ខេត្តបន្ទាយមានជ័យ៖ ដូនជីវ័យ៨២ឆ្នាំម្នាក់ សង្ស័យឃាតករមិនស្គាល់មុខលួចសម្លាប់នៅក្នុងវត្ត បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅក្នុងវត្តបរមនិវេសន៍ ភូមិសាលាដែង ឃុំប្ញស្សីក្រោក ស្រុកមង្គលបូរី ។

សពជនរងគ្រោះឈ្មោះ សៅ សែត ភេទស្រី អាយុ៨២ឆ្នាំ ជាដូនជីសំណាក់ធម៌នៅក្នុងវត្តបរមនិវេសន៍។
មន្រ្តីនគរបាល បានឲ្យដឹងទៀតថា មុនពេលកើតហេតុ ព្រះសង្ឃព្រះនាម គឹម សុខមគ្គ ព្រះជន្ម២៨វស្សា ពេលនិមន្តទៅបត់ជើងតូចក្នុងបង្គន់ក្បែរកុដិលោកយាយរងគ្រោះ ស្រាប់តែបានឮសំឡេងវិទ្យុនៅបើក តែមិនឃើញលោកយាយទេ ។

ពេលនោះព្រះសង្ឃព្រះនាម គឹម សុខមគ្គ ក៏បានហៅព្រះសង្ឃចំនួន២អង្គទៀត ទៅជួយហៅលោកយាយ ទើបដឹងថា ដូនជីរងគ្រោះបានស្លាប់ដោយសារគេវាយសម្លាប់មិនដឹងពីតាំងពីពេលណា រួចបានផ្តល់ព័ត៌មានមកសមត្ថកិច្ច តែម្តង។

ក្រោយពិនិត្យសាកសព កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌខេត្ត ធ្វើការសន្និដ្ឋានថា សពដូនជីរងគ្រោះគឺជាអំពើឃាតកម្ម ព្រោះសំអាងថា ព្រោះផ្ទៃមុខដូនជី ត្រូវបានវាយខ្ទេច។ករណីនេះ កម្លាំងនគរបាលកំពុងធ្វើការស្រាវជ្រាវវែករកមុខឃាតកដុតដៃដុតជើង ដើម្បីស្វែងរកឃាតកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ឲ្យខានតែបាន៕