ខេត្តបាត់ដំបង ៖ យុវជនម្នាក់ ឈ្មោះទេវ: នៅសុខៗ ស្រាប់តែប្រកាសតាមហ្វេសប៊ុកថា «នឹងកម្ទេចប្រទេសកម្ពុជា តាមTik Tok» ត្រូវបាន កម្លាំងសមត្ថកិច្ចឃាត់ខ្លួនពីបទញុះញង់ឲ្យមានការរើសអើង បញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ ការតាមច្បាប់។

លោក សារ គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង កាលពីរសៀលថ្ងៃទី២៩ ខែ វិច្ឆិកា ឆ្នំា២០២០ បានឱ្យដឹងថាយុវជនរូបនេះឈ្មោះ ចាន់ ទេវ: ភេទប្រុស កើតឆ្នាំ២០០០ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង តាមសំណុំរឿងព្រហ្មទណ្ឌនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ ហើយសាលាដំបូងខេត្តបាត់ដំបង បានសម្រេចចេញដីកាលេខ ១១០១ត.ព្រ បង្គាប់ឲ្យឃុំខ្លួន ឈ្មោះនេះនៅមណ្ឌលឃុំខ្លួនខេត្តបាត់ដំបង ដោយចោទប្រកាន់ពីបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តនៅចំណុចភូមិអូរតាតាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង កាលពីថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០២០៕