រាជធានីភ្នំពេញ៖ មុននេះបន្តិច ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសថា ក្រសួងនឹងចាប់ផ្តើមបង្ហាញអត្តសញ្ញាណចំពោះអ្នកដែលត្រូវបានរកឃើញមានវិជ្ជមានជំងឺកូវីដ១៩ ដើម្បីងាយស្រួលក្នុងការស្វែងរកអ្នកពាក់ព័ន្ធ បានឆាប់រហ័ស។

ការបញ្ចេញអត្តសញ្ញាណអ្នកដែលវិជ្ជមានមេរោគកូវីដ១៩នេះ បានធ្វើឡើងបន្ទាប់ពីមានចំណារឯកភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

ក្រៅពីបញ្ចេញអត្តសញ្ញាណអ្នកដែលត្រូវរកឃើញវិជ្ជមានកូវីដ១៩ នោះ ដើម្បីបង្កើនប្រសិទ្ធភាព ក្នុងការទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ នៅក្នុងសហគមន៍កម្ពុជា ក្រសួងសុខាភិបាល ក៏តម្រូវឱ្យគ្រប់អ្នកដំណើរទាំងអស់ដែលចូលមកប្រទេសកម្ពុជា ត្រូវធ្វើចត្តាឡីស័ករយពេល១៤ថ្ងៃ ពេញលេញ។ អ្នកដំណើរទាំងអស់ ក៏ត្រូវមានវិញ្ញាបនបត្របញ្ជាក់សុខភាព (Health Certificate) ចេញដោយអាជ្ញាធរសុខាភិបាលទទួលស្គាល់ប្រទេសសាមី បញ្ជាក់ថា គ្មានកូវីដ១៩ មានសុពលភាពរយៈពេល៧២ម៉ោង មុនពេលចេញដំណើរ។

បន្ថែមពីនេះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សម្តេចតេជោ ហ៊ុន សែន ប្រយុទ្ធនឹងជំងឺកូវីដ១៩ ក៏ចូលរួមជួយយកសំណាក និងការងារអប់រំផ្សព្វផ្សាយ បណ្តុះបណ្តាលសហគមន៍។

សូមបញ្ជាក់ថា វិធានការថ្មីរបស់រាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងបន្ទាប់ពី កម្ពុជាបានរកឃើញករណីឆ្លងជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ជាលើកដំបូង កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ បន្ទាប់ពីធ្វើតេស្តរកឃើញវិជ្ជមានជំងឺកូវីដ១៩ លើក្រុមគ្រួសារអគ្គនាយកពន្ធនាគារកម្ពុជា រួមនឹងអ្នករស់នៅជាមួយ ដែលមិនមានប្រភពចម្លងមេរោគនេះច្បាស់លាស់។ ការរីករាលដាលក្នុងសហគមន៍នេះ បានកើនឡើងកាន់តែច្រើន ដែលជំរុញឱ្យរាជរដ្ឋាភិបាល ដាក់ចេញនូវវិធានការនានាជាជំហានៗបន្តបន្ទាប់។

រហូតមកដល់ពេលនេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ សរុប៣៤១នាក់ (បូករួមទាំងករណីវិជ្ជមាន៦នាក់ថ្មីនេះ) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន៣០៤នាក់ និងអ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន៣៧នាក់៕