រាជធានីបាងកក៖ ក្រុមបាតុករថៃរាប់ពាន់នាក់ បានហែក្បួនទៅកាន់មូលដ្ឋានកងទ័ព នៅជាយក្រុងបាងកក ដើម្បីប្រឆាំងនឹងការគ្រប់គ្រងរបស់ព្រះមហាក្សត្រ Maha Vajiralongkorn ទៅលើកម្លាំងយោធាជាច្រើនកងពល​។

បើតាមសារព័ត៌មាន​ Channel News Asia  បានចេញផ្សាយ កាលពីថ្ងៃទី​២៩​ ខែវិច្ឆិកា ឆ្នាំ២០២០ថា ក្រុមបាតុកររាប់សិបពាន់នាក់ បាននាំគ្នាទៅកាន់មូលដ្ឋានកងទ័ព ​ក្រោមការគ្រប់គ្រងរបស់ព្រះមហាក្សត្រ​ នៅជាយទីក្រុងបាងកក។ ក្រុមបាតុករ បានប្រមូលផ្តុំគ្នា នៅមុខមូលដ្ឋានកងពលលេខ​១១ ​នៃកម្លាំងការពារព្រះមហាក្សត្រ​ថៃ ហើយកម្លាំងកងទ័ពទាំងនោះ ​ក៏បាន​​​សកម្មភាពបំបែកក្រុមបាតុករ ប្រឆាំងនឹងរដ្ឋាភិបាល កាលពី​ឆ្នាំ​២០១០ផងដែរ។

លោក Arnon Nampa មេធាវី​មួយរូប និងជាអ្នកដឹកនាំបាតុកម្ម បានឲ្យដឹងថា «គ្មានប្រទេសណាមួយលើ ​ដែលកាន់របបប្រជាធិបតេយ្យរាជានិយម នៅលើពិភពលោក ផ្ដល់សិទ្ធិអំណាចដល់​ព្រះមហាក្សត្រ ឲ្យមានសិទ្ធិគ្រប់គ្រងយោធានោះឡើយ»។ ប៉ុន្ដែផ្ទុយទៅវិញ មានតែប្រទេសថៃ មានសិទ្ធិគ្រប់គ្រងអំណាចលើយោធ និងធ្វើអ្វីតាមតែព្រះរាជតម្រិះរបស់ទ្រង់។

ការធ្វើបាតុកម្មនៅក្នុងប្រទេសថៃ បានផ្ទុះឡើង ចាប់តាំងពីខែកក្កដា ឆ្នាំ២០២០។ រីឯក្រុមបាតុករ បានទាមទារឱ្យនាយករដ្ឋមន្ត្រី​ ប្រាយុទ្ធ ចាន់អូចា ចុះចេញពីតំណែង​​,  កាត់បន្ថយអំណាចរបស់ព្រះមហាក្សត្រ ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ​។ ទោះជាយ៉ាងណា រហូមកដល់ពេលនេះ ការិយាល័យព្រះបរមរាជវាំងថៃ នៅមិនមានប្រតិកម្មអ្វី ជុំវិញការលើកឡើង ពាក់ព័ន្ធនឹងការធ្វើបាតុកម្មនោះឡើយដែរ៕