រាជធានីបាងកក៖ លោក ប្រាយុទ្ធ ចាន់អូចា ថ្វីបើមុនពេល​ក្លាយជា​នាយក​រដ្ឋមន្រ្ដីថៃ លោកជាអ្នកដឹកនាំធ្វើរដ្ឋប្រហារយោធា ហើយបន្ដការកាន់​អំណាច​មកដល់ពេលនេះ​ក្ដី ប៉ុន្ដែលោកនៅតែទទូច មិនអនុញ្ញាត​ឲ្យ​ប្រើ​ប្រាស់​ច្បាប់អាជ្ញាសឹក ប្រឆាំងនឹងក្រុមបាតុករនោះឡើយ។

បើតាមសារព័ត៌មាន Bangkok Post  បានផ្សាយ នៅថ្ងៃព្រហស្បតិ៍ ទី​២៦ ខែវិច្ឆិកា ឆ្នាំ២០២០ថា នាយករដ្ឋមន្រ្ដីថៃ លោក ប្រាយុទ្ធ ចាន់អូចា (Prayut Chan-o-cha) បានថ្លែង​ដដែលៗ កាលពីថ្ងៃពុធថា ច្បាប់​អាជ្ញា​សឹក​នឹងមិនត្រូវអនុញ្ញាតឲ្យប្រើប្រាស់ សម្រាប់បង្ក្រាបមកលើក្រុមអ្នកតវ៉ា ប្រឆាំងនឹងរដ្ឋាភិបាលនោះឡើយ។ រីឯវិធានការ​តាម​​ធម្មតា ដែលមាន​ស្រាប់ ​គឺវាគ្រប់​គ្រាន់​ណាស់​ទៅហើយ សម្រាប់ដោះស្រាយជាមួយអ្នក​រំលោភ​បំពាន​លើច្បាប់​។

ទោះជាយ៉ាងណា លោកឧត្ដមសេនីយ៍  Prayut  បានបន្ថែមថា លោក​មិន​បាន​គិតដល់​ការប្រើ​ប្រាស់​ច្បាប់​អាជ្ញាសឹកនោះទេ ហើយច្បាប់ជាច្រើន នា​ពេល​បច្ចុប្បន្ន មាន​គ្រប់​គ្រាន់​ណាស់​ទៅហើយ សម្រាប់​ការ​ដោះ​ស្រាយ​ជាមួយ​នឹងក្រុមបាតុករ។ លោកនាយករដ្ឋមន្រ្ដី បានធ្វើអត្ថាធិប្បា​យ​បែប​នេះ ក្រោយពេលជំនួបជាមួយនឹងក្រុមប្រឹក្សាពាណិជ្ជកម្មអាមេរិក-អាស៊ាន នៅក្នុង​ក្រសួង​ការបរទេសថៃ។

លោកនាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា លោកបានពន្យល់ អំពីការតវ៉ានេះ នៅ​ក្នុង​ជំនួប​នោះ​ថា «សង្គ​ម​ប្រជាធិបតេយ្យ ខ្ញុំ​មិន​អាច​ជំរុញ​ឲ្យ​មនុស្ស​គ្រប់គ្នា យល់​ព្រម​ធ្វើអ្វីមួយ​តាមខ្ញុំនោះ​ឡើយ។ សរុបសេចក្ដីមក អ្វីដែលខ្ញុំ​អាច​ធ្វើ​បាន គឺដើម្បីស្វែងរកច្រកណាមួយ ឆ្ពោះទៅរកការរួបរួមគ្នា ដើម្បីគេច​ឲ្យផុត​អំពី​បញ្ហា​នានា នៅពេលអនាគត»។

លោក​ Wissanu Krea-ngam ឧបនាយករដ្ឋមន្រ្ដីថៃ បានថ្លែងថា ការ​ប្រមូល​ផ្ដុំគ្នា កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ក៏មានលក្ខណៈ​ស្រដៀងគ្នា​ទៅនឹង​ការតវ៉ា នាពេលកន្លងមកអ៊ីចឹងដែរ។ ប៉ុន្ដែក្នុងករណីបែបនេះ គេមិនអាច​យក​​ច្បាប់អាជ្ញាសឹក​មកប្រើ​នោះឡើយ៕