ទីក្រុងឡុងដ៍៖ ស្រ្ដីម្នាក់ មិនដឹងជាមានវិបត្ដិអ្វី បែរជាដើរចូល​ទៅក្នុងផ្សារទំនើប «Aldi» ហើយបានទាញ​ដបស្រារាប់រយដប ទម្លាក់ចោលបណ្ដាលឲ្យបែកខ្ចាយពេញផ្សារ បង្កការភ្ញាក់ផ្អើលឡើង កាលពី​​រសៀលថ្ងៃពុធសប្ដាហ៍មុន (ថ្ងៃទី២៥ ខែវិចិ្ឆកា) នៅក្នុងទីក្រុង Stevenage ចក្រភពអង់គ្លេស។

បើតាម​ឃ្លីបវីដេអូ ដែលថតពីសកម្មភាពនេះ បានបង្ហាញថា ​ស្ដ្រីខាងលើនេះ បានប្រើដៃរបស់នាង ទាញដបស្រា ដែលគេតម្រៀបលើធ្នើរ រាប់រយដប បណ្ដាលឲ្យដបស្រាទាំងនោះ ធ្លាក់បែកពេញឥដ្ឋតែម្ដង។ ​រីឯស្រ្ដីនោះ បានរអិលជើង​ដួលអុកគូទទៅលើឥដ្ឋ។ ប៉ុន្ដែស្រ្ដីនោះនៅតែព្យាយាមក្រោកឡើង ដើម្បីទាញទម្លាក់ដបស្រាបន្ដទៀត​។

​ដោយឡែក​អ្នកគ្រប់គ្រងផ្សារទំនើប បានប៉ាន់ប្រមាណថា ស្រ្ដីរូបនោះបានបង្កការខូចខាត សរុបជាទឹកប្រាក់ប្រហែល ១៣៣ ០០០ដុល្លារអាមេរិក ដោយគិតលើចំនួនដបស្រា និងប្រាក់ចំណូល ដែលត្រូវទទួលបាន នៅក្នុងអំឡុងពេលពួកគេបង្ខំចិត្ដ បិទហាង ដើម្បីលាងសម្អាត។

បើតាមសារព័ត៌មាន The Comment បានឲ្យដឹងថា ប៉ូលិសបានទៅដល់ទីតាំងកើតហេតុ នាម៉ោងប្រហែល២ និង៣០នាទីរសៀល ថ្ងៃដដែល ហើយបានចាប់ខ្លួនជនបង្ក​នោះ រួចបញ្ជូននាំខ្លួន​ទៅព្យាបាលរបួស នៅមន្ទីរពេទ្យ មុននឹងនាំទៅចាត់ការតាមផ្លូវច្បាប់៕