ស្រាវជ្រាវដោយ ឈឹម សេរីភួន៖ តាមការស្នើសុំរបស់ព្រះមហាក្សត្រនរោត្តម សីហនុ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ១៩៥១ សឺង ង៉ុកថាញ់ ដែលត្រូវបារាំង ចាប់យកទៅឃុំទុកនៅប្រទេសបារាំង តាំងពីខែតុលា ឆ្នាំ១៩៤៥នោះ ត្រូវបានដោះលែង និងអនុញ្ញាតឲ្យវិលត្រឡប់មកប្រទេសកម្ពុជាវិញ។ ពេលធ្វើដំណើរមកមាតុប្រទេសវិញ មានមនុស្សរាប់ម៉ឺននាក់នាំគ្នាទៅទទួលស្វាគមន៍គាត់នៅព្រលានយន្តហោះពោធិ៍ចិនតុង និងតាមសងខាងផ្លូវចូលមកទីក្រុងភ្នំពេញ ។ សូម្បីតែ ហ៊ុយ កន្ធុល ជានាយករដ្ឋមន្រ្តី និងសមាជិកគណៈរដ្ឋមន្រ្តី ព្រមទាំងមន្ត្រីជាន់ខ្ពស់ជាច្រើននាក់ទៀត របស់គណបក្សប្រជាធិបតេយ្យ ដែលទើបនឹងឈ្នះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី២ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ១៩៥១ បានទទួលអាសនៈ៥៤ លើ៧៨ នៅក្នុងសភានោះ ក៏នាំគ្នាជិះរថយន្តរាប់រយគ្រឿងទៅហែហម សឺង ង៉ុកថាញ់ យ៉ាងអាធិកអាធមបំផុត។ នៅថ្ងៃដែល សឺង ង៉ុកថាញ់ ត្រឡប់មកដល់មាតុភូមិប្រទេសវិញនោះដែរ លោកហ្សង់ ឡេអុង ដឺរ៉ាយម៉ុង (Jcan Leon de Raymond ) ស្នងការជាន់ខ្ពស់បារាំង ប្រចាំប្រទេសកម្ពុជា ត្រូវអ្នកបម្រើជាជនជាតិវៀតណាម ម្នាក់លួចធ្វើឃាត។ ការទទួលស្វាគមន៍យ៉ាងអធិកអធមចំពោះការត្រឡប់់មកវិញរបស់ សឺង ង៉ុកថាញ់ នោះ ធ្វើឲ្យព្រះមហាក្សត្រនរោត្តម សីហនុ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយមិននឹកស្មានថា ប្រជាប្រិយភាពរបស់មេដឹកនាំប្រឆាំងនឹងបារាំងម្នាក់នេះ នៅតែមានឥទ្ធិពលខ្លាំងក្លាដដែលនោះឡើយ ។ ចំណែកពួកនិស្សិតខ្មែរ នៅឯប្រទេសបារាំង ភាគច្រើនគិតថា សឺង ង៉ុកថាញ់ នឹងទាមទារឯករាជ្យពីប្រទេសបារាំង វិញដោយជោគជ័យ ក្នុងពេលឆាប់ៗខាងមុខនេះ ជាមិនខាន។ ប៉ុន្តែទោះបីជាយ៉ាងណា ក៏ព្រះមហាក្សត្រនរោត្តម សីហនុ ចង់ឲ្យសឺង ង៉ុកថាញ់ ធ្វើជានាយករដ្ឋមន្រ្តី ដឹកនាំរាជរដ្ឋាភិបាលថ្មីមួយដែរ តែគាត់បានបដិសេធ មិនព្រមដឹកនាំគណៈរដ្ឋមន្រ្តីរបស់គណបក្សប្រជាធិបតេយ្យ ដែលទើបនឹងជាប់ឆ្នោតម្ដងទៀតនោះឡើយ។

ចំណែកពួកនិស្សិតខ្មែរ នៅឯប្រទេសបារាំង ភាគច្រើនគិតថា សឺង ង៉ុកថាញ់ នឹងទាមទារឯករាជ្យពីប្រទេសបារាំងវិញដោយជោគជ័យ ក្នុងពេលឆាប់ៗខាងមុខនេះជាមិនខាន។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ក៏ព្រះមហាក្សត្រនរោត្តម សីហនុ ចង់ឲ្យសឺង ង៉ុកថាញ់ ធ្វើជានាយករដ្ឋមន្រ្តី ដឹកនាំរាជរដ្ឋាភិបាលថ្មីមួយដែរ តែគាត់បានបដិសេធ មិនព្រមដឹកនាំគណៈរដ្ឋមន្រ្តីរបស់គណបក្សប្រជាធិបតេយ្យ ដែលទើបនឹងជាប់ឆ្នោតម្ដងទៀតនោះឡើយ។ ផ្ទុយទៅវិញ គាត់និងសហការីជំនិតៗពីមុនមួយចំនួន ដូចជា ប៉ាច ឈឺន ជាអតីតអ្នកទោសគុកកោះត្រឡាច ដែលពេលនោះ ជារដ្ឋមន្រ្តីក្រសួងព័ត៌មាន និង អៀ ស៊ីចូវ ដែលទើបបញ្ជប់ការសិក្សានៅប្រទេសបារាំងដែរនោះ បាននាំគ្នាទៅបំពេញទស្សនកិច្ចនៅតាមបណ្ដាខេត្តនានាដោយ ប៉ាច ឈឺន ឆ្លៀតឱកាសឃោសនាថ្កោលទោសពួកវៀតមិញ ដែលកំពុងឈរជើងនៅក្នុងទឹកដីកម្ពុជា។ ចំណែកសឺង ង៉ុកថាញ់វិញ គាត់ថ្លែងប្រាប់អ្នកស្រុក ដែលគាត់ទៅដល់នោះថា គាត់ពុំមែនជាសត្រូវរបស់ប្រជារាស្រ្តណាម្នាក់ឡើយ ហើយគាត់ក៏មិនធ្វើឲ្យប្រជារាស្រ្តណាម្នាក់រងគ្រោះក្នុងដំណើរឆ្ពោះទៅរកឯករាជ្យនោះដែរ ប៉ុន្តែប្រសិនបើពួកខ្មែរឥស្សរៈ និងពួកវៀតមិញ ប្រព្រឹត្តអំពើឆក់ប្លន់មកលើប្រជារាស្រ្តគាត់ត្រូវតែទប់ស្កាត់ ។ ពេលនោះដែរ សឺង ង៉ុកថាញ់ បានបង្កើតកាសែតថ្មីមួយ ឈ្មោះខ្មែរក្រោក សរសេរបំផុសគំនិតជាតិនិយម ឲ្យប្រជារាស្ត្រខ្មែរក្រោកឡើងតស៊ូប្រឆាំងនឹងពួកអាណានិគម តែនៅក្នុងបទវិចារណកថារបស់កាសែតនេះឆ្លុះបញ្ចាំងឲ្យឃើញជំហរផ្សេងៗ ពីគណបក្សប្រជាធិបតេយ្យ ។ កាសែតនេះចេញផ្សាយបានរយៈពេលមួយខែ ក៏ត្រូវរដ្ឋាភិបាលសម្រេចឈប់ឲ្យចេញផ្សាយតទៅទៀត ។

សឺង ង៉ុកថាញ់ គ្រោងរៀបចំធ្វើបាតុកម្មមហាជនមួយ ដើម្បីទាមទារឯករាជ្យពីបារាំងនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ១៩៥២ តែត្រូវបារាំងរារាំង។ ៥ថ្ងៃក្រោយមក គឺនៅថ្ងៃទី២២ ខែកុម្ភៈ ដោយសារមានការសម្របសម្រួលពីចៅហ្វាយខេត្តសៀមរាប សឺង ង៉ុកថាញ់ ក៏បានជួបប្រជុំជាសម្ងាត់ជាមួយប៉ុក គុណ និងកៅ តក់ ជាមេឥស្សរៈ ដែលមិនមែនកុម្មុយនិស្ត ។ មូលហេតុដែលចៅហ្វាយខេត្តសៀមរាប រៀបចំឲ្យមានការប្រជុំសម្ងាត់បែបនេះ ដោយសារចៅហ្វាយខេត្តសៀមរាបនោះ ដឹងថា កៅ តក់ កំពុងត្រៀមខ្លួនចុះចូលជាមួយរាជរដ្ឋាភិបាលហើយដែរ ។ ប៉ុន្តែក្រោយពីការជួបប្រជុំជាសម្ងាត់នោះមក នៅថ្ងៃទី៩ ខែមីនា ឆ្នាំ១៩៥២នោះ សឺង ង៉ុកថាញ់, អៀ ស៊ីចូវ និង ប៉ាច ឈឺន ជារដ្ឋមន្រ្តីក្រសួងព័ត៌មាន ក៏បាននាំគ្នារត់ចេញពីទីក្រុងភ្នំពេញ ដោយនាំទាំងមន្រ្តីជំនាញខាងវិទ្យុផ្សាយសំឡេងម្នាក់ នៅក្រសួងព័ត៌មាន ទៅចូលរួមជាមួយចលនាតស៊ូរបស់កែវ តក់ នៅក្នុងតំបន់ភ្នំដងរែក ។ បន្ទាប់មកទៀត ក៏មានពួកមន្រ្តីរាជការនិងទាហានរដ្ឋាភិបាល ប្រមាណ៨០នាក់ ក៏បាននាំគ្នារត់ទៅតាមពួកគាត់ដែរ៕ (វាយអត្ថបទដោយ៖ កញ្ញា កៅ សុផានីត)