ស្រាវជ្រាវដោយ ឈឹម សេរីភួន៖ ក្រោយពី អៀវ កើស ត្រូវបាត់បង់ជីវិតទៅបានជាង៤ខែ នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ១៩៥០ ព្រះមហាក្សត្រនរោត្ត សីហនុ បានរំលាយរាជរដ្ឋាភិបាល ដែលមាន យ៉ែម សំបូរ ហើយបង្កើតរាជរដ្ឋាភិបាលថ្មីមួយ រួមមាន៖ នាយករដ្ឋមន្រ្តី១រូប, ទេសរដ្ឋមន្រ្តី២រូប និងរដ្ឋមន្រ្តី៨រូប ដោយក្នុងនោះមានព្រះអង្គជានាយករដ្ឋមន្រ្តី ផ្ទាល់តែម្ដង, តាន់ ម៉ៅ ជាទេសរដ្ឋមន្រ្តី, ប៉ែន នុត ជាទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីការពារជាតិ, យិត ស្រ៊ុន ជារដ្ឋមន្រ្តីមហាផ្ទៃ, ម៉ម សុន ជារដ្ឋមន្រ្តីការបរទេស សាធារណការ និងគមនាគមន៍, អូ ឈីន ជារដ្ឋមន្រ្តីហិរញ្ញវត្ថុ, ឃួន ណៃ ជារដ្ឋមន្រ្តីសេដ្ឋកិច្ចជាតិ, ចាន់ ណាក ជារដ្ឋមន្រ្តីយុត្តិធម៌, ពីទូ ដឺម៉ង់តេរ៉ូ ជារដ្ឋមន្រ្តីអប់រំជាតិ, នាល ផ្លែង ជារដ្ឋមន្រ្តីសាធារណសុខាភិបាល ការងារ និងសង្គមកិច្ច និង អ៊ិន ងិន ជារដ្ឋមន្រ្តីធម្មការ និងវិចិត្រសិល្បៈ ។

ប៉ុន្ដែ បង្កើតរាជរដ្ឋាភិបាលថ្មីនេះមិនបានមួយខែពេញផង នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ១៩៥០ដដែលនោះ ព្រះមហាក្សត្រនរោត្ត សីហនុ បានរំលាយរាជរដ្ឋាភិបាលនេះចោលវិញ ហើយបបង្កើតរាជរដ្ឋាភិបាលថ្មីមួយទៀត រួមមាន៖ នាយករដ្ឋមន្រ្តី១រូប និងរដ្ឋមន្រ្តី១១រូប ដោយតែងតាំងព្រះអង្គម្ចាស់ស៊ីសុវត្ថិ មុនីពង្ស ជានាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីមហាផ្ទៃ និងព័ត៌មាន, រ៉ាយ ល្មុត ជារដ្ឋមន្រ្តីសេដ្ឋកិច្ចជាតិ និងផែនការ, សុន វ៉ឺនសៃ រដ្ឋមន្រ្តីការពារជាតិ, អូ ឈីន ជារដ្ឋមន្រ្តីហិរញ្ញវត្ថុ, ទឺម កេន ជារដ្ឋមន្រ្តីសាធារណការ និងគមនាគមន៍, ចាន់ ណាក ជារដ្ឋមន្រ្តីយុត្តិធម៌, ពីទូ ដឺម៉ង់តេរ៉ូ ជារដ្ឋមន្រ្តីអប់រំជាតិ និងយុវជន, ឃួន ណៃ ជារដ្ឋមន្រ្តីកសិកម្ម និងចិញ្ចឹមសត្វ, នាល ផ្លែង ជារដ្ឋមន្រ្តីសុខាភិបាល និងសង្គមកិច្ច, មាស ហ៊ែល ជារដ្ឋមន្រ្តីធម្មការ និងវិចិត្រសិល្បៈ, សឺន សាន ជារដ្ឋមន្រ្តីការបរទេស និង ជា ជិនកុក ជារដ្ឋមន្រ្តីឧស្សាហកម្ម និងពាណិជ្ជកម្ម។

លុះដល់ថ្ងៃទី១ ខែមករា ឆ្នាំ១៩៥១ ព្រះមហាក្សត្រនរោត្ត សីហនុ បានបង្កើតរាជរដ្ឋាភិបាលថ្មីមួយទៀត ដោយគ្រាន់តែធ្វើកែសម្រួលរាជរដ្ឋាភិបាល ដែលមានព្រះអង្គម្ចាស់ស៊ីសុវត្ថិ មុនីពង្ស ជានាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីមហាផ្ទៃ និងព័ត៌មាន ឡើងវិញប៉ុណ្ណោះ ក្នុងនោះមាន សម ញាណ ជាឪពុក សម សារី រដ្ឋមន្រ្តីធម្មការ និងវិចិត្រសិល្បៈ ។ រាជរដ្ឋាភិបាលថ្មីនេះ រួមមាន៖ នាយករដ្ឋមន្រ្តី១រូប, រដ្ឋមន្រ្តី១០រូប និងអនុរដ្ឋលេខាធិការ១រូប ដោយមានព្រះអង្គម្ចាស់ស៊ីសុវត្ថិ មុនីពង្ស ជានាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីសុខាភិបាល ការងារ និងសង្គមកិច្ច, ឃួន ណៃ ជារដ្ឋមន្រ្តីកសិកម្ម និងចិញ្ចឹមសត្វ, ពីទូ ដឺម៉ង់តេរ៉ូ ជារដ្ឋមន្រ្តីយុត្តិធម៌, មាស ហ៊ែល ជារដ្ឋមន្រ្តីព័ត៌មាន, អូ ឈឺន ជារដ្ឋមន្រ្តីមហាផ្ទៃ, ទឺម កេន ជារដ្ឋមន្រ្តីសាធារណការ និងគមនាគមន៍, សឺន សាន ជារដ្ឋមន្រ្តីការបរទេស, សុន វ៉ឺនសៃ រដ្ឋមន្រ្តីការពារជាតិ, សម ញាណ (ឪពុក សម សារី) ជារដ្ឋមន្រ្តីធម្មការ និងវិចិត្រសិល្បៈ, ញឹក ជូឡុង ជារដ្ឋមន្រ្តីហិរញ្ញវត្ថុ, ហ៊ុយ កន្ធុល ជារដ្ឋមន្រ្តីអប់រំជាតិ និងយុវជន និង ម៉ម សុន អនុរដ្ឋលេខាធិការសុខាភិបាល និងសង្គមកិច្ច។

រាជរដ្ឋាភិបាលដែលមានព្រះអង្គម្ចាស់ស៊ីសុវត្ថិ មុនីពង្ស ជានាយករដ្ឋមន្រ្តីនេះ ដំណើរការបានតែ២ខែ ព្រះមហាក្សត្រនរោត្ត សីហនុ បានរំលាយចោលវិញ ដោយនៅថ្ងៃទី៣ ខែមីនា ឆ្នាំ១៩៥១ បង្កើតរាជរដ្ឋាភិបាលថ្មីមួយទៀត ដោយមាន សម ញាណ (ឪពុក សម សារី) ជារដ្ឋមន្រ្តីធម្មការ និង សម សារី អនុរដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្រ្តី ផងដែរ ។ រាជរដ្ឋាភិបាលថ្មីនេះ រួមមាន៖ នាយករដ្ឋមន្រ្តី១រូប, ឧបនាយករដ្ឋមន្រ្តី១រូប រដ្ឋមន្រ្តី៩រូប និងអនុរដ្ឋលេខាធិការ១រូប ក្នុងនោះ អ៊ុម ឈាងស៊ុន ជានាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការពារជាតិ, ម៉ម សុន ជាឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីសុខាភិបាល, ហ៊ុយ កន្ធុល ជារដ្ឋមន្រ្តីអប់រំជាតិ និងវិចិត្រសិល្បៈ, នាល ផ្លែង ជារដ្ឋមន្រ្តីការបរទេស, ញឹក ជូឡុង ជារដ្ឋមន្រ្តីហិរញ្ញវត្ថុ, សម ញាណ (ឪពុក សម សារី) ជារដ្ឋមន្រ្តីធម្មការ, ពីទូ ដឺម៉ង់តេរ៉ូ ជារដ្ឋមន្រ្តីយុត្តិធម៌, អូ ឈឺន ជារដ្ឋមន្រ្តីមហាផ្ទៃ និងព័ត៌មាន, ផ្លែក ភីន ជារដ្ឋមន្រ្តីកសិកម្ម, ជា ជិនកុក ជារដ្ឋមន្រ្តីឧស្សាហកម្ម និងពាណិជ្ជកម្ម, សុន វ៉ឺនសៃ ជារដ្ឋមន្រ្តីសាធារណការ និង សម សារី (ឪពុក សម រង្ស៊ី ) ជាអនុរដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្រ្តី ៕