រាជធានីភ្នំពេញ៖ នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានដាក់បទបញ្ជាថ្មីមួយឲ្យផ្អាកការផាកពិន័យអ្នកល្មើសច្បាប់ចរាចរណ៍ ជាបណ្ដោះអាសន្ន រហូតរង់ចាំព្រឹត្ដិការណ៍ «សហគមន៍ ២៨វិច្ឆិកា» ត្រូវបានបិទបញ្ចប់ និងមានការណែនាំថ្មី។

យោងតាម សារសម្លងរបស់ ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០ ផ្ញើជូនថ្នាក់ដឹកនាំ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ” ដោយមានការណែនាំពី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានណែនាំថា ក្នុងរយៈពេល១៥ថ្ងៃ ស្នើឲ្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដែលយើងអនុវត្តទៅលើអនុក្រឹត្យលេខ៣៩ សូមធ្វើការផ្អាកការផាកពិន័យបណ្ដោះអាសន្នសិន”។

ឧត្តមសេនីយ៍ឯក ស ថេត សង្កត់ធ្ងន់ថា បើទោះបីត្រូវផ្អាកការផាកពិន័យបណ្ដោះអាសន្នមែន ប៉ុន្ដែមន្ដ្រីនគរបាលចរាចរណ៍ទាំងអស់ ត្រូវប្រចាំការនៅគោលដៅដដែល ដើម្បីជួយសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋដែលធ្វើដំណើរនៅក្នុងរាជធានីភ្នំពេញ និងផ្អាកការពិនិត្យជាតិអាល់កុលនៅពេលយប់ដូចគ្នា៕