រាជធានីភ្នំពេញ៖ យោងតាមលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានឲ្យដឹងមុននេះបន្តិចថា ក្រសួងសុខាភិបាល បានរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ នៅលើខ្លួនបុគ្គលិកហាង Pedro ចំនួន៦រូបថែមទៀត សរុបអ្នកឆ្លងនៅហាង Pedro កើនដល់៧នាក់ ខណៈថ្ងៃនេះក៏មានអ្នកដំណើរមកពីសហរដ្ឋអាមេរិក៣នាក់ បានឆ្លងកូវីដ១៩ផងដែរ នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០នេះ។

លោកស្រីបានបន្តថា លទ្ធផលវិជ្ជមានវីរុសកូវីដ១៩ របស់បុគ្គលិកហាង Pedro នៅផ្លូវព្រះសីហនុ ត្រូវបានបញ្ជាក់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នារសៀលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០។ ចំណែកហាងលក់សំលៀកបំពាក់ Pedro ត្រូវបានអាជ្ញាធរសម្រេចបិទបណ្តោះអាសន្ន ហើយថ្ងៃនេះផងដែរ ក៏មានអ្នកដំណើរមកពីសហរដ្ឋអាមេរិកចំនួន៣នាក់ ឆ្លងកាត់កោះតៃវ៉ាន់ ចូលមកភ្នំពេញមានវិជ្ជមានកូវីដ១៩ផងដែរ។

ទោះជាយ៉ាងណា មុននឹងមានការរកឃើញមេរោគកូវីដ១៩ នៅខ្លួនបុគ្គលិកហាង Pedro នេះ គឺក្រសួងសុខាភិបាល បានរកឃើញករណីវិជ្ជមានកូវីដ១៩ នៅលើខ្លួនបុគ្គលិកហាងនេះម្នាក់ កាលពីម្សិលមិញ។ បុគ្គលម្នាក់នោះត្រូវបានរកឃើញថា ឆ្លងមេរោគកូវីដ១៩ បន្ទាប់ពីបានប៉ះពាល់អ្នកផ្ទុកមេរោគនេះ ដែលបានចូលទៅកាន់ហាងនោះ៕