ភ្នំពេញ ៖ ដោយសារតែអំណាចស្រា បុរសម្នាក់បង្កបញ្ហាហិង្សាក្នុងគ្រួសារមិនចេះចប់ ធ្លាប់ទាំងសមត្ថកិច្ចឃាត់ខ្លួននាំយកទៅអប់រំ ធ្លាប់ទាំងជាប់ពន្ធនាគារ ពេលចេញមកវិញ បង្កជម្លោះវាយប្រពន្ធ និងចាប់បង្ខាំងកូនស្រី ផ្អើលដល់សមត្ថកិច្ចទៅរំដោះចេញទាំងយប់។ លុះដល់ព្រឹក ក៏ផ្ទុះរឿងបន្តទៀត។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅតាមផ្លូវបេតុង ក្នុងភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។

បុរសចូលចិត្តបង្កបញ្ហាហិង្សាក្នុងគ្រួសារ ឈ្មោះ តាំង ស៊ុយហេង អាយុ៤០ឆ្នាំ មុខរបររត់ម៉ូតូកង់បី និងជាមនុស្សប្រើប្រាស់ថ្នាំញៀន ផឹកស្រា រស់នៅផ្ទះកើតហេតុខាងលើ មានស្រុកកំណើតនៅខេត្តកណ្តាល ។ ចំណែកស្រ្តីជាប្រពន្ធ ឈ្មោះសុខ វណ្ណេត អាយុ៤០ឆ្នាំ មុខរបរកម្មការិនីរោងចក្រ រស់នៅផ្ទះកើតហេតុ មានស្រុកកំណើត នៅខេត្តកណ្តាល ដែរ ។ គ្រួសារខាងលើ រៀបការនឹងគ្នាអស់រយៈពេលជាង២០ឆ្នាំមកហើយ មានកូន២នាក់ ប្រុស១នាក់ អាយុ១២ឆ្នាំ កូនស្រី១នាក់ អាយុ១៧ឆ្នាំ។

ស្រ្តីជាប្រពន្ធបានឲ្យដឹងថា ជាញឹកញាប់ ប្តីរបស់គាត់តែងតែបង្កើតឱ្យមានហិង្សាក្នុងគ្រួសារ វាយប្រពន្ធ វាយកូន វាយបំផ្លាញរបស់ទ្រព្យក្នុងផ្ទះ ហើយត្រូវសមត្ថកិច្ចហៅទៅអប់រំជាច្រើនលើក តែមិនរាងចាលសោះ ។ កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ ប្តីរបស់គាត់បានចាប់គាត់បោកផ្ទប់នឹងជញ្ជាំងដូចកូនកង្កែប និងវាយកូនស្រីបណ្តាលឲ្យរងរបួស ហើយគាត់បានប្តឹងសមត្ថកិច្ចឱ្យចាប់ខ្លួន កសាងសំណុំរឿង រហូតដល់តុលាកាឃុំខ្លួនជាប់នៅពន្ធនាគារព្រៃស។ លុះចេញមកវិញ មិនកែប្រែ គាត់ក៏សុំឲ្យផ្តិតមេដៃលេងលះគ្នា តែនៅមិនដាច់ស្រេច ។

លុះមកដល់យប់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ប្ដីរូបនេះបានចាប់បង្ខាំងកូនស្រីក្រមុំបិទទ្វារជិត ដេញប្រពន្ធ កូនប្រុសចេញ បង្កឲ្យផ្អើលដល់សមត្ថកិច្ចចុះទៅជួយរំដោះចេញពីផ្ទះវិញ។ រហូតដល់វេលាម៉ោង១១ព្រឹក ថ្ងៃទី២៥ ខែវិច្ឆិកានេះ ក៏ផ្ទុះរឿងបន្តម្ដងទៀត។

ក្រោយពេលផ្ទុះរឿងបន្តម្ដងទៀត កម្លាំងសមត្ថកិច្ច និងអាជ្ញាធរ បានទៅសម្របសម្រួលហៅឲ្យបុរសកំណាចបើកទ្វារចេញមកនិយាយគ្នា រកដំណោះស្រាយដោយសន្តិវិធីនៅតុលាការ ៕