រាជធានីបាងកក៖ ក្រោយពេលតម្លៃស្រូវនៅក្នុងប្រទេសថៃធ្លាក់​ចុះយ៉ាង​គំហុក នៅចន្លោះពី៦ទៅ៧បាត (លុយ​ថៃ) ឬស្មើនឹង៧៩៨-៩៣១រៀល​លុយខែ្មរ​ ក្នុង១គីឡូក្រាម នៅក្នុងសប្ដាហ៍នេះ រហូតធ្វើឲ្យប្រជា​កសិករថៃ​ត្អូញត្អែរអំពីការជំពាក់បំណុលវ័ណ្ឌកនោះមក ធនាគាររបស់ប្រទេសនេះ នឹងជួយប្រាក់ឧបត្ថម្ភដល់​អ្នកធ្វើស្រែឲ្យមានក្ដីសង្ឃឹមឡើងវិញ។​

ធនាគារកសិកម្ម និងសហករណ៍កសិកម្ម (BAAC) បានថ្លែង នៅថ្ងៃ​ព្រហស្បតិ៍ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ថាកសិករដាំស្រូវ នឹងទទួលបាន​ប្រាក់ឧបត្ថម្ភធន អប្បបរមា ចន្លោះពី​៥០០បាត (១៦ដុល្លារ) ក្នុងទំហំ​ដីមួយ​រ៉ៃ (ស្មើនឹង១៦០០ម៉ែត្រការ៉េ) និងអតិបរមា​១០ ០០០បាត (លុយ​ថៃ) ឬស្មើនឹង ៣២៩ដុល្លារ រហូតដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០។ រីឯ​វិធាន​ការនេះ ត្រូវបានអនុម័ត ដោយគណៈរដ្ឋមន្រ្តី នៅក្នុងអំឡុងពេលកិច្ចប្រជុំ តាម​អនឡាញ នៅភូកេត កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០។ ចំណែក​កសិករ​ធ្វើស្រូវជាង៤,៥លាននាក់ ក៏បានដាក់ពាក្យ​ស្នើសុំប្រាក់​ឧបត្ថម្ភនេះផងដែរ។

ធនាគារកសិកម្ម និងសហករណ៍កសិកម្ម (BAAC) បានបញ្ជាក់ថា បើតាម​នាយកដ្ឋានផ្សព្វផ្សាយព័ត៌មានកសិកម្ម បានឲ្យដឹងថា ប្រជាកសិករ​ថៃ ចំនួន ៤ ៥៦៧ ៥៨៦នាក់ ជាអ្នកធ្វើស្រូវ ដោយមានផ្ទៃដីទំហំ ៦០ ៨១៧ ៨៥០,៨៣រ៉ៃ (ស្មើនឹង៩ ៧៣០ ៨៥០ហិកតា)៕