រាជធានីភ្នំពេញ៖​ ក្រសួងសុខាភិបាល រកឃើញករណីវិជ្ជមានកូវីដ-១៩ថ្មី ចំនួន៣នាក់ទៀត ដែលប៉ះពាល់ព្រឹត្តិការណ៍ «សហគមន៍ ២៨វិច្ឆិកា» និងមានអ្នកជាសះស្បើយថ្មីចំនួន៣នាក់។

បើតាមសេចក្ដីប្រកាសព័ត៌មានដដែល បានបញ្ជាក់ថា អ្នកឆ្លងថ្មីទាំង​នោះ រួមមាន៖ -ស្ត្រីជនជាតិខ្មែរ អាយុ៦៤ឆ្នាំ មានអាសយដ្ឋាន​នៅស្នាក់នៅសង្កាត់ទួលទំពូង១ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ត្រូវជាម្ដាយអ្នកជំងឺស្ត្រីអាយុ៣៦ឆ្នាំ ដែលមានស្វាមីជាអនុប្រធាននាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ។ លទ្ធផលធ្វើការវិភាគវត្ថុសំណាករបស់ស្ត្រីខាងលើ ដែលផ្តល់ដោយវិទ្យា ស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ គឺ វិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឱ្យសម្រាក ព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

-ស្ត្រីជនជាតិខ្មែរអាយុ ២៥ឆ្នាំ និងទារក (ជនជាតិខ្មែរ) អាយុ៧ខែ មានអាសយដ្ឋាននៅស្នាក់ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ លទ្ធផលធ្វើការវិភាគវត្ថុសំណាករបស់បុគ្គលទាំងពីរខាងលើ ដែលផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ គឺវិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវ បានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

បើគិតត្រឹមម៉ោង​៧​ព្រឹក ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ នៅកម្ពុជា រកឃើញអ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប ៣២៦នាក់ (ស្ត្រី ៧៣នាក់ និងបុរស ២៥៣នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ៣០៤នាក់ និងអ្នកសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ ចំនួន២២នាក់។

ដោយឡែក នៅលើពិភពលោកវិញ បើតាមគេហទំព័រ Worldometer បានចេញផ្សាយ កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថា ចំនួនអ្នកឆ្លងកូវីដ-១៩ សរុប នៅទូទាំងពិភពលោក បន្ដកើនឡើងជិត៦៤លាននាក់ ​ស្លាប់ជាង១,៤៧លាននាក់ ​និងជាសះស្បើយ ជាង៤៣,៧លាននាក់។

ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ សហរដ្ឋអាមេរិក នៅតែជាប្រទេស មានអ្នកស្លាប់ និងឆ្លងកូវីដ-១៩ច្រើនជាងគេបំផុត នៅលើពិភពលោក ដោយមានអ្នកឆ្លង បន្ដកើតឡើងដល់ជាង១៣,៩​នាក់លាននាក់ ស្លាប់ជាង ២៧៤ ០០០​នាក់ និងជាសះស្បើយជាង៨លាននាក់។ រីឯប្រទេសដែលមានអ្នកឆ្លងច្រើនជាងគេ បន្ទាប់ពីអាមេរិក រួមមាន ឥណ្ឌា ប្រេស៊ីល រុស្ស៊ី និងបារាំង…ជាដើម។

អឺរ៉ុប ជាតំបន់ មានអ្នកឆ្លងជំងឺកូវីដ-១៩លំដាប់លេខ១ នៅលើពិភពលោក ដោយមានអ្នកឆ្លង​សរុប កើនដល់ ជាង១៧,២លាននាក់ ​ស្លាប់ 394 089នាក់​ និងជាសះស្បើយ 7 297 519នាក់​។ ប្រទេសមានអ្នកឆ្លងច្រើន នៅក្នុងតំបន់អឺរ៉ុប រួមមាន ​ រុស្ស៊ី បារាំង អេស្ប៉ាញ​ អង់គ្លេស អ៊ីតាលី និងអាល្លឺម៉ង់…ជាដើម។

អាស៊ី ជាតំបន់ មានអ្នកឆ្លង​កូវីដ-១៩ ច្រើនជាងគេលំដាប់លេខ២ នៅលើពិភពលោក ដោយមានអ្នកឆ្លងសរុប​ បន្ដកើនដល់ 16 754 267នាក់ ស្លាប់ 291 762នាក់ និងជាសះស្បើយ 14 893 429 នាក់។ រីឯប្រទេសដែលមានអ្នកឆ្លងច្រើនជាងគេ នៅតំបន់អាស៊ី រួមមាន ឥណ្ឌា ​ អ៊ីរ៉ង់ តួកគី អ៊ីរ៉ាក់ ឥណ្ឌូនេស៊ី បង់ក្លាដែស​ និងហ្វីលីពីន …ជាដើម។

អាមេរិកខាងជើង ជាតំបន់ មានអ្នកឆ្លងច្រើនលំដាប់លេខ៣ នៅលើពិភពលោក ដោយមានអ្នកឆ្លង សរុប កើនដល់ 16 208 781នាក់ ​ស្លាប់ 409 258​នាក់ ​និងជាសះស្បើយ 9 940 246នាក់។ ប្រទេស មានអ្នកឆ្លងច្រើន នៅក្នុងតំបន់នេះ រួមមាន សហរដ្ឋអាមេរិក ម៉ិកស៊ីក កាណាដា …ជាដើម។

អាមេរិកខាងត្បូង ជាតំបន់មានអ្នកឆ្លងច្រើន ​លំដាប់លេខ៤ នៅលើពិភពលោក ដោយមានអ្នកឆ្លង​សរុប កើនដល់ 11 142 531នាក់ ស្លាប់ 325 515​នាក់ ​និងជាសះស្បើយ 9 961 197នាក់។ ប្រទេស មានអ្នកឆ្លងច្រើន​ នៅក្នុងតំបន់នេះ រួមមាន ប្រេស៊ីល អាហ្សង់ទីន កូឡុំប៊ី ប៉េរូ និងឈីលី …ជាដើម។

អាហ្វ្រិក ជាតំបន់ មានអ្នកឆ្លងច្រើន​ លំដាប់លេខ៥ នៅលើពិភពលោក ដោយមានអ្នកឆ្លង​សរុប កើនដល់ 2 187 333​នាក់ ​ស្លាប់ 52 082​នាក់ ​និងជាសះស្បើយ 1 853 296នាក់​។ ប្រទេសមានអ្នកឆ្លងច្រើន នៅក្នុងតំបន់នេះ រួមមាន អាហ្វ្រិកខាងត្បូង ម៉ូរ៉ុកកូ និងអេហ្ស៊ីប…ជាដើម។

អាសេអានី ជាតំបន់ មានការឆ្លងតិចជាងគេបំផុត នៅលើពិភពលោក ដោយមាន​អ្នកឆ្លងសរុប 45 100 នាក់ ស្លាប់១០១៧នាក់ និងជាសះស្បើយ 33 077នាក់។

សូមជម្រាបថា វីរុសកូរ៉ូណា ហៅកាត់ កូវីដ-១៩ (Coronavirus Disease 2019 = Covid-19) នេះ បានផ្ទុះឡើងជាលើកដំបូង នៅក្នុងទីក្រុងវូហាន (ចិនអាន៖ អ៊ូហាន) ខេត្តហ៊ូប៉ី នាភាគកណ្ដាល នៃប្រទេសចិន កាលពីអំឡុងខែធ្នូ ឆ្នាំ២០១៩។ រហូតមកដល់ពេល វីរុសនេះ កំពុងតែរាតត្បាលពាសពេញពិភលោក ដោយមានប្រទេស និងដែនដីចំនួន២១៨ កំពុងចម្លងមេរោគនេះ៕

សូមអានសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលកម្ពុជា ទាំងស្រុងដូចខាងក្រោម៖