ខេត្តព្រះសីហនុ៖ រថយន្តសង្រ្គោះបន្ទាន់មួយគ្រឿង ​ដឹកសំណាកកូវីដ-១៩យកទៅពិនិត្យ នៅឯរាជធានីភ្នំពេញ ស្រាប់តែជួបនឹងគ្រោះអកុសល ជ្រុលចង្កូតទៅបុកម៉ូតូសណ្ដោងរ៉ឺម៉ក បណ្ដាលឲ្យស្លាប់យ៉ាងអាណោចអាធ័មមួយរំពេច កាលពីវេលាម៉ោង៦ និង២០នាទីព្រឹក ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ នៅត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១២១-១២២ ស្ថិតក្នុងភូមិក្រាំងអាត់ ឃុំកំពង់សិលា ស្រុកកំពង់សិលា ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលជួបនឹងឧប្បត្ដិហេតុគ្រោះថ្នាក់ចរាចរណ៍នោះ គេឃើញរថយន្ដសង្រ្គោះបន្ទាន់មួយគ្រឿង (AMBULANCE) ពណ៌ស ពាក់ស្លាកលេខ រដ្ឋ ១២-២០៩១១ (ដឹកសពជនជាតិចិនម្នាក់ និងសំណាកកូវីដ-១៩ ចំនួន៣កេស ដើម្បីយកទៅធ្វើតេស្ដ និងពិនិត្យនៅភ្នំពេញ) បើកបោះពួយយ៉ាងលឿន ក្នុងទិសដៅស្របគ្នាជាមួយនឹងម៉ូតូសណ្ដោងរ៉ឺម៉ក។ លុះពេលរថយន្ដបើកមកដល់ចំណុចកើតហេតុ ក៏ជ្រុលចង្កូតទៅបុកពីក្រោយម៉ូតូសណ្តោងរ៉ឺម៉ក បណ្តាលឲ្យអ្នកបើករ៉ឺម៉កស្លាប់យ៉ាងអាណោចអាធ័មមួយរំពេច។ ដោយឡែកវត្ថុសំណាកទាំង៣កេសនោះ ពុំមានការបែក ឬដាច់រហែកនោះឡើយ។

ប្រភពព័ត៌មានដដែល បានបន្ដថា អ្នកបើកបររថយន្តសាមុយបង្ក មិនស្គាល់អត្តសញ្ញាណ។ រីឯម៉ូតូសណ្តោងរ៉ឺម៉ក ម៉ាក WAVE ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះ រាម ទូច ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរលក់ផ្កា មានទីលំនៅភូមិស្នាយពល ឃុំរការ ស្រុកពារាំង ខេត្តព្រៃវែង។

ក្រោយពេលកើតហេតុ សាកសព និងសំណាកកូវីដ-១៩ ត្រូវបានរថយន្តសាមុយរបស់មន្ទីរពេទ្យបង្អែកខេត្ត ដឹកបន្តទៅកាន់រាជធានីភ្នំពេញ។ ដោយឡែកអ្នកបើកបររថយន្តបង្ក បានរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ។បច្ចុប្បន្ន មន្ដ្រីជំនាញកំពុងស្រាវជ្រាវ និងប្រគល់សពជូនទៅក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី ៕