ស្រាវជ្រាវដោយ ឈឹម សេរីភួន៖ ចាប់ពីឆ្នាំ១៩៤៧មក ទូ សាមុត បានបង្កើតសាលានយោបាយនៅក្នុងព្រៃ ដើម្បីបើកវគ្គរៀនសូត្រជានប្តបន្ទាប់ ដល់អ្នកចូលរួមធ្វើបដិវត្តន៍រាប់រយនាក់ ឱ្យយល់ដឹងពីសភាពការណ៍សាកលលោក, សភាពការណ៍កម្ពុជា, ការតស៊ូវណ្ណៈ, ការកេងប្រវ័ញ្ចរបស់វណ្ណៈជិះជាន់មកលើប្រជាជន កសិករ កម្មករ ជាដើម ។ ទូ សាមុត បានលើកឡើងតាមទ្រឹស្ដីកុម្មុយនិស្តថា វណ្ណៈកម្មករ គឺជាគ្រឹះនៃវណ្ណៈដឹកនាំ ឯបញ្ញជន គ្រូបង្រៀន សិស្សនិស្សិត កសិករជាវណ្ណៈបដិវត្តន៍ ហើយនាយទន់ខ្លះក៏ជួយដល់បដិវត្តន៍ដែរ។ ឯវណ្ណៈមិនបដិវត្តន៍ គឺពួកសក្ដិភូមិ, ពួកប្រតិកិរិយា និងពួកអព្យាក្រិត្យនិយម។ ក្នុងឆ្នាំ១៩៤៩ នៅភូមិភាគពាយ័ព្យ ពួកគេបានបើកវគ្គអប់រំបំពាក់បំប៉នមនោគមវិជ្ជាកុម្មុយនិស្ត ឲ្យសិក្ខាកាមជាអ្នកចូលរួមចលនាបដិវត្តន៍រាប់រយនាក់ ដោយមានអាចារ្យប្រេស និងកម្មាភិបាលវៀតមិញ ជាអ្នកបង្រៀនផ្នែកចរិកសង្គម កសិកម្ម យុទ្ធសាស្រ្តកងទ័ព និងលទ្ធិកុម្មុយនិស្ត ផងដែរ។ នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ១៩៥០ ក្មេងជំទង់ម្នាក់ឈ្មោះ ប៉ែន សុវណ្ណ ទើបតែអាយុ១៤ឆ្នាំ (ប៉ែន សុវណ្ណ កើតនៅថ្ងៃ១៥ មេសា ១៩៣៦ នៅ ភូមិចន្ទទៀប ស្រុកត្រាំកក់ ខេត្តតាកែវ) បានសម្រេចចិត្តលាម្ដាយជាស្រ្តីមេម៉ាយទៅចូលរួមក្នុងចលនាតស៊ូខ្មែរឥស្សរៈដែលដឹកនាំដោយ សឺង ង៉ុកមិញ និងទូ សាមុត ដោយគាត់ស្ម័គ្រចិត្តចូលបម្រើនៅក្នុងអង្គភាពកងទ័ពដែលមានញ៉ែម ស៊ុន ជាមេបញ្ជាការ ។
នៅក្នុងខែមេសា ឆ្នាំ១៩៥០ រណសិរ្យឯកភាពឥស្សរៈ(UIF) បានបើកមហាសន្និបាតរបស់ខ្លួនជាលើកដំបូង។ ចាន់ តារា ក្នុងនាមជាមេបញ្ជាការ

ស៊ីវ ហេង (កម្ពុជា)  គួន ឌឹកថាំង (វៀតណាម) ទ្រង់សុផាន់វង្ស (ឡាវ)  ក្នុងសម័យប្រជុំ ខែមីនា ឆ្នាំ១៩៥១​
ស៊ីវ ហេង (កម្ពុជា) គួន ឌឹកថាំង (វៀតណាម) ទ្រង់សុផាន់វង្ស (ឡាវ) ក្នុងសម័យប្រជុំ ខែមីនា ឆ្នាំ១៩៥១​

កងទ័ពរណសិរ្សនោះ បានឲ្យដឹងថា ក្នុងឱកាសនោះមានឧត្តមសេនីយ៍វៀតមិញម្នាក់ ឈ្មោះ អុង សាវ បានស្នើឱ្យមហាសន្និបាតនេះ ធ្វើការពិភាក្សាពីបញ្ហាបង្កើតសហព័ន្ធឥណ្ឌូចិន និងធ្វើការជ្រើសរើសប្រធានម្នាក់ និងអនុប្រធានម្នាក់ ។ ប៉ុន្តែ ចាន់ តារា បានលើកហេតុផលថា ការតស៊ូរបស់កម្ពុជា លាវ វៀតណាម (វៀតណាមភាគខាងត្បូង) មិនទាន់បង្កើតឱ្យមានរដ្ឋាភិបាលនៅឡើយទេ ហើយកាន់កាប់ទឹកដី មិនទាន់ដល់៥០ភាគរយផង ដូច្នេះការលើកយកបញ្ហាបង្កើតសហព័ន្ធឥណ្ឌូចិន យកមកធ្វើការពិភាក្សានៅក្នុងមហាសន្និបាត ជាការពុំត្រឹមត្រូវទេ។ ក្នុងនាមគាត់ជាមេទ័ព ដែលពួកឥស្សរៈស្ទើរតែទាំងអស់គាំទ្រនោះ គាត់ស្នើឱ្យមហាសន្និបាតផ្អាកការពិភាក្សាពីបញ្ហាបង្កើតសហព័ន្ធឥណ្ឌូចិននោះមួយរយៈសិន។ ប៉ុន្តែទោះបីគម្រោងបង្កើតសហព័ន្ធឥណ្ឌូចិនរបស់ពួកវៀតមិញ ត្រូវបរាជ័យក៏ពិតមែន ក៏នៅក្នុងខែមីនា ឆ្នាំ១៩៥១ សម័យប្រជុំត្រីភាគី នៅលើភ្នំមួយ នៃភាគខាងជើងវៀតណាម ដែលមានគួន ឌឹកថាំង តំណាងភាគីវៀតណាម, ទ្រង់សុផាន់វង្ស តំណាងភាគីឡាវ និងស៊ីវ ហេង អនុប្រធានរណសិរ្សឯកភាពឥស្សរៈ (UIF) និងជាប្រធានគណកម្មាធិការរំដោះប្រជាជនភូមិភាគពាយ័ព្យ តំណាងភាគីកម្ពុជា បានឯកភាពគ្នាបង្កើតរណសិរ្សមួយឲ្យឈ្មោះថា រណសិរ្សរួបរួមឥណ្ឌូចិន។ក្នុងខែមិថុនា ឆ្នាំ១៩៥០ ដើម្បីជាការរំឮកគុណដល់ពួកអ្នកជាតិនិយមទាំងឡាយដែលបានពលីជីវិតនៅក្នុងសង្រ្គាមលោកលើកទី២ នៅភូមិភាគនិរតី ដែលមានចាន់ សម័យ ជាប្រធានគណៈកម្មាធិការរំដោះជាតិនោះ បានបង្កើតឱ្យមានសាលានយោបាយមួយជាលើកដំបូង និងបានដាក់ឈ្មោះថា សាលាអាចារ្យហែម ចៀវ ហើយសាលានេះបានបើកវគ្គរៀនសូត្រកម្មាភិបាល តាំងពីថ្នាក់ភូមិ ដល់ថ្នាក់ស្រុក ចំនួន១៤០នាក់។

ស៊ីវ ហេង (កម្ពុជា) គួន ឌឹកថាំង (វៀតណាម) ទ្រង់សុផាន់វង្ស (ឡាវ) ក្នុងសម័យប្រជុំ ខែមីនា ឆ្នាំ១៩៥១​

នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ១៩៥០ សឺង ង៉ុកមិញ បានប្រកាសថា រណសិរ្សឯកភាពឥស្សរៈ(UIF) បានកាន់កាប់ទឹកដី១ភាគ៣ នៃប្រទេសកម្ពុជាទាំងមូល ហើយថាពួកគាត់ដណ្ដើមបានឯករាជ្យពីពួកបារាំង បានហើយទៀតផង។នៅក្នុងខែធ្នូ ឆ្នាំ១៩៥០ ពុត ឆាយ ដែលជាមេដឹកនាំឥស្សរៈប្រឆាំងនឹងពួកវៀតមិញ ក៏បានចរចាជាមួយរាជការខ្មែរ-បារាំង ដើម្បីវិលមកចូលក្នុងសង្គមជាតិវិញដែរ ប៉ុន្តែដោយសារចង់បានដំណែងខ្ពស់ដូចដាប ឈួន ដែរ គាត់ទាមទារតំណែងជាមេបញ្ជាការកងទ័ពស្វយ័តនៅខេត្តកណ្ដាល និងកំពង់ស្ពឺ ទាំងមូល ជាថ្នូរនឹងការចុះចូលនោះ ដូច្នេះអ្វីៗក៏ត្រូវចាត់ទុកថា ជាមោឃៈវិញ។ ពេលដែលចលនាំតស៊ូខ្មែរឥស្សរៈកាន់តែរីកធំឡើងៗនោះ នៅក្នុងឆ្នាំ១៩៥០ អាជ្ញាធររាជការខ្មែរ-បារាំងក៏សម្រេចចិត្តបង្ខំឱ្យប្រជាជនដែលរស់នៅរាយប៉ាយក្នុងតំបន់ប្រទាញប្រទង់ជាមួយពួកឥស្សរៈ នៅក្នុងខេត្តតាកែវ ខេត្តព្រៃវែង ខេត្តស្វាយរៀង និងខេត្តកំពង់ឆ្នាំង សរុបប្រមាណ២២៨០០គ្រួសារ ឱ្យមករស់នៅជាលក្ខណៈប្រមូលផ្ដុំ ដោយបានបង្កើតជាភូមិធំៗនៅជាប់នឹងផ្លូវជាតិ ដោយមានការការពារពីសំណាក់ទាហានរាជការខ្មែរ-បារាំង ផងដែរ៕ (វាយអត្ថបទដោយ៖ កញ្ញា កៅ សុផានីត)