ខេត្តសៀមរាប ៖ នារីវ័យក្មេងម្នាក់ពាក់ព័ន្ធករណីលួចលុយ និងគ្រឿងអលង្ការ ត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌក្រុងសៀមរាប ចាប់ខ្លួនកាលពីវេលាម៉ោង៨ និង៣០នាទីព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅក្នុង ភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ។

ជនសង្ស័យឈ្មោះ ទ្រី រ៉ូមីហ្សឺ ហៅ ធី (នីតា) ភេទស្រី អាយុ១៨ឆ្នាំ ជាជនជាតិខ្មែរអ៊ិស្លាម មានទីលំនៅបច្ចុប្បន្ន ក្នុងភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ។ ចំណែកឯជនរងគ្រោះឈ្មោះ សំ ស្រីដែន ហៅ (ហ្វាស៊ីរ៉ា) ភេទស្រី អាយុ២៨ឆ្នាំ ជាជនជាតិខ្មែរអ៊ិស្លាម មុខរបរ បុគ្គលិកផ្សារទំនើប មានទីលំនៅ ភូមិសង្កាត់កើតហេតុខាងលើ។

មុនពេលកើតហេតុ ជនរងគ្រោះបានចេញទៅខាងក្រៅផ្ទះមួយភ្លែត ស្រាប់តែជនសង្ស័យលួចចូលទៅក្នុងបន្ទប់គេងរបស់ជនរងគ្រោះ លួចយកទ្រព្យសម្បត្តិមួយចំនួន រួចបម្រុងដើរចេញមកក្រៅដើម្បីគេចខ្លួន តែត្រូវបានឪពុករបស់ជនរងគ្រោះ ឃើញទាន់ ក៏ឃាត់ខ្លួនជនសង្ស័យបានភ្លាមៗយកមកប្រគល់ឲ្យសមត្ថកិច្ចតែម្តង។

តាមរបាយការណ៍របស់មន្ត្រីនគរបាលក្រុងសៀមរាប បានឲ្យដឹងថា លុយ និងគ្រឿងអលង្ការ ដែលជនសង្ស័យលួចបាន រួមមាន៖ កងដៃឈុតធ្វើអំពីប្លាទីន ចំនួនដប់កង ដែលមានតម្លៃទឹកប្រាក់ចំនួន ៧០០ដុល្លារ, ខ្សែដៃមួយខ្សែ ប្រភេទច្រវ៉ាក់ឆាប ធ្វើអំពីប្លាទីនចំនួនមួយខ្សែ មានទម្ងន់ ៥ជី តម្លៃ ៥០០ដុល្លារ , ចិញ្ចៀនម៉ូតផ្កាច័ន្ទត្បូងពណ៌ស ធ្វើអំពីប្លាទីន ចំនួនមួយវង់ មានតម្លៃ៧០ដុល្លារ, ទូរស័ព្ទ ipad ចំនួន១គ្រឿង ពណ៌មាស មានតម្លៃ ៥២០ដុល្លារ, ប្រាក់ដុល្លារចំនួន ៤០ដុល្លារ, ប្រាក់បាតថៃចំនួន ២០០បាត និងប្រាក់ខ្មែរចំនួន ១៨០០,០០០រៀល, ។ ជនសង្ស័យ ត្រូវបានសមត្ចកិច្ចនគរបាលជំនាញ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការតាមច្បាប់ ៕