រដ្ឋធានីញូវដេលី៖ ​យន្តហោះចម្បាំងមួយគ្រឿងរបស់កងទ័ពឥណ្ឌា បានជួប​នឹងហេតុការណ៍ដ៏អាក្រក់ នៅលើដែន​សមុទ្រអារ៉ាប់ (Arabian Sea) ខណៈកំពុងតែប្រតិបត្ដិការ ហើយរហូតមកដល់ពេលនេះ អាកាសយានិក​ម្នាក់ កំពុងតែ​បាត់ខ្លួន។

បើតាមសារព័ត៌មានរបស់ឥណ្ឌា « Hindustan Times» បានចេញ​ផ្សាយ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ថា យន្ដហោះមួយ​គ្រឿង​របស់​កងទ័ពជើងទឹកឥណ្ឌា ប្រភេទ MiG-29K បានធ្លាក់ នៅក្នុង​សមុទ្រ​អារ៉ាប់។ នៅក្នុងហេតុការណ៍នោះ ក្រុមអ្នកជួយសង្រ្គោះ បាន​ជួយ​ដល់អាកាសយានិកម្នាក់​ឲ្យផុតពីគ្រោះថ្នាក់។ ដោយឡែកអាកាសយានិក​ម្នាក់ទៀង កំពុងបាត់ខ្លួននៅឡើយ។​

កងទ័ពជើងទឹកឥណ្ឌា បានសរសេរ នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា «យន្តហោះចម្បាំង MiG-29K មួយគ្រឿងរបស់ខ្លួន បានធ្វើប្រតិបត្តិការ នៅលើសមុទ្រអារ៉ាប់។ លុះមកដល់វេលាម៉ោងប្រហែល៥ល្ងាច (ម៉ោង​ក្នុង​តំបន់) ថ្ងៃទី២៦ ខែវិច្ឆិកា យន្ដហោះចម្បាំងនោះ​បានជួបនឹងហេតុការណ៍​ដ៏អាក្រក់ ធ្លាក់ចូលទៅក្នុងសមុទ្រអារ៉ាប់។

ទោះជាយ៉ាងណ កងទ័ពជើងទឹកឥណ្ឌា មិនទាន់បានបញ្ជាក់អំពីមូលហេតុ នៃការធ្លាក់នោះឡើយ ហើយនៅពេលនេះ មន្រ្ដីជំនាញរបស់ឥណ្ឌា កំពុង​តែ​ស៊ើបអង្កេតលើករណីនេះ៕