រាជធានីភ្នំពេញ៖ ក្រោយការផ្អាក​ជើងហោះហើរ ដោយសារ​វិបត្ដិកូវីដ-១៩​នោះមក ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន ANA (All Nippon Airways) នឹង​ចាប់ផ្ដើមដំណើរការជើងហោះហើររបស់ខ្លួនឡើងវិញ មកកាន់រាជធានី ភ្នំពេញ នៅខែធ្នូ​ ខាងមុខនេះ។

ជាមួយគ្នានេះ ក្រសួងទេសចរណ៍ នៃព្រះរាជាណាចក្រកម្ពុជា បានសម្ដែង​នូវការអបអរសាទរ និងស្វាគមន៍ចំពោះការហោះហើរ​ឡើងរបស់​ក្រុមហ៊ុន​អាកាសចរណ៍ជប៉ុន ANA  ដោយចេញពី​ទីក្រុងតូក្យូ ឆ្ពោះត្រង់​មក​ទី​ក្រុង​ភ្នំពេញ (ណារីតា-ភ្នំពេញ-ណារីតា)។ ជើងហោះហើរនេះ នឹងចាប់ផ្ដើម ពីថ្ងៃទី២ ទី៥ ទី៩ ទី១២ ទី១៦ ទី១៩ ខែធ្នូ ឆ្នាំ២០២០ និងថ្ងៃទី៩ និង​ទី​២៣ ខែមករា ឆ្នាំ២០២១។ នេះជាការចាប់ផ្ដើម​ហោះហើរឡើងវិញ​របស់​ក្រុម​ហ៊ុន​​អាកាសចរណ៍ជប៉ុនមួយនេះ បន្ទាប់ពី​ប្រកាសផ្អាកការហោះហើរ អស់មួយរយៈមក ដោយសារការរាតត្បាត នៃជំងឺកូវីដ-១៩។

​រហូតមកដល់ពេលនេះ កម្ពុជា ក្លាយជាប្រទេសមួយ​ មានសុវត្ថិភាពល្អ​ សម្រាប់វិស័យទេសចរណ៍ ​ក្នុងការធ្វើដំណើរកម្សាន្ដ នៅក្នុងអំឡុងពេល នៃវិបត្តិជំងឺកូវីដ-១៩។ បើតាមពិនិត្យមើលលើតារាង នៃបណ្ដាប្រទេស​មានឆ្លងកូវីដ-១៩ គឺកម្ពុជា​គ្រប់គ្រងការឆ្លងរាតត្បាត នៃជំងឺកូវីដ-១៩​បានល្អ​។

មន្ត្រីជាន់ខ្ពស់ នៃស្ថានទូតជប៉ុនប្រចាំកម្ពុជា បានបញ្ជាក់ថា ការ​បើក​ការ​ហោះហើរឡើងវិញនេះ ក៏ជាកិច្ចសហប្រតិបត្តិការល្អ រវាងព្រះរាជា​ណា​ចក្រកម្ពុជា និ​ង​ជប៉ុន នៅក្នុងការជំរុញ និងលើកកម្ពស់វិស័យ​ទេស​ចរណ៍ រវាងប្រទេសទាំងពីរ។

រហូតមកដល់ពេលនេះ ​ក្រសួងទេសចរណ៍បាន និង​កំពុង​រៀប​ចំ​កម្មវិធី​ទស្សនកិច្ច «ការធ្វើដំណើរ និងទេសចរណ៍សុវត្ថិភាព(Travel Bubble)» ដោយអនុញ្ញាតឲ្យភ្ញៀវទេសចរអន្តរជាតិ ជាពិសេស ភ្ញៀវទេសចរជប៉ុន អាចធ្វើដំណើរមកកាន់ព្រះរាជាណាចក្រកម្ពុជា ប្រកបដោយសុវត្ថិភាពខ្ពស់បំផុត៕