ខេត្តកំពង់ឆ្នាំង ៖ គិតត្រឹមម៉ោង១៧ល្ងាច ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ លោកវេជ្ជបណ្ឌិត ទុំ សម្បត្តិប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា ករណីអ្នកពុលស្រា នៅស្រុកទឺកផុស បន្តកើនឡើងរហូតដល់១០៥នាក់ ចំណែកអ្នកស្លាប់ បានកើនឡើដល់៥នាក់ គឺស្លាប់នៅមន្ទីពេទ្យម្នាក់, ស្លាប់ពេលបញ្ជូនទៅភ្នំពេញ ចំនួន២នាក់ និងស្លាប់នៅមូលដ្ឋានផ្ទាល់ចំនួន២នាក់ ខណៈសម្រាកនៅមន្ទីរពេទ្យ ចំនួន១០១នាក់ ។

ករណីនេះក្រសួងសុខាភិបាល នៅយប់ថ្ងៃទី២៨ ខែវិច្ឆិកា បានចាត់ក្រុមការងារមួយក្រុម ដើម្បីសហការជាមួយអាជ្ញាធរមូលដ្ឋានចុះពិនិត្យ និងដោះស្រាយបន្ទាន់នូវករណីពុលស្រាសនេះ និងបានអំពាវនាវប្រជាពលរដ្ឋកុំពិសាស្រាស ដែលផលិតឡើងគ្មានបច្ចេកទេសត្រឹមត្រូវ ដើម្បីចៀសផុតពីការពុល ដែលធ្វើឲ្យបាត់បង់ជីវិត។

គួរបញ្ជាក់ថា នៅស្រុកទឹកផុស កាលពីវេលាម៉ោងប្រមាណជាង៤ រសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោយពីអ្នកភូមិប្រមាណជាង១០០នាក់នាំគ្នាផឹកស្រាស និងស្រាថ្នាំ ពេលកំដរបុណ្យសពមក ស្រាប់តែពួកគាត់មានអាការ:ឈឺក្បាល វិលមុខ តឹងទ្រូង ថប់ដង្ហើម និង ក្អួតចង្អោរយ៉ាងខ្លាំង បណ្ដាលឱ្យស្លាប់២នាក់នៅភូមិកើតហេតុ ២នាក់ទៀតស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅភ្នំពេញ ។

នាល្ងាចថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចាត់ថ្នាក់ដឹកនាំជាន់ខ្ពស់ចំនួន ០៣រូប និងមានក្រុមឆ្លើយតបបន្ទាន់ នៃនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល ចុះធ្វើដំណើទាំងយប់ទៅខេត្តកំពង់ឆ្នាំង ដើម្បីជួយការងារបច្ចេកទេស ដល់មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង រហូតដល់ស្ថានភាពគ្រប់គ្រងបានទាំងស្រុង៕