែលប្រទេសបារាំង ផ្ដល់ជាជំនួយដល់កងយោធពលខេមរភូមិន្ទរបស់ព្រះអង្គនោះ យកទៅឲ្យចលនាតស៊ូរបស់សឺង ង៉ុកថាញ់ និងពួកទ័ពព្រៃផ្សេងៗទៀតផង។ ព្រះមហាក្សត្របានបញ្ជាក់ថា នៅស្រុកសំរោង និងស្រុកចុងកាល់ ដែលស្ថិតនៅភាគខាងជើងក្រុងសៀមរាប និងនៅស្រុកព្រះនេត្រព្រះ ខេត្តបាត់ដំបង កងទ័ពរបស់សឺង ង៉ុកថាញ់ មានកាំភ្លើងមកពីប្រទេសបារាំងថ្មីៗ និងគ្រាប់រំសេវជាច្រើន ប្រើប្រាស់ ហើយសុខភាពរបស់កងទ័ពទាំងនោះ មានលក្ខណៈល្អប្រសើរ ទោះបីជាពួកគេកំពុងឈរជើងនៅក្នុងតំបន់ ដែលពោរពេញទៅដោយជំងឺគ្រុនចាញ់ក៏ដោយ ។ ចំណែកកងយោធពលខេមរភូមិ្ទរបស់ព្រះអង្គ បែរជាកាន់កាំភ្លើងចាស់ៗ និងគ្រាប់មិនសូវមានគុណភាព(ខូច)ទៅវិញ ហើយសុខភាពក៏ត្រូវទ្រុឌទ្រោមដោយសារតែជម្ងឺគ្រុនចាញ់ ដែលសូម្បីតែថ្នាំគីនីន ក៏គ្មានប្រើផង ៕(វាយអត្ថបទដោយ៖ កញ្ញា កៅ សុផានីត)