រាជធានីភ្នំពេញ ៖ ជនសង្ស័យ១ក្រុម បានធ្វើសកម្មភាពបន្លំយកលុយ ពីផ្ទះលក់អីវ៉ាន់ចាបហួយ និងបើកវីងវេលុយយីហោ វិន សាវុធ ស្ថិតនៅតាមផ្លូវជាតិលេខ៥ ក្នុងភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ បង្កការភ្ញាក់ផ្អើល នៅវេលាម៉ោងប្រមាណ៨និង៣០នាទីព្រឹក ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០។ម្ចាស់វីង ដែលជនសង្ស័យចូលលួចនេះ មានឈ្មោះ វិន សាវុធ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរបើកវីង និងលក់អីវ៉ាន់ចាបហួយខាងលើ ។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងទៀតថា មុនពេលកើតហេតុ មានជនសង្ស័យប្រុសស្រី២នាក់ បានជិះម៉ូតូ១គ្រឿងមកដូរលុយ នៅផ្ទះវីងចំនួន១០០ដុល្លារ ហើយក៏ត្រឡប់ទៅបាត់ទៅវិញ ។ លុះប្រមាណ១ម៉ោងក្រោយមក ជនសង្ស័យរូបនោះ ក៏បានត្រឡប់មកវិញឈប់នៅចិញ្ចើមផ្លូវ ធ្វើជាទិញភេសជ្ជៈខារ៉ាប៉ាវចំនួន១០កំប៉ុង ហើយអ្នកលក់រូបនោះក៏បានចេញពីកន្លែងវីងទៅយកឲ្យ ។ នៅពេលដែលអ្នកលក់រូបនោះយកភេសជ្ជៈទៅឲ្យជនសង្ស័យ ជនសង្ស័យនោះធ្វើជាពន្យារពេលឲ្យលុយ ដើម្បីឲ្យបក្ខពួកម្នាក់ទៀតបន្លំចូលទៅក្នុងតូបវីង លួចយកឡាំងដែកដាក់លុយមានលុយ ប្រមាណជិត២ម៉ឺនរត់ចេញ តែត្រូវប្អូនស្រី ម្ចាស់វីងក៏បានឃើញទាន់ស្រែកចោរៗ និងដេញតាមប្រតាយដណ្តើមយកឡាំងនោះត្រឡប់មកវិញ ។ ប្រភពបន្តថា ពេលនោះជនសង្ស័យម្នាក់នោះ បានរត់ឡើងជិះម៉ូតូបក្ខពួកដែលឈប់ចាំនៅជិតនោះ ហើយឡើងជិះម៉ូតូគេចបាត់ទៅ ៕