ស្រាវជ្រាវដោយ ឈឹម សេរីភួន៖ ក្រោយពេលចូលបម្រើក្នុងជួរកងទ័ពឥស្សរៈ ក្រោមបញ្ជាការរបស់ញ៉ែម ស៊ុន បានរយៈពេលជាង១ឆ្នាំ នៅរដូវប្រាំងឆ្នាំ១៩៥១ ប៉ែន សុវណ្ណ និងមិត្តភក្ដិរួមអាវុធម្នាក់ទៀត ឈ្មោះញាន ត្រូវបានថ្នាក់លើបញ្ជាឲ្យធ្វើដំណើរចេញពីមូលដ្ឋានរបស់ពួកគាត់នៅភាគខាងត្បូងនៃខេត្តកំពត ទៅតំបន់ប៉ែកខាងជើងនៃខេត្តកំពង់ស្ពឺ ដោយមានបាឡូដាក់ខោអាវម្នាក់់មួយ និងកាំភ្លើងម្នាក់មួយដើម។ពួកគាត់ចេញដំណើរតាំងពីព្រលឹមស្រាងៗ កាត់តាមជើងព្រៃសម្បូរដោយសត្វសាហាវៗ រហូតដល់ពេលព្រលប់ ទើបបានទៅដល់ព្រំប្រតល់ខេត្តកំពត និងកំពង់ស្ពឺ ជាតំបន់ព្រៃភ្នំ ដែលមានផ្ទះប្រជាពលរដ្ឋមួយៗ ។ ប៉ែន សុវណ្ណ និងញាន បានចូលទៅសុំផ្ទះប្ដីប្រពន្ធយាយតា២នាក់ ដើម្បីសម្រាមួយយ។ យាយតាចិត្តធ៌ម២នាក់នោះ ក៏បានដាំបាយ និងចំហុយប្រហុកឲ្យពួកគាត់ទទួលទានជុំគ្នា ។ សម័យនោះ ប្រជាជននៅតាមជនបទព្រៃភ្នំ មានជីវភាពក្រីក្រណាស់ សូម្បីតែស្លាបព្រាសម្រាប់ទទួលទានបាយ ក៏គ្មានផង តាយាយ២នាក់ និងពួកគាត់ជាភ្ងៀវ នាំគ្នាទទួលទានបាយដោយប្រើម្រាមដៃ ។ ពេលយប់ត្រជាក់ ក៏គ្មានភួយ មុង កន្ទេលដែរ គឺត្រូវដុតភ្នក់ក្រោមផ្ទះរនាមឫស្សី ដើម្បីទប់ទល់នឹងអាកាសធាតុត្រជាក់ ។ ពេលឮសូរមាន់រងាវ២ដង ប៉ែន សុវណ្ណ និងញាន ដេកមិនសូវលក់ក៏នាំគ្នាចុះរកអាំងភ្លើងនៅក្រោមផ្ទះ។

បន្តិចក្រោយមក ស្រាប់តែលាន់សូរកាំភ្លើងល្វើយៗជាច្រើនគ្រាប់។ តាយាយបម្រុងដាំបាយឲ្យប៉ែន សុវណ្ណ និងញាន ទទួលទាន មុននឹងបន្តដំណើរទៅមុខទៀតដែរ តែស្នូរកាំភ្លើងកាន់តែចូលមកជិត ប៉ែន សុវណ្ណ និងញាន ត្រូវបង្ខំចិត្តលើកបាឡូស្ពាយ និងទាញកាំភ្លើងលោតចុះពីលើផ្ទះ ។ យាយតាក៏ស្រែកឃាត់ថា កុំចេញទៅឲ្យសោះ ព្រោះទាហានបារាំង ព័ទ្ធជុំវិញភូមិអស់ហើយ។ ភ្លាមៗនោះដែរ យាយតាក៏ទាញយកបាឡូ និងកាំភ្លើងរបស់កងទ័ពឥស្សរៈទាំង២នាក់នេះ យកទៅកប់នៅក្នុងដោកស្រូវ ហើយទាញដៃ ញាន ឡើងលើផ្ទះវិញ រួចយកកន្ទេលកញ្ចាស់មួយមកដណ្ដប់ធ្វើជាអ្នកមានជំងឺគ្រុនចាញ់។ ចំណែក ប៉ែន សុវណ្ណ តាយាយឲ្យអង្គុយនៅក្រោមផ្ទះអាំងភ្លើងជាមួយកូនគាត់ រួចហើយពួកគាត់រត់ទៅកាត់ធាងម្នាស់មួយធាងមកចងសំយាបផ្ទះ នៅចំពីខាងលើមាត់ទ្វារជណ្ដើរ។តាមទំនៀមទម្លាប់ប្រពៃណីអ្នកស្រុកនៅទីនោះ ការចងព្យួរធាងម្នាស់នៅសំយាបផ្ទះ ជាសញ្ញាបញ្ជាក់ថា សមាជិកគ្រួសារនៅក្នុងផ្ទះនោះកំពុងមានជំងឺធ្ងន់ធ្ងរ និងតមនិយាយស្ដីជាមួយមនុស្សដែលនៅក្រៅរង្វង់គ្រួសារ។

មិនយូរប៉ុន្មានពួកទាហានខ្មែរ និងបារាំង បានចូលមកដល់មុខផ្ទះយាយតា និងដើរក្រឡឹងជុំវិញផ្ទះ។ បន្តិចក្រោយមក ក៏មានទាហានខ្មែរម្នាក់ ស្រែកសួរយាយដែលកំពុងអង្គុយធ្វើមុខក្រៀមក្រំនៅមាត់ជណ្ដើរថា យាយ! យប់មិញមានឃើញពួកឥស្សរៈយួន មកដេកក្នុងភូមិនេះទេ? យាយម្ចាស់ផ្ទះមិនទាន់ឆ្លើយថា យ៉ាងម៉េចផង ស្រាប់តែមានទាហាន២នាក់ទៀតដើរចូលមក ក្នុងបំណងឡើងឆែកឆេរលើផ្ទះ យាយក៏ចង្អុលប្រាប់ថា មានឃើញធាងម្នាស់ចងនៅលើសំយាបផ្ទះនេះដែរឬទេ? ពួកទាហាននៅតែជម្នះឡើងទៅលើផ្ទះនោះ រហូតមានការប្រទាញប្រទង់គ្នា។ ពេលនោះដែរ ក៏មានទាហាន២នាក់ទៀតបានដើរចូលទៅក្រោមផ្ទះ ចាប់ក្របួចសក់ក្បាលប៉ែន សុវណ្ណ ដែលកំពុងអង្គុយធ្វើជាអាំងភ្លើង ឲ្យក្រោកឈរឡើង ហើយទាត់២ជើង រួចសួរថា អាឯង! មិនមែនជាអ្នករស់នៅក្នុងស្រុកភូមិនេះទេ។ ប៉ុន្តែដោយសារប្រាជ្ញាដ៏ឈ្លាសវៃរបស់តាយាយម្ចាស់ផ្ទះ នៅទីបំផុត ពួកទាហានខ្មែរនិងបារាំង បានចាកចេញទៅវិញ ធ្វើឱ្យប៉ែន សុវណ្ណ និងញាន មានវាសនាខ្ពស់ដូចបានរស់ជាថ្មីម្ដងទៀត ៕(វាយអត្ថបទដោយ៖ កញ្ញា កៅ សុផានីត)