ភ្នំពេញ ៖ ថ្លែងក្នុងពិធីសំណេះសំណាលជាមួយក្រុមមេធាវីរាជរដ្ឋាភិបាលកម្ពុជា និងក្រុមមេធាវីសម្តេចតេជោ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា សម្ដេចនឹងអញ្ជើញជាអធិបតីក្នុងពិធីចាក់បេតុងតភ្ជាប់មុខតំណស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ គ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ ២០២០ ខាងមុខនេះ។

ស្ពានមិត្តភាពកម្ពុជា-ចិន ស្ថិតនៅត្រង់ចំណុចភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ឆ្លងកាត់ទន្លេមេគង្គទៅត្រើយខាងកើត ស្ថិតនៅភូមិក្តុលលើ ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ជាស្ពានឆ្លងកាត់ទន្លេមេគង្គថ្មីមួយទៀតតភ្ជាប់ទឹកដីនៃខេត្តកំពង់ចាម ទៅកាន់ទឹកដីនៃខេត្តត្បូងឃ្មុំ បានបើកការដ្ឋានកាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧ ។

ស្ពាននេះមានប្រវែងសរុប ១.១៣១ម៉ែត្រ និងទទឹង១៣,៥០ម៉ែត្រ ជាប្រភេទស្ពានបេតុងអាម៉េ ប្រើរយៈពេលសាងសង់ចំនួន៤២ខែ គិតត្រឹមថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ ស្ពាននេះសម្រេចបាន៩៦,៤% និងគ្រោងបញ្ចប់នៅដើមឆ្នាំ២០២១ ខាងមុខ៕