រដ្ឋធានីតេអ៊ីរ៉ង់៖ លោក Mohsen Fakhrizadeh ជាអ្នកវិទ្យាស្រ្ដខាងអាវុធមហាប្រល័យលោក និងជាអ្នកដើរតួនាទីយ៉ាងសំខាន់ នៅក្នុងកម្មវិធីអាវុធនុយក្លេអ៊ែររបស់ប្រទេសអ៊ីរ៉ង់ ត្រូវបានគេលួចធ្វើឃាត។
បើតាមសារព័ត៌មាន NHK បានផ្សាយ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ ថា លោក Mohsen Fakhrizadeh ជាកំពូលអ្នកវិទ្យាសាស្រ្ដ ខាងអាវុធនុយក្លេអ៊ែររបស់ប្រទេសអ៊ីរ៉ង់។ លោកបានដើរនាទីយ៉ាងសំខាន់ នៅក្នុងកម្មវិធីអាវុធនុយក្លេអ៊ែររបស់ប្រទេសនេះ ហើយត្រូវបានគេរាយការណ៍មកថា លោកត្រូវគេធ្វើឃាត។
ក្រសួងការពាជាតិអ៊ីរ៉ង់ បានថ្លែងថា រថយន្ដដឹកលោក Mohsen Fakhrizadeh កំពូលអ្នកវិទ្យាសាស្រ្ដខាងស្រាវជ្រាវ និងអភិវឌ្ឍន៍នុយក្លេអ៊ែររបស់អ៊ីរ៉ង់រូបនេះ បានរងការវាយប្រហារ កាលពីថ្ងៃសុក្រ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០។ នៅក្នុងហេតុការណ៍ បានបណ្ដាលឲ្យលោករងរបួសធ្ងន់ ហើយក្រោយមក បានស្លាប់ នៅក្នុងមន្ទីរពេទ្យ។
បើតាមបណ្ដាញផ្សព្វផ្សាយ បានរាយការណ៍ថា ការវាយប្រហារនេះ បានកើតឡើង នៅខាងក្រៅទីក្រុងតេអ៊ីរ៉ង់ ( Tehran)។ រីឯសំឡេងបំផ្ទុះ និងការបាញ់ប្រហារ អាចស្ដាប់ឮ នៅតំបន់ជុំវិញនោះ។ ប៉ុន្ដែគេមិនទាន់ដឹងថា ក្រុមណាជាអ្នកវាយប្រហារនោះឡើយ។
លោក Fakhrizadeh មានភាពល្បីល្បាញខាងការស្រាវជ្រាវបច្ចេកវិទ្យាអាវុធនុយក្លេអ៊ែរ។ កាលពីពេលកន្លងមក លោក Fakhrizadeh ត្រូវបានក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ ដាក់ឈ្មោះជាប់ពាក់ព័ន្ធនឹងការអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរ និងមីស៊ីលបាល្លីស្ទីក (Ballistic missiles)។ ប៉ុន្ដែរដ្ឋាភិបាលអ៊ីរ៉ង់ បានច្រានចោល អំពីការអភិវឌ្ឍន៍អាវុធមហាប្រល័យលោកនេះ។
ក្រោយការវាយប្រហារនោះ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Mohammad Javad Zarif បានសរសេរនៅលើបណ្តាញសង្គម Twitter ថា មានការចង្អុលបង្ហាញយ៉ាងច្បាស់ អំពីតួនាទីរបស់អ៊ីស្រាអែល ពាក់ព័ន្ធនឹងការវាយប្រហារនេះ។ រីឯទីប្រឹក្សាយោធារបស់លោក Ayatollah Ali Khamenei មេដឹកនាំកំពូលអ៊ីរ៉ង បានសង័្សយថា អ៊ីស្រាអែល កំពុងតែព្យាយាមដាក់សម្ពាធមកលើប្រទេសរបស់ខ្លួន ខណៈរដ្ឋបាលអាមេរិក ក្រោមការដឹកនាំរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតី នៅតែចាត់ទុកអ៊ីរ៉ង់ជាសត្រូវ៕