រាជធានីភ្នំពេញ៖ ជនសង្ស័យម្នាក់ ខណៈដែលកំពុងធ្វើសកម្មភាព កាច់សោកម៉ូតូរបស់នារីម្នាក់ ត្រូវសមត្ថកិច្ចប៉ុស្តិ៍នគរបាលកាកាបទី២ ធ្វើការចាប់ខ្លួននាំមកចាត់ការតាមផ្លូវច្បាប់ កាលពីវេលាម៉ោង១០និង៥០នាទីព្រឹក ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីតាំងផ្ញើម៉ូតូមួយកន្លែង ស្ថិតក្នុងភូមិត្រពាំងសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ។

ជនសង្ស័យឈ្មោះ សួន ប៊ុន្នី អាយុ៤២ឆ្នាំ ទីលំនៅបច្ចុប្បន្ន ស្នាក់នៅភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ចំណែក នារីរងគ្រោះ ម៉ែន ចន្ទសុខារី អាយុ៣០ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅបន្ទប់ជួលសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុ នារីរងគ្រោះយកម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ មកផ្ញើនៅកន្លែងកើតហេតុដូចសព្វដង ស្រាប់តែជនសង្ស័យ បានយកម៉ូតូម៉ាក វីវ៉ា ពណ៌ខ្មៅ ស៊េរីចាស់មកធ្វើជាដាក់ផ្ញើ ដើម្បីបន្លំដូរយកម៉ូតូថ្មី ស្របពេលដែលជនសង្ស័យ កំពុងធ្វើសកម្មភាពបណ្តើរម៉ូតូជនរងគ្រោះចេញ ត្រូវបានអ្នកមើលការនៅទីនោះ ឃើញក៏ស្រែកផ្អើលឆោឡោឡើងដល់អ្នកនៅទីនោះ ហើយនាំគ្នាព័ទ្ធចាប់ជនសង្ស័យបាន ហើយប្រគល់ជូនសមត្ថកិច្ចតែម្តង។

ជនសង្ស័យសមត្ថកិច្ច នាំមកឃុំខ្លួនបណ្តោះអាសន្ននៅប៉ុស្តិ៍នគរបាលកាកាបទី២ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនចាត់ការតាមនីតិវិធី។ ចំណែក ម៉ូតូសមត្ថកិច្ចបានប្រគល់ជូននារីរងគ្រោះជាម្ចាស់វិញ៕