ខេត្តព្រះសីហនុ៖ ​កម្លាំងសមត្ថកិច្ចជំនាញខេត្តព្រះសីហនុ បានស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនជាតិចិន(ប្រុស.ស្រី) ចំនួន៣នាក់ ពាក់ព័ន្ធករណីឃាតកម្ម នៅកាស៊ីណូជៀឡុងជូរ ស្ថិតក្នុងក្រុម៨ ភូមិ៦ សង្កាត់៤ ក្រុង-ខេត្ដព្រះសីហនុ។

លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា កាលពីវេលាម៉ោង៨ និង៣០នាទី ព្រឹក ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ដព្រះសីហនុ បានទទួលព័ត៌មានថា ប្រទះឃើញសាកសពក្នុងរថយន្ដ Highlander ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AC-3012 ចតទុកចោល នៅតាមវិថីលេខ៨៣៥ ម្ដុំគោលដៅP12 ស្ថិតក្នុងភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ។ ក្រោយពេលពិនិត្យ និងកោសល្យវិច័យ ជាលទ្ធផល ដឹងថា ​សព ភេទប្រុស ជាជនជាតិចិន (មិនស្គាល់អត្ដសញ្ញាណ) ស្លាប់ដោយករណីឃាតកម្ម (បាក់កស្លាប់)។ លុះមកវេលាម៉ោង១០ និងង៣០នាទីព្រឹក ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ កម្លាំង​​នគរបាលខេត្ដ បានឃាត់ខ្លួន ជនសង្ស័យ ឈ្មោះ LI FENG ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិចិន ជាសន្ដិសុខកាស៊ីណូជៀវឡុងជូរ ស្នាក់នៅកាស៊ីណូជៀវឡុងជូរ ស្ថិតក្នុងក្រុម៨ ភូមិ៦ សង្កាត់លេខ៤ ក្រុង-ខេត្ដព្រះសីហនុ ខណៈពេលជននេះ រួមនឹងបក្ខពួកបម្រុង គេចខ្លួនពីកន្លែងស្នាក់នៅ។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ក្រោយពេលសាកសួរ និងតាមការចង្អុលបង្ហាញពីសាក្សី ជនសង្ស័យខាងលើពិតជាមានការជាប់ពាក់ព័ន្ធនឹងករណីឃាតកម្ម កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង០៤ និងង៣០នាទីទៀបភ្លឺ នៅកាស៊ីណូជៀវឡុងជូរ មែន។  ជននេះ និងបក្ខពួក បានយកសាកសព ចុះពីជាន់លើ នៃកាស៊ីណូ ​មកក្រោម រួចហើយដាក់ចូលក្នុងរថយន្ដម៉ាក Highlander ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AC-3012 យកទៅប្លុងចោល។ លុះមកដល់វេលាម៉ោង១៣ថ្ងៃខែឆ្នាំដដែល កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្ដ បានបន្ដប្រតិបត្ដិការ ដោយមានការដឹកនាំ និងសម្របសម្រួលនីតិវិធីពីលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ដព្រះសីហនុ បានសហការជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ចុះទៅកាន់ទីតាំងកាស៊ីណូជៀវឡុងជូរ (កន្លែងកើតហេតុ)។

ជាលទ្ធផលសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ក្នុងករណីនេះ សរុបចំនួន​៣នាក់៖ ទី១-ឈ្មោះ Li Feng ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិចិន មុខរបរ សន្ដិសុខកាស៊ីណូ កាន់លិខិតឆ្លងដែនលេខ៖ EE6258754 ស្នាក់នៅកន្លែងកើតហេតុ (ជាចារី), ទី២-ឈ្មោះ Yu YanLong ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិចិន មុខរបរ សន្ដិសុខកាស៊ីណូ កាន់លិខិតឆ្លងដែនលេខ៖EH1515086 ស្នាក់នៅកន្លែងកើតហេតុ (ជាសហចារី), ទី៣-ឈ្មោះ Tu Lin ភេទស្រី អាយុ៤៣ឆ្នាំ ជនជាតិចិន មុខរបរ អ្នកគ្រប់គ្រងបុគ្គលិកជនជាតិចិន កាន់លិខិត ឆ្លងដែនលេខ៖G53041257 ស្នាក់នៅកន្លែងកើតហេតុ (អ្នកសមគំនិត)។ រីឯសម្ភារវត្ថុតាង​ដកហូតបាន រួមមាន៖ រថយន្ដ០១គ្រឿងម៉ាក Highlander ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AC-3012 (មធ្យោបាយធ្វើសកម្មភាព), ក្បាលឌីវីអ័រ ចំនួន០២គ្រឿង, ហាតឌីស ចំនួន០១គ្រឿង, ទូរស័ព្ទដៃចំនួន០៣គ្រឿង, លិខិតឆ្លងដែនចំនួន ០២ក្បាល, កាបូបស្ពាយពណ៌ខ្មៅ ចំនួន០១,រថយន្ដ០១គ្រឿងស្ដារិក ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AZ-9280។

បច្ចុប្បន្នជនសង្ស័យរួមទាំងសម្ភារវត្ថុតាង សមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលខេត្ដព្រះសីហនុ កំពុងបំពេញនីតិវិធី ដើម្បីបញ្ជូនទៅកាន់សាលាដំបូងខេត្ដចាត់ការបន្ដតាមផ្លូវច្បាប់៕