ខេត្តរតនគិរី៖ អតីតមន្ដ្រីដឺបេយោធាម្នាក់ត្រូវបានកម្លាំងប៉ូលiសខេត្ដ ធ្វើការឃាត់ខ្លួនពាកព័ន្ធគ្រឿងញៀន និងឆែកឆេរផ្ទះ រកឃើញឈើប្រណីតជាច្រើនទៀតផង។

ការឃាត់ខ្លួននេះបានធ្វើឡើង នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចភូមិអូររមៀត សង្កាត់ឡាបានសៀក ក្រុងបានលុង។ អតីតមន្ដ្រីដឺបេយោធាជាជនសង្ស័យនោះ ឈ្មោះវង្ស វ៉ា ហៅប្រុស ជនជាតិខ្មែរ អាយុ៤០ឆ្នាំ មានទីលំនៅភូមិ.សង្កាត់ខាងលើ។

កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ កម្លាំងប៉ូលិសខេត្តបានចុះទៅបង្រ្កាបទីតាំងប្រើប្រាស់សារធាតុញៀនមួយកន្លែងនៅត្រង់ចំណុចសាលារៀនហេងលាងចាស់ ស្ថិតក្នុងភូមិសាស្រ្តក្រុងបានលុង រកឃើញថ្នាំញៀនមួយថង់ធំ នៅក្នុងម៉ូតូម៉ាកZOOMERមួយគ្រឿង និងបានឈានដល់ធ្វើការឃាត់ខ្លួនយុវជនម្នាក់ ឈ្មោះវាំងចាន់សុវណ្ណ ហៅក្ដឹ បញ្ជូនទៅស្នងការដ្ឋាននគបាលខេត្ត ដើម្បីសាកសួរ។ជនសង្ស័យបានឆ្លើយសារភាពថា ការជួញដូរសារធាតុញៀនរបស់ខ្លួនកន្លងមក មានជាប់ពាក់ព័ន្ធមនុស្សមួយចំនួនផ្សេងទៀត។

នៅថ្ងៃទី៣០ ខែវិច្ឆិកានោះ ក៏កម្លាំងប៉ូលិសខេត្តបានសហការជាមួយតុលាការ ទៅឡោមព័ទ្ធផ្ទះជនសង្ស័យឈ្មោះវង្ស វ៉ា ហៅប្រុស ដើម្បីសុំត្រួតពិនិត្យ។ ប៉ុន្ដែខណៈដែលសមត្ថកិច្ចឡោមព័ទ្ធនោះ ម្ចាស់ផ្ទះបានចាក់សោរទ្វារបងពីខាងក្រៅ សមត្ថកិច្ចបានសម្រេចកាត់សោរចូលទៅខាងក្នុងផ្ទះ ហើយបានរកឃើញគំនរឈើជាច្រើនដុំ និងគ្រឿងញៀនចំនួនពីរថង់តូច សម្ភារៈសម្រាប់ច្រកថ្នាំមួយចំនួនខ្នោះដៃមួយ កាំបិតស្នៀតមួយ កាំបិតដងវែងមួយ ដំបងពីរកំណាត់ចំនួនពីរផងដែរ។

ជនសង្ស័យ រួមនឹងវត្ដុតាង ក្រោយពីសាកសួរធ្វើកំណត់ហេតុរួច សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕