ខេត្តកោះកុង ៖ រថយន្តបែន១គ្រឿង បោះពួយយ៉ាងលឿន លុះដល់ចំណុចចុះចំណោត និងផ្លូវមានសភាពកោងផង ស្រាប់តែរថយន្តមានបញ្ហាបច្ចេសទេសដាច់ហ្វ្រាំង បណ្តាលឲ្យរេចង្កូតធ្លាក់ផ្លូវក្រឡាប់ជាច្រើនត្រឡប់ រថយន្តរងការខូចខាតស្ទើរតែទាំងស្រុង។

ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើង កាលពីវេលាម៉ោង១៥ និង៣០នាទីល្ងាច ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៤៨ ចន្លោះគីឡូម៉ែត្រលេខ ១២៧-១២៨ ស្ថិតនៅភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង ។

សមត្ថកិច្ច បានឲ្យដឹងថា រថយន្តដែលជួបគ្រោះថ្នាក់ដោយខ្លួនឯងនេះ ម៉ាកហ៊ីយ៉ាន់ដាយ ប្រភេទរថយន្តបែន ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3D-3740 អ្នកបើកបរមានឈ្មោះ ស៊ិន ម៉ន (ហៅតាខ្វេ) ភេទប្រុស អាយុ ៣២ឆ្នាំ ទីលំនៅភូមិអង្គរសរ ឃុំអង្គរសរ ស្រុកមេសាង ខេត្តព្រៃវែង បណ្តាលឲ្យរបួសធ្ងន់ អ្នករួមដំណើរជាមួយឈ្មោះ គៀន តុល ភេទប្រុស អាយុ២៨ឆ្នាំ មានលំនៅ ក្នុងឃុំកណ្តាល ស្រុកទឹកឈូ ខេត្តកំពត។

ប្រភពបន្តថា ក្រោយកើតហេតុកម្លាំងជំនាញអធិការដ្ឋាន សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលតាតៃក្រោម បានចុះអន្តរាគមន៍ដល់កន្លែងកើតហេតុ ជួយសង្រ្គោះជនរងគ្រោះរួចបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង។ ចំណែកមូល មករថយន្តមានបញ្ហាហ្វ្រាំង និងបើកបរលឿនពេក៕