ស្រាវជ្រាវដោយ ឈឹម សេរីភួន៖ សារាចររបស់ពួកវៀតមិញមួយ ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៤៩ ដែលផ្សព្វផ្សាយដោយសម្ងាត់នៅក្នុងប្រទេសកម្ពុជា បានសរសេរថា អង្គការបដិវត្តន៍ខ្មែរ-វៀតមិញ ត្រូវតែប្រកៀកស្មាសហការគ្នាទៅវិញទៅមក ផ្លាស់ប្ដូរគំនិត មេរៀន និងបទពិសោធន៍ ហើយធ្វើយ៉ាងណាឱ្យប្រជាជនប្រទេសទាំងពីរ យោគយល់ និងរឹតចំណង់មិត្តភាពឲ្យបានល្អ ដោយឈរលើមូលដ្ឋាននៃសម្ព័ន្ធភាពស្មើភាពរវាងប្រជាជនទាំងពីរ ដើម្បីប្រឆាំងនឹងពួកអាណានិគម ប្រតិកិរិយាបារាំង ដែលចូលមកឈ្លានពានប្រទេសកម្ពុជា និងវៀតណាម។​ សារាចរពួកវៀតមិញ ដដែលនេះ ក៏បានលើកឡើងពីគោលនយោបាយរួបរួមសហការគ្នា៣ចំណុចគឺ៖ ១-នៅក្នុងមូលដ្ឋានណាដែលមានប្រជាជនវៀតណាម រស់នៅទាំងស្រុងនោះ ប្រជាជនវៀតណាម អាចចូលរួមជាមួយរដ្ឋអំណាចមូលដ្ឋាននោះ ។ ២-នៅក្នុងមូលដ្ឋានណាដែលមានប្រជាជនកម្ពុជា រស់នៅច្រើនជាងប្រជាជនវៀតណាម ភាគគីវៀតណាមអាចកាន់ដំណែងបន្ទាប់បន្សំ នៅក្នុងជួររដ្ឋអំណាចមូលដ្ឋាននោះ ដើម្បីជាជំនួយដល់រដ្ឋអំណាចមូលដ្ឋាននៅកម្ពុជា និងជួយសម្របសម្រួលផលប្រយោជន៍របស់ប្រជាជនទាំង២ ។ ៣-រដ្ឋបាលផ្ទៃក្នុង គឺស្ថិតនៅក្នុងរង្វង់ដៃនៃរដ្ឋបាលកម្ពុជាសុទ្ធសាធ និងត្រូវរៀបចំឡើងដោយកម្ពុជា។ នៅក្នុងខែមិថុនា ឆ្នាំ១៩៤៩ ពួកវៀតមិញ បានចេញសារចរាចរមួយទៀត ដើម្បីរំឮកដល់ចលនាតស៊ូខ្មែរថា គេ(ខ្មែរ)មិនត្រូវប្រញាប់ប្រញាល់ក្នុងការបង្កើតរណសិរ្សប្រជាជនកម្ពុជា ដាច់តែឯងនោះបានទេ ព្រោះចលនាតស៊ូរបស់កម្ពុជានៅខ្សោយណាស់ ហើយបើបង្កើតរណសិរ្សដាច់តែឯង ក៏គ្មានប្រសិទ្ធភាពអ្វីដែរ។ នៅក្នុងខែកក្កដា ឆ្នាំ១៩៤៩ សឺង ង៉ុកមិញ បានបោះទីតាំងមូលដ្ឋានតស៊ូនៅក្នុងស្រុកឈូក ខេត្តកំពត ដោយមានកងទ័ពបំពាក់អាវុធគ្រប់ដៃ ចំនួន៣០០នាក់ ក្នុងនោះក៏មាននារីផងដែរ ហើយបានកសាងម្ទីរពេទ្យមួយសម្រាប់ព្យាបាលកងទ័ពរបស់គាត់ដែលមានជំងឺ និងរងរបួស ព្រមទាំងអ្នករបួសមកពីក្រុមចលនាតស៊ូផ្សេងៗទៀត ដែលនោក្បែរៗនោះផងដែរ ។ អាចារ្យមៀន ដែលរត់គេចខ្លួនពីក្រុងភ្នំពេញ ពីឆ្នាំ១៩៤២ ហើយបានមកដឹកនាំចលនាតស៊ូប្រឆាំងនឹងបារាំង ដោយដូរឈ្មោះថា សឺង ង៉ុកមិញ នោះ ត្រូវបានមជ្ឈដ្ឋានជាច្រើនយល់ថា ការជ្រើសរើសយកឈ្មោះ សឺង ង៉ុកមិញ របស់អាចារ្យមៀន នេះ ក្នុងគោលបំណងធ្វើឱ្យប្រជារាស្ត្រខ្មែរមានការចាប់អារម្មណ៍ថា សឺង ង៉ុកមិញ និង សឺង ង៉ុកថាញ់ ដែលជាអតីតនាយករដ្ឋមន្រ្តីកាលពីឆ្នាំ១៩៤៥ ដែលត្រួវបារាំងយកទៅឃុំទុកនៅប្រទេសបារាំងនោះ គឺជាបងប្អូននឹងគ្នា ។
ក្នុងឆ្នាំ១៩៤៩នោះដែរ ពួកខ្មែរឥស្សរៈដែលគាំទ្រដោយពួកវៀតមិញ ប្រកាសខ្លួនឯងថា ពួកគេកាន់កាប់ត្រួតត្រាភូមិចំនួន៤១៨ ស្រុកចំនួន៤០ និងខេត្តចំនួន១០ ។

ចំណែក ចាន់ តារា វិញ ក៏បានប្រកាសថា គាត់មានកងទ័ពចំនួន៣៦០០នាក់ ហើយគាត់បានទិញអាវុធពីប្រទេសសៀម មកបំពាក់ឲ្យកងទ័ពគាត់ចំនួន៧កងវរសេនាតូច ។ ក្នុងនោះក៏មានកូនប្រុសគាត់ម្នាក់ឈ្មោះ ចាន់ សេរី ជាមេបញ្ជាការម្នាក់ដែរ ។ នៅក្នុងអង្គប្រជុំធំមួយ មានមនុស្សប្រមាណ៣០០០នាក់ ដោយមានគណៈបញ្ជាការកងវរសេនាតូច ១១អង្គភាព ចំនួន៥៧នាក់ចូលរួមដែរនោះ ចាន់ តារា ក៏បានប្រកាសខ្លួនឯងថា គាត់ជាអគ្គមេបញ្ជាការកងទ័ពឥស្សរៈនៅទូទាំងប្រទេស។ តែគាត់បានប្រកាសថា គាត់នឹងព្យាយាមឲ្យអស់ពីសមត្ថភាព ដើម្បីអញ្ជើញមេៗខ្មែរឥស្សរៈទាំងអស់ មកប្រជុំគ្នា ដើម្បីបង្កើតរដ្ឋាភិបាលបណ្ដោះអាសន្នមួយ ក្នុងពេលឆាប់ៗខាងមុខនេះ ហើយថាពួកវៀតមិញ នឹងគាំទ្រគំនិតផ្ដួចផ្ដើមរបស់គាត់នេះមិនខាន ។ ឆ្លើយតបនឹងការអំពាវនាវរបស់សម្ដេច សីហនុ នោះដែរ នៅក្នុងខែកុម្ភៈ ឆ្នាំ១៩៥០ សាវ៉ាង វង្ស ក៏មានបំណងចង់ត្រឡប់ចូលសង្គមជាតិវិញដែរ តែគាត់ទាមទារតំណែងចៅហ្វាយខេត្តកំពង់ស្ពឺ ជាថ្នូរនឹងការចុះចូលនោះ ដោយគាត់សំអាងថា គាត់ជាមេខ្មែរឥស្សរៈឯករាជ្យ និងធ្លាប់បានសហការជាមួយកម្លាំងអាជ្ញាធរក្នុងការបង្រ្កាបពួកវៀតមិញ ផងដែរ។ បើតាមប្រភពស៊ើបការណ៍សម្ងាត់របស់បារាំងបានឲ្យដឹងថា សាវ៉ាង វង្ស មានកងទ័ពប្រមាណ៤០០នាក់ កាន់កាប់តំបន់ប៉ែកខាងត្បូងនៃខេត្តកំពង់ស្ពឺ និងភាគខាងជើងនៃខេត្តតាកែវ ហើយគាត់ប្រឆាំងនឹងពួកវៀតមិញយ៉ាងខ្លាំងក្លា តែមិនធ្វើសកម្មភាពប្រឆាំងនឹងរាជការបារាំង-ខ្មែរទេ ប៉ុន្តែគាត់ជាមនុស្សញៀនអាភៀន ។​ នៅក្នុងខែកុម្ភៈ ឆ្នាំ១៩៥០ គណៈកម្មាធិការរំដោះជាតិខ្មែរ (KPLC) នៅខេត្តបាត់ដំបង ដែលពីមុនមានដាប ឈួន ជាមេដឹកនាំនោះ ត្រូវបានពួកវៀតមិញ អញ្ជើញស្រីឈ្មោះលាត មួន ហៅម៉ែមួន (បងចិញ្ចឹម កែវ តក់), ហុង ឈុន និង អាចារ្យ ដួង ជាតំណាងគណៈកម្មាធិការនេះ ទៅរួមប្រជុំជាមួយមេខ្មែរឥស្សរៈជាសម្ព័ន្ធមិត្តរបស់វៀតមិញ នៅខេត្តហាទៀង ប្រទេសវៀតណាមខាងត្បូង ។

ហូ ជីមិញ និងមេទ័ព យ៉ ង្វៀងយ៉ាប់
ហូ ជីមិញ និងមេទ័ព យ៉ ង្វៀងយ៉ាប់

កម្លាំងសម្ងាត់របស់បារាំង បានឲ្យដឹងថា ការរួមប្រជុំនោះ គឺដើម្បីសិក្សាពីការបង្កើតរដ្ឋាភិបាលមួយក្នុងតំបន់ដែលពួកឥស្សរៈកាន់កាប់ ។ នៅក្នុងខែកុម្ភៈនោះដែរ នៅក្នុងមហាសន្និបាតរបស់គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តឥណ្ឌូចិន ដែលមានខ្មែរ និងលាវ ចូលរួមដែរនោះ យ៉ ង្វៀងយ៉ាប់ ជាមេទ័ពកំពូលរបស់ពួកវៀតមិញ បានចាត់ទុកឆ្នាំ១៩៥០នោះ ថាជាឆ្នាំលោតផ្លោះរបស់បដិវត្តន៍នៅកម្ពុជា និងលាវ ហើយគាត់គាំទ្រដល់ការបង្កើតកងទ័ពឯករាជ្យនៅកម្ពុជា និងលាវ និងសន្យាថាជួយកងទ័ពនេះឱ្យបានរឹងមាំខ្លាំងពូកែ ដើម្បីរំដោះប្រទេសជាតិទាំង២នេះទៀតផង។ ប៉ុន្តែគាត់បានណែនាំឱ្យបំបែកការប្រមូលផ្ដុំកងទ័ពដែលនៅទីតាំងធំៗ ឲ្យទៅជាក្រុមតូចៗ ហើយឱ្យអនុវត្តយុទ្ធសាស្រ្តសង្គ្រាបឈ្លបវិញ ទើបកម្ពុជា និងលាវ ទទួលបានជោគជ័យ ។ នៅក្នុងមហាសន្និបាត ដែលមានរយៈពេល១០ថ្ងៃនៅខេត្តហាទៀងនោះដែរ សឺង ង៉ុកមិញ និងមេឥស្សរៈខ្មែរជាច្រើននាក់ទៀត បានជួបពិភាក្សាជាមួយឡេ ឌឹកថូ ដែលជាតំណាងឲ្យហូ ជីមិញ ដើម្បីរៀបចំឱ្យមានមហាសន្និបាតលើកទី១ របស់ចលនាតស៊ូខ្មែរឥស្សរៈ ផងដែរ។
ដូចការគ្រោងទុក នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៥០ មហាសន្និបាតមួយមានរយៈពេល៣ថ្ងៃ ត្រូវបានប្រារព្ធឡើងនៅជាយក្រុងកំពង់សោម ភាគនិរតី នៃប្រទេសកម្ពុជា ដោយមានតំណាងឥស្សរៈខ្មែរចំនួន២០០នាក់ ក្នុងនោះមានព្រះសង្ឃជាច្រើនអង្គ ក៏បានចូលរួមផងដែរ។
នៅថ្ងៃបញ្ចប់ មហាសន្និបាតបានសម្រេចជាឯកឆន្ទបង្កើតរណសិរ្សឯកភាពឥស្សរៈ (UIF)មួយ ដឹកនាំដោយគណៈកម្មាធិការប្រតិបត្តិមជ្ឈិម ដោយមាន សឺង ង៉ុកមិញ ជាប្រធាន, ចាន់ សម័យ ជាអនុប្រធាន, ស៊ីវ ហេង ជាលេខាធិការ និងមានមេបញ្ជាការកងទ័ពចំនួន៧នាក់ រួមមាន៖ចាន់់ តារា , មាស វង្ស , មាស វណ្ណៈ , ចូវ យីន , ញ៉ែម ស៊ុន , សុខ សាផាយ និង ងិន ហោ ដែលសុទ្ធតែជាមេបញ្ជាសំខាន់ៗរបស់ពួកឥស្សរៈខ្មែរ-វៀតមិញ។ ឯសមាជិកគណៈកម្មាធិការប្រតិបត្តិមជ្ឈិម រួមមាន៖ កែវ មុនី , ណី សារ៉ាន់ និងតំណាងអ្នកតស៊ូប្រចាំក្រុងភ្នំពេញម្នាក់ទៀត អាចជាកែវ មាស ។

ឡេ ដឹកថូ
ឡេ ដឹកថូ

ក្នុងចំណោមសមាសភាពមេដឹកនាំរណសិរ្សឯកភាពឥស្សរៈ (UIF) ១៥នាក់ មាន៥នាក់ជាសមាជិកបក្សកុម្មុយនិស្តឥណ្ឌូចិន(CIP) ក្នុងនោះ ណី សាវ៉ាន់ ទើបតែបានចូលជាសមាជិកបក្សកុម្មុយនិស្តឥណ្ឌូចិន នៅដើមឆ្នាំ១៩៥០ ។ សមាសភាពសមាជិកបក្សកុម្មុយនិស្តឥណ្ឌូចិន មិនមែនមានតែក្នុងរណសិរ្សឯកភាពឥស្សរៈ(UIF) ដែលទើបតែបង្កើតថ្មីនេះទេ គឺនៅក្នុងជួរគណៈកម្មាធិការរំដោះជាតិខ្មែរ(KNLC) ដែលនៅភាគពាយ័ព្យប្រទេស ក៏មានដែរ ដូចជា៖ ម៉ី ផូ និង ហុង ឈុន ជាដើម។ ជាមួយគ្នានេះ រណសិរ្សឯកភាពឥស្សរៈ ក៏បានបង្កើតគណៈកម្មាធិការមួយទៀតហៅថា គណៈកម្មាធិការមជ្ឈិមរំដោះប្រជាជន ដែលមានសឺង ង៉ុកមិញ ជាប្រធាន និងមានអនុប្រធាន ៣នាក់ទៀត គឺចាន់ សម័យ ជាអនុប្រធាន ទទួលបន្ទុកជាប្រធានគណៈកម្មាធិការរំដោះប្រជាជននៅភូមិភាគនិរតី , ស៊ីវ ហេង ជាអនុប្រធាន ទទួលបន្ទុកជាប្រធានគណៈកម្មាធិការរំដោះប្រជាជននៅភូមិភាគពាយ័ព្យ និងជាប្រធានរណសិរ្សឯកភាពឥស្សរៈ(UIF) នៅភូមិភាគពាយ័ព្យ និង ទូ សាមុត ជាអនុប្រធាន ទទួលបន្ទុកជាអនុប្រធានគណៈកម្មាធិការរំដោះប្រជាជននៅភូមិភាគបូព៌ា ។ ការរៀបចំរចនាសម្ព័ន្ធដឹកនាំនេះ ជាការចម្លែកដែរ ព្រោះកែវ មុនី ដែលត្រូវបានតែងតាំងជាប្រធានគណៈកម្មាធិការរំដោះប្រជាជននៅភូមិភាគបូព៌ាមិនមានឈ្មោះជាអនុប្រធានគណៈកម្មាធិការមជ្ឈិមរំដោះប្រជាជនទេ បែរជាតែងតាំងទូ សាមុត អនុប្រានគណៈកម្មាធិការមជ្ឈិមរំដោះប្រជាជន ឱ្យទទួលបន្ទុកជាអនុប្រធានគណៈកម្មាធិការរំដោះប្រជាជននៅភូមិភាគបូព៌ា ទៅវិញ។ ចំណែកសឺន ភួករតនា ដែលបានរត់ចេញពីជួរកងទ័ពបារាំង ទៅប្រទេសសៀម កាលពីខែមិថុនា ឆ្នាំ១៩៤៩នោះ ត្រូវបានតែងតាំងជា ប្រធានមន្ទីរគណៈកម្មាធិការមជ្ឈិមរំដោះប្រជាជន ហើយ នង សួន ទៅពីភូមិភាគនិរតី ក៏បានក្លាយទៅជាកម្មាភិបាលជាន់ខ្ពស់ម្នាក់នៅមន្ទីរគណៈកម្មាធិការមជ្ឈិមរំដោះប្រជាជន នោះដែរ៕
(វាយអត្ថបទដោយ៖ កញ្ញា កៅ សុផានីត)