ខេត្តកំពង់ចាម ៖ កាលពីរសៀលថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១៥ និង៣០នាទី កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកព្រៃឈរ និងអាជ្ញាធរមូលដ្ឋាន ចុះបង្ក្រាបករណីបើក និងលេងល្បែងស៊ីសងខុសច្បាប់ (កន្ទុយលេខឆ្នោតរៀតណាម) នៅចំណុចផ្ទះរបស់ ឈ្មោះយ៉ាំ សុខរស់ ស្ថិតនៅភូមិតាខ្នឹង ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

សមត្ថកិច្ច បានឲ្យដឹងថា ប្រតិបត្តិការនេះ សមត្ថកិច្ចចាប់ខ្លួនស្រ្តីសង្ស័យជាមេកន្ទុយលេខចំនួន២នាក់ មានឈ្មោះ យ៉ាំ សុខរស់ អាយុ៥២ឆ្នាំ ជាតិខ្មែរ និងម្នាក់ទៀតឈ្មោះ ស៊ូ ណា អាយុ៥២ឆ្នាំ ជាតិខ្មែរ ទាំងពីរអ្នករស់នៅភូមិអ្នកតាខ្នឹង ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ ដកហូត ទូរស័ព្ទដៃចំនួន០៤គ្រឿង, ប៊ិក០២ដើម, ក្រដាសកត់លេខឆ្នោតវៀតណាមចំនួន០២សន្លឹក ,កន្ទុយលេខឆ្នោតវៀតណាមចំនួន៣៩សន្លឹក, សៀវភៅកត់លេខឆ្នោតវៀតណាមចំនួន០១ក្បាល, ប្រាក់រៀលចំនួន ៦៤៥ ០០០ រៀល។

ជនសង្ស័យរួមនឹងវត្ថុតាងខាងលើ ត្រូវសមត្ថកិច្ចបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីសាកសួរ និងកសាងសំសុំរឿងចាត់ការតាមនីតិវិធី ៕