ស្រាវជ្រាវដោយ ឈឹម សេរីភួន៖ ខែកក្កដា ឆ្នាំ១៩៥១ គណបក្សជាច្រើន បានរៀបចំខ្លួនដើម្បីចូលរួមការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តអាណត្តិទី២ ពេលនោះ យ៉ែម សំបូរ បានបំបែកខ្លួនចេញពីគណបក្សប្រជាធិបតេយ្យ ទៅបង្កើតគណបក្សថ្មីមួយឈ្មោះ គណបក្សហនុមាន ដើម្បីចូលរួមក្នុងការបោះឆ្នោតជាមួយគណបក្សដែលទើបបង្កើតថ្មីមួយចំនួនទៀត ផងដែរ។ ការបោះឆ្នោតនោះ រៀបចំដោយនាយករដ្ឋមន្រ្តី អ៊ុម ឈាងស៊ុន និងរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ប្រាក់ សារិន ដែលគណបក្សប្រជាធិបតេយ្យធ្វើការចោទប្រកាន់ថា ជាមនុស្សពុំសូវមានអព្យាក្រិតភាព និងមិនមានសមត្ថភាពប៉ុន្មានឡើយ។ សឺន សាន ត្រូវបានគណបក្សប្រជាធិបតេយ្យ ឲ្យឈរឈ្មោះជាបេក្ខជនតំណាងរាស្រ្តនៅមណ្ឌលភ្នំពេញ។ ពេលយុទ្ធនាការឃោសនាបោះឆ្នោត គណបក្សសេរីភាពរបស់ព្រះអង្គម្ចាស់នរោត្តម នរិន្ទដេត ដែលគេសង្ស័យថា ជាអ្នកនៅពីក្រោយខ្នងឃាតករបោកគ្រាប់បែកសម្លាប់លោកអៀវ កើស នោះ បានដើរឃោសនាមួលបង្កាច់ថា សឺន សាន ជាជនជាតិយួន…។ ពេលនោះ សឺន សាន បានធ្វើការបកស្រាយបំភ្លឺវិញថា គឺព្រះអង្គម្ចាស់ក្សត្រិយ៍ស៊ីសុវត្ថិ ពិនដារា ជាមាតារបស់ព្រះអង្គម្ចាស់នរោត្តម នរិន្ទដេត និងអនុជព្រះនាង គឺសម្ដេចក្រុមហ្លួង ស៊ីសុវត្ថិ សុផាណាវង្ស ជាអ្នកនាំឪពុករបស់គាត់ឈ្មោះ សឺន សាច់ និងបងប្អូនជីដូនមួយម្នាក់ទៀត ពីទឹកដីកូសាំងស៊ីន(កម្ពុជាក្រោម) មករស់នៅក្រុងភ្នំពេញ តាំងពីមុនឆ្នាំ១៩០០មកម្ល៉េះ ហើយក្រោយមក ព្រះអង្គម្ចាស់នរោត្តម នរិន្ទវិទ្ធីវង្ស ជាបុត្រារបស់ព្រះអង្គម្ចាស់នរោត្តម នរិន្ទដេត នេះ ត្រូវបានគាត់ (សឺន សាន) និងភរិយាគាត់យកមកចិញ្ចឹមបីបាច់ថែរក្សា ទុកដូចជាកូនចិញ្ចឹមផងដែរ។ សឺន សាន ចង់បញ្ជាក់ប្រាប់សាធារណជនថា បើគាត់ជនជាតិយួនដូចការចោទប្រកាន់របស់ព្រះអង្គម្ចាស់នរោត្តម នរិន្ទដេត មែននោះ ក៏មិនអាចលាក់ជិតដែរ។

លទ្ធផលនៃការបោះឆ្នោតជ្រើសតាងតំណាងរាស្រ្តអាណត្តិទី២ ដែលបានធ្វើឡើងនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ១៩៥១ គណបក្សប្រជាធិបតេយ្យ ទោះបីអស់ពីព្រះអង្គម្ចាស់យុត្តិវង្ស និងអៀវ កើស ទៅ ក៏នៅតែឈ្នះឆ្នោតភ្លូកទឹកភ្លូកដី ដោយនៅក្នុងចំណោមអាសនៈសរុបក្នុងរដ្ឋសភា ចំនួន៧៨អាសនៈ គណបក្សប្រជាធិបតេយ្យ ទទួលបាន៥៤អាសនៈ, គណបក្សសេរីភាពរបស់ព្រះអង្គម្ចាស់ នរោត្ត នរិន្ទដេត ដែលមានពួកបារាំងជាអ្នកគាំទ្រទទួលបាន១៨អាសនៈ ,គណបក្សខេមរៈបណ្ណាការ របស់លោកលន់ នល់ និងលោកញឹក ជូឡុង ទទួលបាន២អាសនៈ, គណបក្សឧត្តរមានជ័យ របស់លោកម៉ៅ ចយ ទទួលបាន៤អាសនៈ ។ ឯគណបក្សហនុមាន របស់លោកយ៉ែម សំបូរ, គណបក្សវឌ្ឍនភាព, គណបក្សអភិរក្ស, គណបក្សប្រជាជន និងគណបក្សអ្នកឯករាជ្យ… ជាដើម រកតែអាសនៈមួយមិនបានផង ។ ក្រោយប្រកាសលទ្ធិផលនៃការបោះឆ្នោតនោះ រដ្ឋសភាដែលព្រះមហាក្សត្រសីហនុ បិទទ្វារជិត២ឆ្នាំមកហើយនោះ ត្រូវបានដំណើរការឡើងវិញតាមលទ្ធិប្រជាធិបតេយ្យ ។ អស់ពី អៀវ កើស ទៅ សឺន សាន ជាមន្ត្រីជាន់ខ្ពស់ម្នាក់របស់គណបក្សប្រជាធិបតេយ្យ ដែលជាប់ឆ្នោតជាតំណាងរាស្រ្តនៅមណ្ឌលភ្នំពេញ ត្រូវបានតំណាងរាស្រ្តរបស់គណបក្សប្រជាធិបតេយ្យ បោះឆ្នោតគាំទ្រឲ្យធ្វើជាប្រធានរដ្ឋសភា ទោះបីតំណាងរាស្រ្តទាំង១៨រូប មកពីគណបក្សសេរីភាពរបស់ព្រះអង្គនរោត្តម នរិន្ទដេត មិនបានបោះឆ្នោតគាំទ្រ ក៏ដោយ ។ តែក្រោយមក ក្នុងនាមជាប្រធានរដ្ឋសភាទាំងមូល ក្នុងពេលប្រជុំពិភាក្សាលើរបៀបវារៈអ្វីមួយ សឺន សាន តែងផ្ដល់ឱកាសឲ្យតំណាងរាស្រ្តមកពីគណបក្សប្រឆាំងមួយនេះ (គណបក្សសេរី) ឡើងមានមតិមុនតំណាងរាស្រ្តមកពីគណបក្សប្រជាធិបតេយ្យរបស់គាត់ ដើម្បីចៀសវាងកុំឲ្យមានការចោទប្រកាន់ថា គាត់ជាប្រធានរដ្ឋសភា មានការលម្អៀងទៅរកគណបក្សកាន់អំណាច ។

នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ១៩៥១ គណបក្សប្រជាធិបតេយ្យ ដែលជាប់ឆ្នោតបានអាសនៈ៥៤ លើអាសនៈ៧៨ ក្នុងរដ្ឋសភា បានរៀបចំរាជរដ្ឋាភិបាលមួយ ដោយមាន ហ៊ុយ កន្ធុល ជានាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីសង្គមកិច្ច, ឃួន ណៃ ជាឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និង ធម្មការ, ប៉ាច ឈឺន (អតីតអ្នកទោសគុកកោះត្រឡាច) ជារដ្ឋមន្ត្រីក្រសួងព័ត៌មាន , ឥន្ទ តារាវង្ស ជារដ្ឋមន្រ្តីក្រសួងសាធារណការ និងទូគមនាគមន៍, សឺន វ៉ឺនសៃ ជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងការពារជាតិ, ថុន អ៊ុក ជារដ្ឋមន្ត្រីក្រសួងអប់រំជាតិ យុវជន និងវិចិត្រសិល្បៈ, ម៉ម សុន ជារដ្ឋមន្ត្រីក្រសួងការបរទេស, ឌួង សំអាន ជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងសុក ឆុង ជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច (កសិកម្ម ចិញ្ចឹមសត្វ ឧស្សាហកម្ម និងពាណិជ្ជកម្ម) ។ ក្រោយពីសឺន សាន បានឡើងជាប្រធានរដ្ឋសភា មិនយូរប៉ុន្មានមក ក៏មានយុវជនរាប់រយនាក់ ដែលភាគច្រើនជាសិស្សនៅតាមវិទ្យាល័យ បាននាំគ្នាមកធ្វើបាតុកម្មនៅមុខអាគាររដ្ឋសភា ទាមទារឯករាជ្យពេញលេញពីបារាំង គឺមិនមែនឯករាជ្យនៅក្នុងក្របខណ្ឌសហភាពបារាំងនោះទេ ។ ពេលនោះ សឺន សាន បានទូរស័ព្ទទៅប្រាប់ ហ៊ុយ កន្ធុល ជានាយករដ្ឋមន្រ្តីមកពីគណបក្សប្រជាធិបតេយ្យ ជាមួយគ្នា ឲ្យអញ្ជើញមកជួបពួកយុវជនក្មេងៗជាបាតុករទាំងអស់នោះ ដើម្បីរកវិធីដោះស្រាយដែរ ។ ប៉ុន្តែ ហ៊ុយ កន្ធុល បានឆ្លើយតបមកវិញដោយពាក្យសុំទោស ព្រោះគាត់មិនអាចជួបក្មេងៗបាតុករទាំងអស់នោះបានទេ ហើយគាត់សុំឲ្យសឺន សាន លៃលករកវិធីដោះស្រាយជាមួយក្រុមបាតុករនោះដោយខ្លួនឯងចុះ ។ ពេលនោះ សឺន សាន បានស្នើសុំឲ្យក្រុមបាតុករចាត់តំណាងពួកគេ៤-៥នាក់ ដើម្បីចូលជួបពិភាក្សាគ្នានៅក្នុងការិយាល័យរបស់គាត់នៅក្នុងអគាររដ្ឋសភានោះដែរ តែពួកគេមិនព្រម និងទាមទារឲ្យប្រធានរដ្ឋសភារូបនោះចេញមកមានមតិឆ្លើយបំភ្លឺនៅចំពោះក្រុមបាតុករទាំងអស់តែម្ដង ។

សឺន សាន បានសម្រេចចិត្តនាំតំណាងរាស្រ្តមួយចំនួនទៀត ទៅជួបហ្វូងបាតុករតាមការទាមទារ ដោយមិនដឹងថា ត្រូវនិយាយអ្វីជាមួយពួកគេផង ។ តែទោះបីជាយ៉ាងណា សឺន សាន បាននិយាយទៅកាន់ហ្វូងបាតុការថា រាជរដ្ឋាភិបាលរបស់គណបក្សប្រជាធិបតេយ្យ ជានិច្ចកាលតែងតែមានទិសដៅទាមទារឯករាជ្យទាំងស្រុងមកជូនប្រទេសជាតិវិញ។ ប៉ុន្តែជារឿងមួយពិបាក ហើយត្រូវការពេលវេលាយូរ។ ពេលនោះស្រាប់តែមានយុវសិស្សបាតុករម្នាក់ឈ្មោះ អ៊ុម ស៊ីម បានស្រែកឡើងថា៖ “បើអញ្ចឹង! សូមឲ្យលោកធ្វើប្រធានរដ្ឋសភានេះ រាប់រយឆ្នាំទៅចុះ…” ។ ឮដូច្នេះសឺន សាន ឡើងស្លឹកត្រចៀកក្រហម តែគាត់អត់ធ្មត់ មិនច្រឡោតតបតវិញទេ ហើយគាត់ព្យាយាមនិយាយពន្យល់ និងបញ្ចុះបញ្ចូលទៅហ្វូងបាតុករថា៖ “ បើអស់លោកនាំគ្នាមករដ្ឋសភា ដើម្បីស្នើសុំឲ្យពួកយើងខ្ញុំទាមទារឯករាជ្យជូនជាតិនោះ សូមអស់លោកមេត្តាស្ដាប់ខ្ញុំ ហើយនាំគ្នាត្រឡប់ទៅវិញដោយរបៀបរៀបរយ និងស្ងៀមស្ងាត់ ដើម្បីទុកឱកាសឲ្យពួកយើងខ្ញុំដោះស្រាយបញ្ហានេះ”។ ពេលនោះយុវសិស្សបាតុករ ដែលមួយចំនួនធំ សុទ្ធសឹងជាសិស្សស្នាក់នៅក្នុងមជ្ឈមណ្ឌលអន្តេវាសិកវិទ្យាល័យនានា ដែលសឺន សាន ជាអ្នកបង្កើតឡើងនោះ បានយល់ព្រមតាមសំណូមពររបស់គាត់ ៕ (វាយអត្ថបទដោយ៖ កញ្ញាកៅ សុផានីត)