ស្រាវជ្រាវដោយ ឈឹម សេរីភួន៖ នៅល្ងាចម៉ោង៦ ថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៥០ អៀវ កើស ត្រូវបាត់បង់ជីវិត ដោយជនមិនស្គាល់មុខគប់គ្រាប់បែកដៃនៅទីស្នាក់ការគណបក្សប្រជាធិបតេយ្យ។ ឃាតកម្មដ៏កំសាកថោកទាបនេះ មិនត្រូវបានគេរកឃើញជនដៃដល់ ឬអ្នកនៅពីក្រោយខ្នងនោះឡើយ ។ ប៉ុន្តែមន្រ្តីគណបក្សប្រជាធិបតេយ្យខ្លះ សង្ស័យទៅលើពួកបារាំង ខ្លះសង្ស័យលើព្រះមហាក្សត្រនរោត្តម សីហនុ ខ្លះចោទថា យ៉ែម សំបូរ ជាមេខ្លោង។ តែក្រោយមក បើតាមការស៊ើបអង្កេតរបស់ប៉ូលិស អំពីឃាតកម្មនេះ ត្រូវបានរៀបចំឡើងដោយព្រះអង្គម្ចាស់ នរោត្តម នរិន្ទដេត ជាប្រធានគណបក្សចម្រើនជឿនលឿន ហើយទ្រង់បានរត់គេចខ្លួនទៅក្រៅប្រទេសបាត់ ។សពអៀវ កើស ត្រូវបានដង្ហែយកទៅតំកល់នៅគេហដ្ឋានរបស់គាត់ នៅផ្ទះលេខ ២៣៣ នៅផ្លូវសុធារស មាត់ទន្លេ ខាងត្បូងវត្ដកែវព្រះភ្លើង ដើម្បីធ្វើបុណ្យទក្ខិណានុប្បទាន៧យប់ ៧ថ្ងៃ។ លុះដល់ថ្ងៃទី ២២ខែមករា ឆ្នាំ១៩៥០ សពត្រូវងង្ហែជាក្បួនយ៉ាងមហោឡារិក ឆ្ពោះទៅវត្ដបទុមវតី។ ក្បួនដង្ហែនោះគគ្រឹកគគ្រេង និងបត់បែនតាមផ្លូវជាច្រើនក្នុងក្រុងភ្នំពេញ គឺចេញពីគេហដ្ឋានសព តាមផ្លូវសុធារស មាត់ទន្លេ ត្រង់ទៅខាងត្បួង បត់ទៅលិចដល់ផ្លូវព្រះនរោត្តម ឆ្ពោះទៅខាងជើង មកដល់ផ្លូវឧកញ៉ាសឺន គុយ រហូតដល់មាត់ទន្លេ បត់តាមផ្លូវឧកញ៉ាឈុន ទើបបត់ចូលមកលិចវិញ មកឈប់នៅមុខមន្ទីរសភាជាតិ និមន្ដព្រះសង្ឃបង្សុកូលជូនសព រហូតចប់សព្វគ្រប់ ទើបក្បួនបន្តដំណើរតាមផ្លូវឧកញ៉ាឈុន មកលិចវិញទៀត ចូលទៅត្បូងតាមផ្លូវវត្ដបទុមវតី ទៅឈប់នៅឈាបនដ្ឋានវត្ដបទុមវតី ដើម្បីបូជា។

អៀវ កើស ប្រធានរដ្ឋសភា ឆ្នាំ១៩៥០

អៀវ កើស កើតនៅក្នុងឆ្នាំ១៩០៥ នៅឃុំសង្កែ ខេត្តបាត់ដំបង។ គាត់ជាកូនប្រុសទោលនៅក្នុងគ្រួសារមួយ ដែលមានឪពុកឈ្មោះ អៀវ ហេង និងម្ដាយឈ្មោះ ទឹក ។ កាលនៅវ័យកុមារ គាត់បានចូលរៀននៅសាលាវត្តកណ្ដាល។ បន្ទាប់មកទៀតគាត់បានចូលរៀននៅសាលាបឋមសិក្សាខេត្តបាត់ដំបង រួចសិក្សានៅវិទ្យាល័យព្រះស៊ីសុវត្ថិ ក្រុងភ្នំពេញ និងសាលាពាណិជ្ជកម្មក្រុងហាណូយ ។ បន្តមកទៀតបានប្រឡងជាប់លេខ១ នៅសាលាពាណិជ្ជកម្មនោះ នៅក្នុងឆ្នាំ១៩២៧។ ឆ្នាំ១៩២៨ គាត់បានត្រឡប់មកមាតុប្រទេសវិញ ហើយបានចូលធ្វើការនៅក្នុងក្រុមហ៊ុនដឺនីហ្រ្វែរ នៅក្រុងភ្នំពេញ និងក្រុមហ៊ុនចម្ការកៅស៊ូបារាំង នៅស្រុកមេមត់ ខេត្តកំពង់ចាម។ នៅឆ្នាំ១៩២៨នោះ គាត់បានឈ្នះក្ដីប្រធានក្រុមហ៊ុនកៅស៊ូជាជនជាតិបារាំង ពីបទប្រមាថមើលងាយគាត់នៅទីនោះ ហើយគាត់បានមកចាប់ផ្ដើមអាជីពជាសហគ្រិនស្ថាបនាមួយនៅស្រុកមេមត់ នោះបន្តទៀត។ នៅក្នុងឆ្នាំ១៩២៩ គាត់បានរៀបអាពាហ៍ពិពាហ៍ជាមួយអ្នកគ្រូម្នាក់ឈ្មោះ គឹម ស៊ីរី ហៅពាញ និងមានកូន២នាក់ ក្នុងនោះមានម្នាក់ឈ្មោះ អៀវ បណ្ណាការ ហើយ អៀវ បណ្ណាការ នេះបានរៀបការជាមួយនារីម្នាក់ឈ្មោះ អ៊ុ សុផានិត ជាកូនស្រីពៅរបស់ អ៊ុ ផានកែវ និងអ្នកស្រីប៉ុម ពាង (ម្ដាយអ្នកម្នាងម៉ូនិក) ។ អ៊ុ សុផានិត ត្រូវជាបងបង្កើតអ្នកម្នាងម៉ូនិក តែឪពុកផ្សេងគ្នា។

អៀវ បណ្ណាការ ជាកូន អៀវ កើស

ទោះបីរវល់ក្នុងមុខរបររកស៊ីជាសហគ្រិនស្ថាបនាយ៉ាងណា អៀវ កើស ក៏បានឆ្លៀតឱកាសរៀនសូត្រខ្លួនឯងបន្ថែមទៀត រហូតប្រឡងជាប់អាហាររូបករណ៍ទៅបន្តសិក្សានៅវិទ្យាស្ថានគីមី នៅទីក្រុងប៊័រដូ (Bordaux)ប្រទេសបារាំង នៅក្នុងឆ្នាំ១៩៣២។ ប៉ុន្តែពួកបារាំង បែរជារារាំងមិនឲ្យទៅបន្តការសិក្សាទៅវិញ គាត់ក៏ត្រឡប់មករកស៊ីជាសហគ្រិនសាធារណការ នៅស្រុកកំណើតគាត់ ឯក្រុងបាត់ដំបងវិញ និងបានក្លាយជាសមាជិកគណៈកម្មការចម្រុះនៃឧត្តមក្រុមប្រឹក្សាការពារផលប្រយោជន៍ផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អមរាជរដ្ឋាភិបាលខ្មែរ ផងដែរ។ពីឆ្នាំ១៩៤១ គាត់បើកហាងលក់ឱសថ និងបើកសិប្បកម្មធ្វើសាប៊ូ នៅក្រុងបាត់ដំបង រហូតដល់ឆ្នាំ១៩៤៥ គាត់ក៏បានទៅបម្រើការងារជាមន្រ្តីជាន់ខ្ពស់នៅក្រសួងសេដ្ឋកិច្ច នៅឯក្រុងភ្នំពេញ។ ឆ្នាំ១៩៤៦ អៀវ កើស បានចូលរួមជាមួយព្រះអង្គម្ចាស់ស៊ីសុវត្ថិ យុត្តិវង្ស បង្កើតគណបក្សប្រជាធិបតេយ្យ និងចូលរួមបោះឆ្នោតនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ១៩៤៦ ទទួលបានជោគជ័យយ៉ាងធំធេង ហើយបានឡើងជាប្រធានសភាពិគ្រោះធម្មនុញ្ញ។លុះដល់ចុងឆ្នាំ១៩៤៧ ក៏បានជាប់ឆ្នោតធ្វើជាប្រធានរដ្ឋសភាជាថ្មីម្ដងទៀត។ក្រោយព្រះមហាក្សត្រនរោត្តម សីហនុ ប្រកាសរំលាយសភា នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ១៩៤៩ អៀវ កើស ក៏ត្រូវបានតែងតាំងជានាយករដ្ឋមន្រ្តី ពីថ្ងៃ២០ ខែកញ្ញា ដល់ថ្ងៃ២៨ ខែកញ្ញា ១៩៤៩ ពោលគឺគាត់បានធ្វើនាយករដ្ឋមន្រ្តី រយៈពេលតែ៨ថ្ងៃប៉ុណ្ណោះ។

ពិធីដង្ហែរសព អៀវ កើស នៅមុខរដ្ឋសភា

លុះដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៥០ ក៏ត្រូវបាត់បង់ជីវិតដោយសារការគប់គ្រាប់បែកដៃចូលស្នាក់ការគណបក្សប្រជាធិបតេយ្យនោះតែម្ដងទៅ ។ទាក់ទងដល់មេដឹកនាំគណបក្សប្រជាធិបតេយ្យ ពិសេសគឺព្រះអង្គម្ចាស់ស៊ីសុវត្ថិ យុត្តិវង្ស ដែលសុគតទៅហើយនោះ ព្រះមហាក្សត្រនរោត្តម សីហនុ នៅចាំបានថា ៖ពួកអ្នកជិតស្និទ្ធនឹងទ្រង់យុត្តិវង្ស មួយចំនួនមានបំណងចង់សាងសងចេតិយមួយ ដែលមានទំហំធំជាងចេតិយរបស់ព្រះបរមសពព្រះមហាក្សត្រនរោត្តម ស៊ីសុវត្ថិ និងព្រះបរមសពព្រះមហាក្សត្រ ព្រះមុនីវង្ស ដែលសាងសងនៅលើកំពូលភ្នំព្រះរាជទ្រព្យ ក្នុងស្រុកឧដុង្គនោះ ទៅទៀត ហើយវត្តដែលញាតិវង្សរបស់ទ្រង់យុត្តិវង្ស តែងតែទៅធ្វើបុណ្យ គឺស្ថិតនៅទំនាបជើងភ្នំព្រះរាជទ្រព្យ ឌែលជាកន្លែងកំណើតរបស់ទ្រង់យុត្តិវង្ស ផងដែរ ដូច្នេះអ្នកជិតស្និទ្ធនឹងសពទ្រង់យុត្តិវង្ស ស្រមើស្រមៃចង់សាងសងមហាចេតិយដ៏ធំមួយ ដែលមានកម្ពស់ស្មើនឹងកំពូលភ្នំព្រះរាជទ្រព្យផងដែរ។ ក្រោយពេលគូសវាសប្លង់ហើយ ទើបពួកគេដឹងថាត្រូវចំណាយលុយកាក់សម្បើមណាស់ ។

ពិធីដង្ហែរសព អៀវ កើស

ដំបូងពួកគេយកថវិការជាតិមួយចំនួន ទៅសាងសង់ចេតិយនោះ និងអំពាវនាវដល់សម្បុរសជនឲ្យជួយឧបត្ថម្ភបន្ថែម ។ ប៉ុន្តែសម្រាប់អ្នកក្រីក្រគ្មានអ្វីសម្រាប់រួមវិភាគទានឡើយ ហើយអ្នកមានភាគច្រើនក៏មិនងាយនឹងចំណាយលុយកាក់ ដោយគ្មានបានផលប្រយោជន៍អ្វីមកគេវិញនោះដែរ ពួកអ្នកចាត់ចែងប្រមូលលុយកាក់នេះ បានតម្រង់មុខព្រួញួទៅរកពួកគ្រូបង្រៀន ដែលគាំទ្រសឺង ង៉ុកថាញ់ និងគណបក្សប្រជាធិបតេយ្យ វិញ ។ តែពួកគ្រូបង្រៀនដែលមានប្រាក់ខែបន្តិចបន្តួច ពុំមានលទ្ធភាពជួយរួមវិភាគចំពោះគម្រោងសំណង់ដ៏សម្បើមនោះបានឡើយ។ ចំណែកឯសិស្សានុសិស្សវិញ មានតែលះបង់លុយកាក់ដែលឪពុកម្ដាយឲ្យទុកទិញចំណី ឬការ៉េមកីម្នាក់ៗប៉ុន្មានសេនប៉ុណ្ណោះ ដើម្បីរួមចំណែកក្នុងការសាងសង់មហាវិមានចេតិយនោះ ។ ដូច្នេះបញ្ហាខ្វះខាតលុយកាក់ដ៏ច្រើនសន្ធឹកសន្ធាប់នោះ ធ្វើឱ្យឥស្សរជនជាន់ខ្ពស់របស់គណបក្សមួយចំនួន មានបំណងផ្លាស់ប្ដូរគម្រោងនេះ មកសាងសង់ចេតិយសមរម្យមួយសមល្មមនឹងលុយកាក់ដែលប្រមូលបាន។ តែពួកអ្នកជិតស្និទ្ធជាមួយទ្រង់យុត្តិវង្ស នៅតែចចេសចង់សាងសង់មហាវិមានចេតិយដ៏ស្កឹមស្កៃ ដែលពុំមានលទ្ធភាពសាងសង់បាននោះដដែល។

វត្តតម្កល់ចេតិយទ្រង់យុត្តិវង្ស

ព្រះមហាក្សត្រនរោត្តម សីហនុ នៅចាំបានទៀតថា ចំណែកនៅក្នុងសភា បើទោះបីមានការជំទាស់ពីគណបក្សប្រឆាំងយ៉ាងណាក៏ដោយ ក៏មានសមាជិកសភាមកពីគណបក្សប្រជាធិបតេយ្យភាគច្រើនលើសលុប បានបោះឆ្នោតអនុម័តឲ្យមានច្បាប់ពិសេសមួយ ដោយបង្ខំឲ្យប្រជាពលរដ្ឋទាំងអ្នកទីក្រុង និងអ្នកស្រែចម្ការ ក្នុងមួយខ្នងផ្ទះ ត្រូវបង់វិភាគទានជាទឹកប្រាក់ស្មើនឹងចំនួន៥ហ្រ្វង់បារាំង ដើម្បីរួមចំណែកសាងសង់មហាវិមានចេតិយនោះ ។ ប៉ុន្តែនៅទីបំផុត ពួកគេបានត្រឹមតែសាងសង់វិមានតម្កល់អដ្ឋិធាតុមួយតូចធម្មតាប៉ុណ្ណោះ ។ មជ្ឈដ្ឋានជាច្រើនបានកត់សម្គាល់ថា ការសាងសង់វិមានតូចមួយនេះ មិនស័ក្កិសមនឹងលុយកាក់ដែលប្រមូលបាននោះឡើយ ហើយសង្ឃឹមថា ប្រាក់មួយចំនួនធំដែលនៅសល់ពីការសាងសង់នេះពួកគេនឹងបង្វិលចូលជាថវិការដ្ឋវិញ ។ ប៉ុន្តែអ្នកដែលបានចូលជាវិភាគទានទាំងប៉ុន្មាន មានការខកចិត្តយ៉ាងខ្លាំង ព្រោះលុយកាក់ដែលពួកគេប្រមូលបានពីគ្រប់មជ្ឈដ្ឋានយ៉ាងច្រើនសន្ធឹកសន្ធាប់នោះ បែរជាសាងសង់បានត្រឹមចេតិយមួយតូចប៉ុណ្ណោះ ឯលុយដែលនៅសល់មួយចំនួនធំ ក៏មិនឃើញបង្វិលចូលជាថវិការដ្ឋវិញដែរ៕(វាយអត្ថបទដោយ៖ កញ្ញា កៅ សុផានីត)

ចេតិយទ្រង់យុត្តិវង្ស សព្វថ្ងៃនៅសល់តែសំណល់បាក់បែក