ទីក្រុងតៃប៉ិ៖ សមាជិកសភាបក្សប្រឆាំងរបស់កោះតៃវ៉ាន់ (KMT) នៅថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ២០២០ បានយកគ្រឿងក្នុងរបស់ជ្រូក​គប់ទៅលើ​សមាជិក​សភា​ដទៃទៀត ខណៈសភាកំពុងតែពិភាក្សា ជុំវិញជម្លោះ​ការនាំចូល​សាច់ជ្រូក​​ មកពីសហរដ្ឋអាមេរិក មានលាយសារធាតុ «រ៉ាក់តូផាមីន»។

បើតាមសារព័ត៌មាន Taiwan News  បានផ្សាយថា សមាជិកសភា មកពី​គណបក្សប្រឆាំងដ៏សំខាន់របស់កោះតៃវ៉ាន់ Kuomintang (KMT) បាន​គប់សាច់ជ្រូកទៅលើសមាជិកសភាដទៃទៀត នៅក្នុងសភា កាលពី​ថ្ងៃសុក្រ (២៧ វិច្ឆិកា) ខណៈពួកគេព្យាយាម​បញ្ឈប់​នាយករដ្ឋមន្រ្តីតៃវ៉ាន់ ថ្លែងទៅ​កាន់សភា ជុំវិញជម្លោះដ៏ជូរចត់មួយ ស្តីពីការបន្ធូរបន្ថយការ​នាំចូលសាច់​ជ្រូក មកពីសហរដ្ឋអាមេរិក។

លោកស្រី សៃ អ៊ីងវ៉ឹន (Tsai Ing-wen) ប្រធានាធិបតីតៃវ៉ាន កាលពី​ខែសីហា កន្លងទៅ បានប្រកាសថា ចាប់ពីថ្ងៃទី​១ ខែមករា ឆ្នាំ២០២១ រដ្ឋាភិបាលតៃវ៉ាន់ នឹងអនុញ្ញាតឲ្យនាំចូលផលិតផល​សាច់ជ្រូក​ពីសហរដ្ឋ​អាមេរិក ​មានលាយសារធាតុ «​Ractopamine» ដែលត្រូវបានហាមឃាត់ នៅក្នុងសហភាពអឺរ៉ុប (EU) និង នៅក្នុងប្រទេសចិន រួមជាមួយផលិតផល​សាច់គោ នាំចូលមកពីអាមេរិក ដែលចាស់លើសពី៣០ខែ​។

​ការសម្រេចចិត្ត​នេះក៏ទទួលបានការស្វាគមន៍ ពីរដ្ឋាភិបាលទីក្រុង​វ៉ាស៊ីន​តោន ប៉ុន្ដែគណបក្សជាតិនិយមតៃវ៉ាន់ គូមីនតាង (Kuomintang) ​បានជំទាស់យ៉ាងដាច់អហង្ការ ដោយលើកឡើង អំពីការព្រួយ​បារម្ភ​ពីសាធារណជន ជុំវិញសុវត្ថិភាពចំណីអាហារ។ ចាប់តាំងពីពាក់កណ្តាល ខែកញ្ញា ឆ្នាំ២០២០មក គណបក្ស Kuomintang (KTM) បាន​តវ៉ានៅក្នុងសភាតៃវ៉ាន់ តាមរយៈការរារាំងមិនឲ្យលោក ស៊ូ ត្សេងឆាង (Su Tseng-chang) នាយករដ្ឋមន្រ្តីតៃវ៉ាន់ អានរបាយការណ៍ ឬឆ្លើយ​សំណួរអ្វីឡើយ។​ ដោយសារធុញទ្រនាន់​នឹងការប្រឆាំងរបស់​គណបក្ស KTM ខ្លាំងពេក ទើបគណបក្សកាន់អំណាច DPP បានប្តេជ្ញាថា ត្រូវធានា​ថា លោក Su នឹងអាចឡើងថ្លែងទៅកាន់សភា​។

នៅក្នុងកិច្ចប្រជុំសភា នាថ្ងៃសុក្រ ទី២៧ ខែវិច្ឆិកា ក្រុមសមាជិក​សភា​​របស់គណបក្ស DPP បានព្យាយាមប្រមូលផ្តុំគ្នា បង្កើតជារបាំងការពារ ខណៈលោកនាយករដ្ឋមន្រ្ដី ​ឡើងថ្លែងទៅកាន់សភាតៃវ៉ាន់។ ស្របពេលនោះ ក្រុមសមាជិកសភា នៃបក្ស KTM បានស្រែកចំអក និងផ្ដុំកញ្ចែយ៉ាងកងរំពង។ លុះពេលនាយករដ្ឋមន្រ្ដីកំពុងតែថ្លែង ស្រាប់តែក្រុមគណបក្ស KTM បានគប់គឿងក្នុងជ្រូក ហោះរំលងសមាជិកសភានានា និងធ្លាក់ពាសពេញក្នុងរដ្ឋសភា បង្កឲ្យមាន​ការប្រតាយប្រតប់គ្នាយ៉ាងរញ៉េរញ៉ៃ រវាងសមាជិកសភាបក្សប្រឆាំង និងបក្សកាន់អំណាច។

ជាមួយគ្នានេះ ​គណបក្សកាន់អំណាច​ DPP របស់ដែនកោះតៃវ៉ាន់ បានថ្កោលទោសយ៉ាងខ្លាំង ចំពោះទង្វើរបស់គណបក្សប្រឆាំង KTM ។ ​​ការប្រជុំសភារបស់កោះតៃវ៉ាន់ តែងមានការឈ្លោះប្រកែកគ្នាជាញឹកញាប់៕