ស្រាវជ្រាវដោយ ឈឹម សេរីភួន៖ ក្នុងឆ្នាំ១៩៥១ នៅទឹកដីកម្ពុជាក្រោម ដែលបារាំងបានកាត់ទៅឲ្យវៀតណាមកាលពី៣ឆ្នាំមុននោះ ព្រះសង្ឃ និងប្រជាពលរដ្ឋនៅទីនោះ ក៏មានជំនឿលើចលនាតស៊ូខ្មែរឥស្សរៈនៅក្នុងប្រទេសកម្ពុជា ខ្លាំងណាស់ដែរ ព្រោះពួកគេមើលឃើញថា ពួកនេះប្រឆាំងនឹងពួកអាណានិគមបារាំង យ៉ាងប្ដូរផ្ដាច់បំផុត ហើយព្រះសង្ឃជាច្រើននៅទីនោះ ក៏បានចូលរួមយ៉ាងសកម្មក្នុងចលនាតស៊ូនោះដែរ ដោយអនុញ្ញាតយកសាលាពុទ្ធិកៈ ឱ្យពួកមេខ្មែរឥស្សរៈបើកវគ្គបំពាក់បំប៉ននយោបាយដល់ពួកអ្នកតស៊ូ រហូតដល់អាជ្ញាធរបារាំង ចាត់ទុកថា វត្តទាំងនោះជាមូលដ្ឋានតស៊ូរបស់ពួកឥស្សរៈទៀតផង។ នៅក្នុងខែវិច្ឆិកា ឆ្នាំ១៩៥១ ព្រំ សាមិត ជាអ្នកនិពន្ធកាសែតឥស្សរៈ បានអមដំណើរសឹង ង៉ុកមិញ ហៅអាចារ្យមៀន និងចាន់ សម័យ ព្រមទាំងព្រះសង្ឃនៅក្នុងខេត្តកំពត ៥អង្គទៀត ទៅកាន់ស្រុកមួយចំនួននៅកម្ពុជាក្រោម ។ ថ្លែងនៅក្នុងឱកាសជួបជុំព្រះសង្ឃ និងប្រជាពលរដ្ឋជាពុទ្ធបរិស័ទពីវត្តមួយទៅវត្តមួយ ពីស្រុកមួយទៅស្រុកមួយ សឺង ង៉ុកមិញ តែងតែព្យាយាមពន្យល់ដល់អង្គប្រជុំពីតួនាទីរបស់ព្រះសង្ឃ និងពុទ្ធបរិស័ទនៅក្នុងព្រះពុទសាសនា ដែលត្រូវបំពេញក្នុងបុព្វហេតុប្រទេសជាតិ ។សឺង ង៉ុកមិញ បានលើកឡើងថា ជាតិសាសន៍ខ្មែរ ជាជាតិសាសន៍អង់អាចក្លាហាន មិនខ្លាចស្លាប់ក្នុងការប្រយុទ្ធប្រឆាំងជាមួយសត្រូវ ដើម្បីការពារសាសនា និងប្រទេសជាតិរបស់ខ្លួន។ ប្រជាជនខ្មែរទាំងមូលជាអ្នកគោរព និងប្រតិបត្តិតាមឱវាទព្រះពុទ្ធ ហើយស៊ូស្លាប់ មិនព្រមធ្វើជាទាសករ និងមិនព្រមឲ្យគេមើលងាយ មើលថោកសាសនារបស់ខ្លួនឯងដាច់ខាត។ ពេលនោះ សឺង ង៉ុកមិញ មិនដែលលើកឡើងអ្វីៗដែលពាក់ព័ន្ធនឹងលទ្ធិកុម្មុយនិស្តទេ នៅក្នុងចំណោមព្រះសង្ឃ និងប្រជាជននៅកម្ពុជាក្រោមនោះ ។ ចំណែកនៅប៉ែកពាយ័ព្យប្រទេសវិញ ក្រោយពីដាប ឈួន ចុះចូលជាមួយមន្រ្តីរាជការខ្មែរ-បារាំងមក កៅ តក់ និងលាវ កែវមុនី បានរួបរូមគ្នាជាក្រុមតែមួយ និងមានកងទ័ពប្រហែល២៥០នាក់ប៉ុណ្ណោះ ដោយមានកែវ តក់ ជាមេបញ្ជាការ ឯលាវ កែវមុនី ដែលធ្លាប់កាន់តំណែងជាចៅហ្វាយស្រុក កាលសៀម ចូលមកកាន់កាប់ខេត្តបាត់ដំបង ពីឆ្នាំ១៩៤១-១៩៤៧នោះ មានបទពិសោធន៍ខាងនយោបាយ និងដឹកនាំជាងកៅ តក់ ។

បន្ទាប់មក កៅ តក់ និងលាវ កែវមុនី បាននាំគ្នាមកចូលរួមក្នុងគណៈកម្មាធិការរំដោះជាតិខ្មែរ (KNLC) វិញ នៅពេល ប៉ុក គុណ ហៅតាត្រឡាច បានមកធ្វើជាប្រធានគណៈកម្មាធិការរំដោះជាតិខ្មែរនេះ ជំនួសដាប ឈួន ដែលបានទៅចុះចូលជាមួយរាជការបារាំង-ខ្មែរ ។ ពេលនោះកៅ តក់ ត្រូវបានទទួលតំណែងមេបញ្ជាការកងទ័ពគណៈកម្មាធិការរំដោះជាតិខ្មែរនោះ។ប៉ុន្តែមិនបានប៉ុន្មានខែផង ប៉ុក គុណ ហៅតាត្រឡាច ត្រូវរងការចោទប្រកាន់ថាកិបកេងប្រាក់ដែលកណៈកម្មាធិការឲ្យគាត់យកទៅទិញអាវុធ នៅក្រុងបាងកក ចំនួន៦០ម៉ឺនរៀល ។ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ១៩៥១ លាវ កែវមុនី ត្រូវបានជ្រើសរើសឲ្យធ្វើជាប្រធានគណៈកម្មាធិការរំដោះជាតិខ្មែរ (KNLC) ជំនួសប៉ុក គុណ។ ក្រោយបានធ្វើជាប្រធានគណៈកម្មាធិការរំដោះជាតិខ្មែរ លាវ កែវមុនី មានបំណងចង់សហការជាមួយរណសិរ្សឯកភាពឥស្សរៈ (UIF) ដែរ តែ កៅ តក់ ប្រឆាំងមិនព្រមឲ្យរួមសហការជាមួយរណសិរ្ស UIF ដែលស្និទ្ធនឹងពួកវៀតមិញនោះជាដាច់ខាត។ ដោយសារមិនឯកភាពគ្នាពីរឿងនេះ ក្រោយមក លាវ កែវមុនី បានចោទប្រកាន់ កៅ តក់ ថា បានធ្វើបាបជិះជាន់សង្កត់សង្កិនប្រជាជនជាច្រើនករណី។ ចាប់ពីពេលនោះមកអ្នកទាំង២ ក៏កាន់តែមានទំនាស់នឹងគ្នាតានតឹងឡើងៗ។ មិនយូរប៉ុន្មាន កៅ តក់ ក៏ត្រូវបានដកចេញពីដំណែងមេបញ្ជាការកងទ័ពគណៈកម្មាធិការរំដោះជាតិខ្មែរ (KNLC) ដោយសារគាត់បានធ្វើសកម្មភាពដើររៃអង្គាស និងទារពន្ធពីប្រជាជនតាមទំនើងចិត្តខ្លួនឯង។បើតាមប្រភពស៊ើបការណ៍របស់បារាំង បានឲ្យដឹងថា ក្រោយការដកហូតដំណែងជាមេបញ្ជាការកងទ័ពគណៈកម្មាធិការរំដោះជាតិខ្មែរ មក កៅ តក់ បាននាំកងទ័ពមួយចំនួនពួនស្ទាក់ចាំបាញ់សម្លាប់ លាវ កែវមុនី ប៉ុន្តែពេលនោះមានកងទ័ពច្រើនតាមការពារ លាវ កែវមុនី ក៏បានវាយបកទៅលើកងទ័ពកៅ តក់ ឲ្យបរាជ័យ ហើយកៅ តក់ ខ្លួនឯង ក៏ត្រូវរបួសពេលនោះដែរ តែបានរត់គេចខ្លួនរួច។

ក្រោយហេតុការណ៍ពួនស្ទាក់បាញ់សម្លាប់ លាវ កែវមុនី មក គណៈកម្មាធិការរំដោះជាតិខ្មែរ (KNLC) ក៏បានប្រកាសតាមរកចាប់ខ្លួន កៅ តក់ យកមកកាត់ទោសប្រហារជីវិត ។ ចំណែក កៅ តក់ ដែលរងរបួសនោះ បានគេចខ្លួនទៅព្យាបាលមុខរបួសនៅក្នុងបន្ទាយទាហានរាជការខ្មែរ-បារាំង នៅក្នុងស្រុកសំរោង មួយរយៈពេលខ្លី រួចបន្តទៅព្យាបាលនៅប្រទេសសៀមទៀត រហូតបានជាសះស្បើយ ហើយគាត់បានត្រឡប់ចូលមកក្នុងទឹកដីខ្មែរ វិញ ប្រមែប្រមូល និងបង្កើតកងទ័ពបានមួយចំនួន៣០០នាក់ បំពាក់អាវុធគ្រប់ដៃ ដែលទិញមកពីប្រទេសសៀម។ ពេលដឹងថា កៅ តក់ បាត្រឡប់ចូលមកបង្កើតទ័ពជាថ្មីម្ដងទៀតនោះ លាវ កែវមុនី ដែលមានកងទ័ព ៣វរសេនាតូច និងមានអាចារ្យទុំ សុខ , អ៊ួជ នីលពេជ្រ និងធីម ត្រឡាយ ជាមេបញ្ជាការនោះ ក៏បានសម្រេចចិត្តសហការជាមួយរណសិរ្សឯកភាពឥស្សរៈ (UIF) និងពួកវៀតមិញ និងបើកការវាយប្រហារបោសសម្អាតកងទ័ពរបស់ កៅ តក់ មិនឲ្យធ្វើព្យុះ ធ្វើភ្លៀងបានទៀតឡើយ។ឯ កៅ តក់ វិញ បានសម្លាប់ប្រជាជនចំនួន៥០នាក់ ដែលគាត់បានចោទប្រកាន់ថា ប្រជាជនទាំងនោះគឺជាដៃជើង ឬជារនុកក្នុងរបស់លាវ កែវមុនី ។នៅក្នុងខែសីហា ឆ្នាំ១៩៥១ ស៊ីវ ហេង ដែលបានទៅចូលរួមប្រជុំជាមួយមេដឹកនាំវៀតមិញ និងព្រះអង្គម្ចាស់សុផាន់ វង្ស អ្នកតស៊ូលាវ នៅភាគខាងជើងវៀតណាមនោះ បានវិលត្រឡប់មកមាតុប្រទេសវិញ ហើយគាត់បានចុះពង្រឹងចលនាបដិវត្តន៍នៅភូមិភាគនិរតី បន្ទាប់មកគាត់បានត្រឡប់ទៅកាន់ភូមិភាគពាយ័ព្យ ដែលជាមូលដ្ឋានតស៊ូដើមរបស់គាត់វិញ ដើម្បីពង្រឹងចលនាបដិវត្តន៍នៅទីនោះផង និងធ្វើការបង្រួបបង្រួមគណៈកម្មាធិការរំដោះជាតិខ្មែរ (KNLC) ជាមួយរណសិរ្សឯកភាពឥស្សរៈ(UIF)ផង ព្រមទាំងធ្វើការសម្របសម្រួល ដើម្បីឲ្យលាវ កែវមុនី និងកៅ តក់ ជានានឹងគ្នាវិញផង ក្នុងតួនាទីគាត់ជាអ្នកគ្រប់គ្រង និងទទួលខុសត្រូវគ្រប់សកម្មភាពរបស់គណៈកម្មាធិការ KNLC និងរណសិរ្សឯកភាពឥស្សរៈ(UIF) នៅភូមិភាគពាយ័ព្យនោះ។

នៅភូមិភាគពាយ័ព្យ មានគណៈកម្មាធិការយោធាមួយ មាន មូល សម្បត្តិ ហៅ រស់ ញឹម ជាអ្នកទទួលខុសត្រូវរួម ចំណែកនួន ជា ជាអ្នកទទួលខុសត្រូវខាងសេដ្ឋកិច្ច និងអាចារ្យប៊ុន កាសេន ជាអ្នកទទួលខុសត្រូវខាងនយោបាយ ។ស៊ីវ ហេង និងស្រ្តីឈ្មោះលាត មួន ហៅ ម៉ែមួន ដែលជាវីរៈនារីចលនាតស៊ូខ្មែរឥស្សរៈដ៏ឈ្លាសវៃ និងក្លៀវក្លាបំផុតតាំងពីដើមមកនោះ បានខិតខំប្រឹងប្រែងយ៉ាងអស់ពីចិត្តពីថ្លើម ក្នុងបញ្ចុះបញ្ចូល កៅ តក់ ជាប្អូនប្រុសចិញ្ចឹមគាត់ឲ្យជានាជាជាមួយលាវ កែវមុនី រហូតបានសម្រេច និងធ្វើឲ្យគណៈកម្មាធិការរំដោះជាតិខ្មែរ (KNLC) និងរណសិរ្សឯកភាពឥស្សរៈ ចងសម្ព័ន្ធភាពនឹងគ្នាដោយជោគជ័យ ៕ (វាយអត្ថបទដោយ៖ កញ្ញា កៅ សុផានីត)