រាជធានីភ្នំពេញ៖ ក្រោយពីមានការបែកធ្លាយសម្លេងសន្ទនាយ៉ាងសាហាវ ពីសំណាក់នារីម្នាក់ដែលត្រូវបានគេដឹងថា ជាបុគ្គលិកនៃហាងម៉ាស្សាឈ្មោះ Diamond Massage នៅរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ កម្លាំងអាជ្ញាធរ និងសមត្ថកិច្ចរាជធានីភ្នំពេញ បានចុះបង្ក្រាប និងបិទអាជីវកម្មទីតាំងម៉ាស្សាយីហោ «Diamond Massage» នៅខណ្ឌដូនពេញ ក្រោយមានការចែកចាយវីដេអូតាមបណ្ដាញសង្គម Facebook សង្ស័យថា ទីតាំងនេះមានបង្កប់សេវាកម្មបម្រើផ្លូវភេទ។

ជាមួយគ្នានេះដែរ លោកអភិបាលខណ្ឌ និងជាប្រថានគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ បានប្រាប់អ្នកសារព័ត៌មានថា ក្រោយទទួលបានព័ត៌មាន កម្លាំងជំនាញក្រោមការសម្របសម្រួលពីតំណាងអយ្យការ បានចុះពិនិត្យស្ថានភាពជាក់ស្ដែង ទីតាំងម៉ាស្សា «Diamond Massage» នេះតែម្ដង ហើយលោកបានបញ្ជាក់ដែរថា នៅពេលកម្លាំងជំនាញចុះទៅដល់ទីតាំងម៉ាស្សានេះ មិនបានបើកទ្វារនោះទេ ពោលបិទទ្វារចាក់សោ ដោយមានតែសន្ដិសុខម្នាក់ប៉ុណ្ណោះនៅយាម។ លោកថា ដោយមានការឯកភាពពីតំណាងអយ្យការ កម្លាំងសមត្ថកិច្ចបានសម្រេចបិទអាជីវកម្មជាបណ្ដោះអាសន្ន និងហៅសន្តសុខរូបនេះទៅសួរនាំបន្តទៀត។

គួរជម្រាបថា ការចុះពិនិត្យ និងបិទអាជីវកម្មទីតាំង Diamond Massage ក្រោយឃើញរូបភាព និងវីដេអូចែកចាយតាមបណ្ដាញសង្គម Facebook ដោយលាយលំជាមួយរូបភាពនារី ដែលស្លៀកពាក់ស៉ិចស៉ី ហើយត្រូវបានគេសង្ស័យថា ទីតាំងនេះមានបង្កប់សេវាបម្រើផ្លូវភេទ៕